​សៀមរាប: នៅពេល​ព្រលឹម​ស្រាងៗ​ទេសចរ​បរទេស​បាន​ប្រមូលផ្តុំ​គ្នា​នៅ​ប្រាង្គ​បុរាណ​នៃ​ប្រាសាទអង្គរវត្ត​របស់​ប្រទេស​កម្ពុជា នា​វេលា​ដែល​ភ្ញៀវ​មួយចំនួន​មានសំណាង​បាន​ទស្សនា​តំបន់​បេតិកភណ្ឌ​ពិភពលោក​ក្នុង​សភាព​ពុំ​សូវ​អ៊ូអរ ខណៈដែល​ប្រទេស​នេះ​កំពុង​ងើប​ពី​វិបត្ដិ​កូ​វីដ ​១៩​។​

​ពន្លឺ​ក្តីសង្ឃឹម​ខ្ពស់​ជាមួយ​បរិវេណ​ប្រាង្គ​ប្រាសាទ ដែល​ទើប​ជួសជុល​​កែលម្អ​យ៉ាង​ស្រស់ស្អាត​នឹង​ក្លាយជា​ភាព​ទាក់ទាញ​ក្នុងការ​ស្តារ​វិស័យ​​ទេសចរណ៍​ឡើងវិញ​ បន្ទាប់ពី​ប្រទេស​អាស៊ីអាគ្នេយ៍​មួយ​នេះ​បានចាប់ផ្តើម​ស្វាគមន៍​ភ្ញៀវទេសចរ​ឡើងវិញ​ កាលពី​ខែវិច្ឆិកា​ឆ្នាំមុន​។​

​ភ្ញៀវ​បរទេស​មួយចំនួន​កំពុងធ្វើដំណើរ​ទៅកាន់​ទីឋាន​ដ៏​ពិសិដ្ឋ​នេះ​ម្តងទៀត ​ដោយ​មនុស្ស​ជាច្រើន​ចាត់ទុក​វេលា​នេះ​ថា ​ជា​ឱកាស​ពិសេស​មួយ​។​

​ទេសចរ​បែលហ្ស៊ិក Marjan Colombie បាន​ប្រាប់ AFP ថា​៖ «​ខ្ញុំ​គិតថា​ វា​ជា​បទពិសោធ​ ១​ ក្នុង ​១ ​ជីវិត​ដែល​ពិតជា​បានឃើញ​ទីឋាន​បេតិកភណ្ឌ​ក្នុង​សភាព​ភ្ញៀវទេសចរ​តិចតួច​បែប​នេះ​។ វា​ខុសគ្នា​ណាស់​»​។​

​អ្នកនាង​បាន​និយាយថា នៅពេល​មក​ទស្សនា​ប្រាសាទបុរាណ​សតវត្សរ៍​ទី​១២ ​កន្លងមក អ្នកស្រី​ត្រូវ​បង្ខំ​ចិ​ត្ដ​ដើរ​ចោមរោម​ជាមួយ​អ្នកដទៃ​ហើយ​ស៊ូទ្រាំ​នឹង​ការតម្រង់​ជួរ​ដ៏​វែងឆ្ងាយ​។​

​ថ្វីដ្បិតតែ​ខាតបង់​សេដ្ឋកិច្ច​ដ៏​ច្រើន​សម្រាប់​ប្រទេស​កម្ពុជា ​ក៏ដោយ ក៏​ជំងឺ​រាតត្បាត​ជា​វេលា​ដ៏​ល្អ​សម្រាប់​ការជួសជុល និង​ការងារ​អភិរក្ស​នៅ​តំបន់​ប្រាសាទអង្គរវត្ត​។​

​ទីភ្នាក់ងារ​រដ្ឋាភិបាល​ដែល​គ្រប់គ្រង​តំបន់​បេតិកភណ្ឌ​យូណេស្កូ​បានឱ្យដឹងថា ការបិទ​នេះ​អនុញ្ញាត​ឱ្យមាន​ពេល​​វេលា និង​ទីកន្លែង​បន្ថែម​សម្រាប់​ការងារ​ជួសជុល ថែទាំ និង​ថែ​សួន​។​

