ភ្នំពេញ: អង្គុយ​ក្នុង​បរិវេណ​បន្ទប់​ស្ទើរតែ​រើខ្លួន​មិន​រួច ដៃ​ទាំង​គូ​កំពុង​មមាញឹក​ផ្ចង់​ចុង​ម្ជុ​រ​ចាក់​ប្រទាក់ក្រឡា​បង្កើតជា​រូបរាង​តុក្កតា​តូចៗ អ្នកស្រី សុខ ញ៉ី មានការ​សប្បាយរីករាយ ដែល​ទទួល​ការ​កុម្ម៉ង់​ផលិត​តុក្កតា​ក្រពើ​ចំនួន ១០ សម្រាប់​អតិថិជន​។

​ស្ថិតនៅលើ​ផ្ទះល្វែង​ជាន់​ទី៣ ក្នុង​សង្កាត់​បឹង​កេង​កេង​ទី២ ម្ដុំ​អតីត​រោងកុន​គិរី​រម្យ​ស្ដ្រី​វ័យ ៥៦ ​ឆ្នាំ​រូបនេះ ពឹង​អាស្រ័យ​លើ​មុខរបរ​ដេរ​សម្ភារ​ផ្សេងៗ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​ជាមួយ​ការខិតខំ​ប្រវេប្រវា​ឱ្យ​កូនស្រី​ទាំង​ ២​ មើលឃើញ​ពន្លឺជីវិត​នាពេល​អនាគត​។

​អ្នកស្រី សុខ ញ៉ី បាន​ប្រាប់ ភ្នំពេញ ​ប៉ុស្ដិ៍ នៅក្នុង​ផ្ទះ​ដំបូល​លិច​ធ្លុះធ្លាយថា​៖ «​បន្ទុកគ្រួសារ​នៅលើ​ខ្ញុំ​ទាំងអស់​។ បើ​ខ្ញុំ​មិន​ធ្វើ ដោយ​ចាញ់​នឹង​ស្ថានភាព​សុខភាព​ទ្រុឌទ្រោម​ខ្ញុំ​ប្រាកដជា​អត់​អង្ករ​ដាំបាយ​មិន​ខាន​»​។

​អ្នកស្រី ញ៉ី ដែល​ត្រូវរ​ត់ទៅ​ជ្រក​ផ្ទះ​អ្នកជិតខាង​ពេល​មាន​ភ្លៀង​ធ្លាក់​ម្ដងៗ​បាន​រំឭក​គុណ​អ្នកស្រី កា​ណា​រី ឱ្យ​ខ្លួន​​បាន​ក្លាយជា​សមាជិក​ម្នា​ក់​ផង​នោះបាន​ឱ្យដឹងថា កូនស្រី​ទាំង​ ២ ​ដែល​ម្នាក់​កំពុង​រៀន​ពេទ្យ និង​ម្នាក់ទៀត​ជា​អ្នកបកប្រែ​ភាសា​អង់គ្លេស​មានចំណេះ​​ដឹង និង​មាន​ការងារ​ធ្វើ​ដោយសារតែ​ការជួយជ្រោមជ្រែង​ពី​ស្ថាបនិក​ក្រុមគាំទ្រ​ស្ដ្រី​កម្ពុជា​ (CWSG)​។

​ក្រុមគាំទ្រ​ស្ដ្រី​កម្ពុជា ដែល​ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ​២០១៥ ដោយ​អ្នកស្រី គី កា​ណា​រី គឺជា​អាជីវកម្ម​កាត់​​ដេរ​សង្គម​តូច​មួយ ដែល​ចាប់យក​របរ​ដេរ​សម្ភារ​ប្រើប្រាស់ វត្ថុ​អនុស្សាវរីយ៍ និង​តុក្កតា​ក្មេង​លេង​សម្រាប់​ទ្រទ្រង់​ជីវភាព​របស់ខ្លួន​។

​ក្រុម​ស្ដ្រី​នេះ ដែលមាន​សមាជិក​ ១៥​ នាក់ រស់នៅក្នុង​តំបន់​ផ្សេងៗ​នៃ​រាជធានី​ភ្នំពេញ ត្រូវបាន​ចងក្រង​ឡើង​ដើម្បី​ផ្ដល់​អំណាច​ស្វ័យភាព​ក្នុងការ​​ផ្គត់ផ្គង់​ជីវភាព​ខ្លួនឯង​។

