​ក្រុងឡាអេ: ប្រទេស​ហូ​ឡង់ កាលពី​សប្ដាហ៍​មុន ទើបតែ​បើក​ដំណើរការ​ឧបករណ៍​រាយការណ៍​តាម​អ៊ី​ន​ធឺ​ណិ​ត​ថ្មី​មួយ ​ដើម្បី​ការពារ​អ្នករកស៊ី​ផ្លូវភេទ​ពី​អតិថិជន​ដ៏​គ្រោះថ្នាក់ ក្នុង​ចលនា​ដែល​គាំទ្រ​ដោយ​ក្រសួងយុត្តិធម៌​របស់​ប្រទេស​នេះ ដើម្បី​កែលម្អ​សុវត្ថិភាព​នៅក្នុង​ឧស្សាហកម្ម​ភ្លើង​ក្រហម​។​

«Ugly Mugs NL» គឺជា​ប្លែ​ត​ហ្វ​ម​អន​ឡាញ​មួយ​បង្កើតឡើង​ដោយ​មូលនិធិ​របស់​ប្រទេស​ហូ​ឡង់ ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កាមរោគ និង​ជំងឺអេដស៍ (SOA AIDS) និង​សហភាព​អ្នករកស៊ី​ផ្លូវភេទ​ហូ​ឡង់​។​

​គេហទំព័រ Ugly Mugs NL បានឱ្យដឹងថា​៖ «​នៅលើ​ប្លែ​ត​ហ្វ​ម​នេះ​អ្នក​​រកស៊ី​ផ្លូវភេទ​អាច​ប្រាប់​គ្នា​ទៅវិញទៅមក​អំពី​ភ្ញៀវ​កាច និង​គ្រោះថ្នាក់​»​។​

​គេហទំព័រ​បាន​បន្ដថា​៖ «​ក្នុងនាម​ជា​អ្នករកស៊ី​ផ្លូវភេទ អ្នក​អាច​ប្រើ​ប្លែ​ត​ហ្វ​ម​នេះ ​ដើម្បី​ពិនិត្យមើល​អតិថិជន​ថ្មី​។ ​អ្នក​ក៏​អាច​ទទួលបាន​ការជូន​ដំណឹង​នៅពេលដែល​អតិថិជន​ដ៏​គ្រោះថ្នាក់​កំពុងស្ថិត​នៅក្នុង​តំបន់់​អ្នកផង​ដែរ​»​។​

​គេហទំព័រ​នេះ​ក៏​អាចជួយ​អ្នករកស៊ី​ផ្លូវភេទ​ឱ្យ​រាយការណ៍​អំពី​ការរំលោភបំពាន​ដល់​ប៉ូលិស​ថែមទៀត​។

អ្នក​​រកស៊ីផ្លូវភេទ​ស្របច្បាប់នៅប្រទេសហូឡង់​ឈរ​ក្នុង​​បន្ទប់ក្រហម។ រូបថត AFP

​ការស្រាវជ្រាវ​ដោយ SOA AIDS និង PROUD ជា​អង្គការ​ធំជាងគេ​តំណាងឱ្យ​អ្នករកស៊ី​ផ្លូវភេទ​បានបង្ហាញ​ថា ៩៧​ ភាគរយ​នៃ​អ្នករកស៊ី​ផ្លូវភេទ​ទាំងអស់​នៅ​ប្រទេស​ហូ​ឡង់​ បាន​ជួបប្រទះ​នឹង​អំពើហិង្សា​។​

​របាយការណ៍​ ៤៩​ ទំព័រ ដែល​បានចេញ​ផ្សាយ​នៅក្នុង​ឆ្នាំ ​២០១៨​ បាន​បង្ហាញថា ៧៨​ ភាគរយ​បាន​រង​នូវ​អំពើហិង្សា​ផ្លូវភេទ ៦០ ​ភាគរយ​នៃ​អំពើហិង្សា​លើ​រាងកាយ និង ​៥៨ ​ភាគរយ អំពើហិង្សា​ផ្នែក​ហិរញ្ញវត្ថុ​នៅពេលដែល​អតិថិជន​លួច​លុយ​របស់​ពួកគេ ឬ​បដិសេធ​មិន​បង់ប្រាក់់​សេវាកម្ម​។​

​ការសិក្សា​ដែលមាន​អ្នករកស៊ី​ផ្លូវភេទ​ជាង​ ៣០០ ​នាក់ ​បាន​ចូលរួម និង​ត្រូវ​បានផ្តល់​មូលនិធិ​ដោយ​ក្រសួងយុត្តិធម៌​ហូ​ឡង់បានឱ្យដឹងថា​៖ «​ជន​​ល្មើស​នៃ​អំពើហិង្សា​លើ​អ្នករកស៊ី​ផ្លូវ​​ភេទ ​គឺជា​អតិថិជន ដែល​បង្ក​ជា​អំពើហិង្សា​គ្រប់​ទម្រង់​»​។​

​ប្រទេស​ហូ​ឡង់ ​បានធ្វើឱ្យ​ពេស្យា​កម្ម​ស្របច្បាប់​ក្នុង​ឆ្នាំ ​២០០០ ហើយ​អ្នករកស៊ី​ផ្លូវភេទ​ត្រូវ​ចុះឈ្មោះ​ជាមួយ​សភាពាណិជ្ជកម្ម​ក្នុង​តំបន់ និង​បង់​​ពន្ធ​លើ​ប្រាក់ចំណូល​។​

​សង្កាត់​ភ្លើង​ក្រហម​របស់​ទីក្រុង​អាំ​ស្ទែ​៊​រ​ដាំ ដែល​ភាសា​ហូ​ឡង់​ហៅថា «De Wallen» គឺជា​តំបន់​ទេសចរណ៍​ដ៏​សំខាន់​មួយ​របស់​ប្រទេស​សម្បូរ​ផ្លូវទឹក​មួយ​នេះ​៕ AFP/HR