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​ថ្លែងថា​៖ «​ប្រាសាទបុរាណ​របស់​យើង​ក៏​អាច​សម្រាក​ដែរ​»​។​

​កម្មករ​បាន​ជួសជុល​ផ្នែក​ដែល​បាក់ និង​ដំឡើង​ប្រព័ន្ធ​ទឹក​ដើម្បី​រក្សា​ស្មៅ​ឱ្យមាន​ពណ៌​បៃតង​នៅ​រដូវប្រាំង​។

​ធុរកិច្ច​ក្នុងស្រុក​ក្នុង​ខេត្តសៀមរាប​ពេលនេះ​ មានការ​កើនឡើង​តិចតួច​នៃ​ការ​កក់​បន្ទាប់ពី​កូ​វីដ ​១៩ បាន​បំផ្លាញ​វិស័យ​ទេសចរណ៍​។​

កិច្ចការ​ថែទាំសួន និង​ការ​ដំឡើង​ប្រព័ន្ធ​ទឹកជួយ​រក្សា​ស្មៅ​ឱ្យ​មាន​ពណ៌បៃតងនៅរដូវប្រាំង​​។ រូបថត AFP

​លោក ជា សុខុន អ្នកគ្រប់គ្រង​ទូទៅ​នៃ​សា​រ៉ា​យ​រី​សត និង​ស្ប៉ា ដែល​បាន​បិទ​កាលពី​ខែមេសា​ ឆ្នាំ ​២០២០ និង​បាន​កាត់​បុគ្គលិក​ចំនួន​ ១០០ ​នាក់ ​កំពុង​ជ្រើសរើស​បុគ្គលិក ខណៈដែល​អ្នកទេសចរ​បរទេស​ត្រឡប់មកវិញ​។​

​លោក​បាន​និយាយ​ដោយ​ដាក់ចេញ​នូវ​បញ្ហា​ប្រឈម​ដែល​លោក​ជួបប្រទះ​ថា​៖ «​វា​ហាក់ដូចជា​យើង​កំពុង​ចាប់ផ្តើម​ពី​ចំណុចសូន្យ​ឡើងវិញ​»​។​

​អ្នកជំនួញ​ដែល​ស្ថិតក្នុង​ក្រុមប្រឹក្សា​ទេសចរណ៍​ប្រចាំខេត្ត​សៀមរាប​រូបនេះ​បាន​បន្ដថា សណ្ឋាគារ​ប្រហែល​ ២០​ ភាគរយ​ក្នុង​ទីក្រុង​បាន​បើក​វិញ​នៅ​ឆ្នាំនេះ ហើយ​ប្រហែល ៣០ ​ភាគរយ​កំពុង​រៀបចំ​ស្វាគមន៍​ភ្ញៀវ​។​

​ប៉ុន្តែ​លោក​បាន​ព្រមាន​ថា វា​នឹងត្រូវ​ចំណាយពេល​យ៉ាងហោចណាស់​ ១​ ឆ្នាំ​ទៀត​សម្រាប់​ការស្ដារ និង​ការ​ងើបឡើង​ពេញលេញ​។​

​មគ្គុទ្ទេសក៍​ក្នុងស្រុក​លោក ម៉េ​ត សា​វុត្ថា ដែល​បាន​វិល​មកកាន់​អាជីព​ការងារ​វិញ​ក្រោយ​ចំណាយពេល​ ២​ ឆ្នាំ​ បង្រៀន​ភាសា​អង់គ្លេស​តាម​អ៊ីន​ធឺ​ណិ​ត​ ដើម្បី​ផ្គត់ផ្គង់​គ្រួសារបាន​និយាយថា​៖ «​មគ្គុទ្ទេសក៍​ទេសចរណ៍​របស់​យើង​មានសង្ឃឹម​ម្តងទៀត​»​។​