​អ្នកស្រី កា​ណា​រី បាន​ប្រាប់ ភ្នំពេញ​ ប៉ុស្ដិ៍ថា​៖ «​វា​មិន​ត្រឹមតែ​ជាការ​សម្រួល​ដល់​ពួកគេ​ឱ្យ​សមាហរណកម្ម​សង្គម​ឡើងវិញ​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​វា​ថែមទាំង​ផ្ដល់នូវ​បរិយាកាស​ដែល​ក្រុម​ស្ដ្រី​អាច​ចែករំលែក​បទពិសោធ មហិច្ឆតា​ក្ដី​សុបិន និង​ក្ដីកង្វល់ ដើម្បី​លើកកម្ពស់​ភាពថ្លៃថ្នូរ​ជំនឿ​ចិ​ត្ដ​និង​ក្ដីសង្ឃឹម​»​។​

​ស្ដ្រី​ដែល​ស្ថិតក្នុង​ក្រុម CWSG មាន​ប្រភព​ចេញ​មកពី​អ្នកទទួល​ការបណ្ដុះ​​បណ្ដាល​ជំនាញ​នៅ​អង្គការ​នី​ញ៉េ​ម៉ូ​កម្ពុជា (Nyemo Cambodia) ដែល​ផ្ដោតលើ​ការបង្រៀន​សិល្បៈ​នៃ​ការ​ដេរ និង​សិប្បកម្ម​ដើម្បី​ទទួលបាន​ការងារក៏ដូចជា​ការបង្រៀន​បំ​ណិ​ន​ជីវិត​។

​អ្នកស្រី កា​ណា​រី បានឱ្យដឹងថា កម្មវិធី​អង្គការ​នី​ញ៉េ​ម៉ូ មើលឃើញថា ក្រុម​ស្ដ្រី​ទាំងនេះ​ជា​ជន​ស្ថិតក្នុង​ស្ថានភាព​ងាយ​រងគ្រោះ រួមទាំងអ្នករស់នៅ​ជាមួយ​វិបត្ដិ​សុខភាព ដូចជា អ្នក​ផ្ទុក​វីរុស​ហ៊ី​វ ឬ​ជំងឺអេដស៍ អ្នក​អវិជ្ជា បរិស្ថាន​ផ្ទះ​មិនមាន​សុវត្ថិភាព និង​ការបែកបាក់​គ្រួសារ​។

​អ្នកស្រី ញ៉ី បាន​រំឭកថា​៖ «​កាល​ជំនាន់​អង្គការ​នី​ញ៉េ​ម៉ូ​ត្រូវបាន​រំសាយ ស្ដ្រី​ក្នុង​សមាជិក​អង្គការ​នេះ អស់​ការ​​ងារ​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​។ ​ខ្ញុំ​រសាត់អណ្ដែត​ទៅ​ស៊ីឈ្នួល​ជូត​ផ្ទះ និង​បោក​ខោអាវ ទម្រាំ​ត្រូវបាន​ស្ថាបនិក​ក្រុម​ស្ដ្រី CWSG បាន​ប្រមូល​អតីត​ក្រុម​ស្ដ្រី​ខ្វះខាត​ចងក្រង​ជា​ក្រុម CWSG»​។

អ្នកស្រី គី កាណារី បាន​បង្កើត​​ក្រុមគាំទ្រ​ស្ត្រីកម្ពុជា​​​ក្នុង​ឆ្នាំ​ ២០១៥។ រូបថត សហការី

​ជា​អតីត​សមាជិក​ម្នាក់ រស់​នៅលើ​បឹង​កំប្លោក ក្រោយ​អតីត​រោងចក្រ​ទឹកដោះគោ ស្ថិតក្នុង​សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ ជាមួយ​កូនស្រី​ម្នាក់ និង​កូនប្រសា ក៏ដូចជាចៅ​ ២​ នាក់ អ្នកស្រី កង យ៉ា​រី អាយុ ៤៩ ​ឆ្នាំ បាន​ចាកចេញ​ទៅធ្វើ​ការឱ្យ​ហាង​វាំងនន​មួយ​។

​អ្នកស្រី​បាន​និយាយថា​៖ «​ដល់ពេល​ហាង​វាំងនន​នោះ ពិបាក​បើក​ប្រាក់ខែ ដោយ​ថៅកែ​ជំពាក់​ប្រាក់​ពួក​ខ្ញុំ ស្ថានភាព​ជីវភាព​កាន់តែ​លំបាក​។ បង កា​ណា​រី បាន​ហៅ​ខ្ញុំ​ចូល​ក្រុម​ស្ដ្រី CWSG​។ ប៉ុន្ដែ​ដោយសារ​មិនសូវមាន​ភ្ញៀវ​កុម្ម៉ង់​ច្រើន យើង​មាន​ការងារ​ធ្វើ​តេះតោះ​តិចតួច​ប៉ុណ្ណោះ​»​។

​អ្នកស្រី កា​ណា​រី បាន​បន្ដ​ធ្វើការ​ជាមួយ​ដៃគូ​អតីត​អង្គការ​នី​ញ៉េ​ម៉ូ​កម្ពុជា ដោយ​ពួកគេ​បន្ដ​បញ្ជា​ទិញ​ផលិតផល​ធ្វើ​ដោយ​ដៃ​ពី​ក្រុម​ស្ដ្រី​។

​អ្នកស្រី កា​ណា​រី បាន​បញ្ជាក់ថា​៖ «​ដូច្នេះ​នោះ​ជា​មូល​ហេតុដែល​យើង​នៅទីនេះ​ ដើម្បី​បម្រើ​សេវាកម្ម​ដេរ​ដោយ​ដៃ​របស់​យើង​សម្រាប់​អតិថិជន​ជាតិ និង​អន្ដរជាតិ​»​។

​សិប្បកម្ម CWSG ផ្ដល់ឱ្យ​អតិថិជន​នូវ​សេវាកម្ម​កាត់ដេរ​តាម​ការ​កុម្ម៉ង់​ដែលមាន​គុណភាព​ខ្ពស់​ដូចជា វត្ថុ​អនុស្សាវរីយ អំណោយ កាដូ​អា​ពា​ហ៍​​ពិពាហ៍ តុក្កតា សម្លៀកបំពាក់​សាមញ្ញៗ ផលិតផល​តុបតែង​ផ្ទះសម្បែង រួម​​មាន វាំងនន ស្រោមខ្នើយ ភួយ កម្រាលពូក កាបូប កាបូបដៃ កម្រាលតុ និង​កន្សែងដៃ​ជាដើម​។

​ស្ថាបនិក​ក្រុម​ស្ដ្រី CWSG បានឱ្យដឹងថា​៖ «​ផលិតផល​ដែល​ពេញនិយម​បំផុត​សម្រាប់​អតិថិជន រួមមាន​បាល់​ចាក់​ភ្ជាប់​កន្ដឹង​រចនា​ពី​លេខ ១ ដល់ ១២ ជា​អក្សរ​ខ្មែរ និង​ព្យព្ជានៈ​អង់គ្លេស ខ្សែ​មេអំបៅ ដំរី ខ្លាឃ្មុំ ដាយ​ណូ​ស័​រ កាបូប ខ្នើយ និង​ស្រោមខ្នើយ ក៏ដូចជា​គ្រឿង​តុបតែង​រាងកាយ​ស្ដ្រី ដូចជា ម៉ាស់​បិទ​ភ្នែក និង​តង្កៀប​កៀប​សក់​ជាដើម​»​។

​ផលិតផល​ភាគច្រើន​ពី​សិប្បកម្ម CWSG ដែលមាន​កិច្ចសហការ​ជាមួយ Cambodia Knits ក្នុងនាម​ជា​អ្នក​ផលិត​កាបូប និង​លក់​ផលិតផល​នៅ​ហាង CK ត្រូវបាន​ដាក់លក់​នៅក្នុង​ប្រទេស តែ​ពេលនេះ​មាន​ភ្ញៀវ​បរទេស ដែល​មកលេង​កម្ពុជា​ក៏ដូចជា​ជនបរទេស​បាន​ទិញ​ផលិតផល​តាម​អន​ឡាញ​ផងដែរ​។

​យ៉ាងណាមិញ ការគាំទ្រ​ពី​អតិថិជន​ក្នុងស្រុក​នៅ​មិនទាន់​ជួយ​ឱ្យ​ក្រុម​ស្ដ្រី ១៥ ​នាក់ ពឹង​អាស្រ័យ​លើ​របរ​សិប្ប​កម្ម​ដេរ​នេះ​បាន​នោះទេ​។