​ការបិទ​ព្រំដែន​និង​ការ​រឹតបន្តឹង​ការធ្វើដំណើរ​បានធ្វើឱ្យ​ប្រាក់​ចំណូល​របស់​កម្ពុជា​ពី​វិស័យ​ទេសចរណ៍​ធ្លាក់​ចុះមក​ត្រឹមតែ​ ១៨៤ ​លាន​ដុល្លារ ​កាលពី​ឆ្នាំមុន​ជា​ចំនួន​ចុះ​ខ្លាំង​ពី​ជិត ​៥ ​ពាន់​លាន​ដុល្លារ​ ក្នុង​ឆ្នាំ ​២០១៩​។​

មគ្គុទេ្ទសក៍ទេសចរណ៍​និយាយ​ទៅ​កាន់​ភ្ញៀវ​នៅ​ប្រាសាទអង្គរវត្ត កាលពីថ្ងៃទី ៨ ខែមេសា​។ រូបថត AFP

​ភ្ញៀវទេសចរ​បរទេស​បាន​ធ្លាក់ចុះ​មកក្រោម​ ២០​ ម៉ឺន​នាក់​នៅក្នុង​ឆ្នាំ ២០២១ ពី​ប្រហែល ​៦,៦ ​លាន​នាក់ ​មុន​ការ​រាតត្បាត​។ ប៉ុន្តែ​ការចាក់​វ៉ាក់សាំង​ដ៏​ទូលំទូលាយ និង​ការ​ថយ​​ចុះ​នៃ​ករណី​ឆ្លង​វីរុស​បានធ្វើឱ្យ​រដ្ឋា​ភិ​បាល​រាជធានី​ភ្នំពេញ​អាច​បន្ត​ការ​​ចេញ​ទិដ្ឋាការ​នៅពេល​មកដល់​។​

​ឥឡូវនេះ​ចំនួន​ភ្ញៀវទេសចរ​កំពុង​កើនឡើង​យឺតៗ​សាជាថ្មី ប៉ុន្តែ​ដំណើរ​វិវឌ្ឍន៍​គឺជា​ផ្លូវ​ដ៏​វែងឆ្ងាយ​សម្រាប់​តួលេខ​មុន​វិបត្តិ​កូ​វីដ​សកល​។​

​មន្ត្រី​រំពឹងថា​ នឹងមាន​ភ្ញៀវ​អន្តរជាតិ​ចំនួន ​៧០ ​ម៉ឺន​នាក់​នៅ​ឆ្នាំនេះ ដែល​ជំរុញ​ដោយ​ជើងហោះហើរ​ប្រចាំថ្ងៃ​ថ្មី​ទៅកាន់​ខេត្តសៀមរាប​ពី​សិង្ហ​បុរី​។​

​សម្រាប់​ភ្ញៀវទេសចរ​ជនជាតិ​អាល្លឺម៉ង់ ហាន់​ណា ដែល​បានមក​ទស្សនា​ប្រទេស​កម្ពុជា ​ជា​លើកដំបូង​ក្នុង​ខែ​នេះ ថ្លែងថា ការជួសជុល​ប្រាសាទអង្គរវត្ត និង​ភ្ញៀវ​ពុំ​សូវ​អ៊ូអរ គឺជា​បទពិសោធ «​ដ៏​លើសលប់​»​។​

​អ្នកស្រី​បាន​ប្រាប់ AFP នៅពេល​ព្រះអាទិត្យ​រះ​លើ​សំណង់​ប្រវត្តិសាស្ត្រ​ថា​៖ «​វា​ពិតជា​ស្រស់ស្អាត​ និង​គួរឱ្យភ្ញាក់ផ្អើល​។ វា​គ្រាន់តែ​ជា​បទពិសោធ​ដ៏​ពិសេស​មួយ​»៕ AFP/HR