​អ្នកស្រី ញ៉ី បន្ដថា​៖ «​វា​ពិបាក​ក្នុងការ​ប៉ាន់ប្រមាណ​ណាស់ ដោយសារ​ការងារ​ទទួល​បាន​មិនសូវ​ទៀងទាត់​។ ១ ​សប្ដាហ៍ បាន​ចន្លោះ ៥ ​ម៉ឺន ទៅ ១០ ​ម៉ឺន​រៀល​ សម្រាប់​ទិញ​អង្ករ ១០-២០ ​គីឡូក្រាម​ទុក​អ៊ីចឹងទៅ​»​។

​សព្វថ្ងៃ ក្រុមគាំទ្រ​ស្ដ្រី​កម្ពុជា CWSG បាន​សហការ​ជាមួយ Only One Planet, Cambodia Knits, Daiou Bag, Modimade, Fair Fashionista, Faire Trendy និង ALMA-M ក្នុងនាម​ជា​អ្នក​ផលិត​នូវ​ផលិតផល​។​

ស្ត្រី​អាយុ ​៥៦ ​ឆ្នាំ សុខ ញ៉ី ដេរ​តុក្កតា​ក្រពើ ​នៅផ្ទះដំបូលធ្លុះធ្លាយ​ជាន់ទី៣ ម្ដុំអតីតរោងកុនគិរីរម្យ​។ហេង ជីវ័ន

Nomi Network បាន​ជួយ​បណ្ដុះ​​បណ្ដាល​ទិច​និក​ដេរ​ដល់​ពួកគេ ខណៈ SHE Investment បាន​ជួយ​លើ​បណ្ដាញ​សហគ្រិនភាព​។

​អ្នកស្រី កា​ណា​រី បាន​លើកឡើងថា រាល់​ការគាំទ្រ​របស់​អតិថិជន​អាចជួយ​ស្ដ្រី​ស្វែងរក​ចំណូល​សម្រាប់​ចំណាយ​លើ​ការថែទាំ​សុខភាព និង​បញ្ជូន​កូនៗ​ទៅ​សាលារៀន​។ លើសពីនេះ វា​បាន​ជួយ​ដល់​ស្ដ្រី​ខ្វះ​លទ្ធភាព​មានការ​រាប់​​អាន​មិ​ត្ដ​ភក្ដិ និង​ផ្លាស់ប្ដូរ​បទពិសោធ​ជា​វិជ្ជមាន ក៏ដូចជា​ការអភិវឌ្ឍ និង​ធ្វើឱ្យ​ប្រសើរឡើង​នូវ​ជំនាញ​ដេរ​ដើម្បី​ធានា​គុណភាព​ខ្ពស់​។

​អ្នកស្រី យ៉ា​រី កំពុង​ទទួល​ការ​កុម្ម៉ង់​ដេរ​រូប​តុក្កតា​ម៉ូដ​ថ្មី​ទេពអប្សរបាន​បន្ដថា​៖ «​សូម​សំណូមពរ​ដល់​អតិថិជន​ក្នុងស្រុក​ជួយ​កុម្ម៉ង់​ពី​ក្រុម​ស្ដ្រី CWSG ដើម្បីឱ្យ​ពួកយើង​មានការ​ងារ​ធ្វើ សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​»​។

​អ្នកស្រី ញ៉ី បាន​បន្ទរ​ថា​៖ «​បើ​មាន​ភ្ញៀវ​ក្នុងស្រុក​កុម្ម៉ង់​ច្រើន​ថេរ​អ៊ីចឹងទៅ ពួក​ខ្ញុំ​នឹង​បាន​រកលុយ​គ្រាន់​ទិញ​អង្ករ​អ៊ីចឹង​ខ្លះ​។ បើ​អត់​សូវ​សម្បូរ​ការងារ ពួក​ខ្ញុំ​ទៅ​រកតែ​អ្នកគ្រូ កា​ណា​រី ខ្ចីលុយ​ទិញ​អង្ករ​ទុក​ហូប​។ ពេល​មានអី​វ៉ាន់​កុម្ម៉ង់​អ៊ីចឹងទៅ គាត់​កាត់លុយ​ពី​ពួក​ខ្ញុំ​តិចៗ ដោយ​មិន​កាត់​ម្ដង​ទាំងអស់​នោះទេ ពីព្រោះ​គាត់​អាណិត​ពួក​ខ្ញុំ​។

​ព័ត៌មាន​បន្ថែម​មាននៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @cwsghandicraft ឬ www.womensewandcreate.org៕