​ក្រុង​វេ​និក: មន្ត្រី​ម្នាក់​បានឱ្យដឹងថា​ ទីក្រុង​វេ​និក​គ្រោង​នឹង​សាកល្បង​ប្រព័ន្ធ​កក់​ទុក​សម្រាប់​អ្នកធ្វើដំណើរ​ពេល​ថ្ងៃ​បំណង​ជួយ​សម្រួល​បញ្ហា​ទេសចរណ៍ ខណៈដែល​ភ្ញៀវទេសចរ​សម្រុក​ទៅលេង​ទីក្រុង​អ៊ី​តា​លី​វិញ ​បន្ទាប់ពី​ជំងឺ​រាតត្បាត​ថមថយ​។​

​គម្រោង​បង់ប្រាក់​ទស្សនា​នឹងមិន​កំណត់​ចំនួន​ភ្ញៀវទេសចរ​ទេ ​ប៉ុន្តែ​មានបំណង​ទាក់ទាញ​មនុស្ស​មួយចំនួន​ឱ្យ​មកលេង​ក្នុង​រដូវ​មិនសូវ​សម្បូរ​ភ្ញៀវ​ដោយ​គិត​ប្រាក់​តិចជាង​មុន​។​

​លោក Simone Venturini ទីប្រឹក្សា​រង​ផ្នែក​ទេសចរណ៍​របស់​ទីក្រុង​វេ​និក បាន​ប្រាប់ AFP ថា​៖ «​យើង​នឹង​ចាប់ផ្តើម​ជាមួយ​ដំណាក់​​កាល​ពិសោធន៍​មួយ​ក្នុងអំឡុង​ពេលដែល​មិនត្រូវ​ឱ្យមាន​ការ​កក់​ទុកជាមុន​តែ​ការ​កក់ ​គឺជា​ជម្រើស​ដែល​នឹងមិន​ចំណាយ​ប្រាក់​អ្វី​ឡើយ​»​។​

​លោក​បាន​និយាយថា ភ្ញៀវ​ដែល​ចូល​ទស្សនា​ក្នុងថ្ងៃនេះ​ នឹង​ត្រូវបាន​លើកទឹកចិត្ត​ឱ្យ​ចុះឈ្មោះ​តាមរយៈ​ការលើកទឹកចិត្ត​មួយចំនួន «​ដូចជា​ការបញ្ចុះ​តម្លៃ​លើ​ការចូល​ទស្សនា​សារមន្ទី​រ​»​។ កាលបរិច្ឆេទ​ចាប់ផ្តើម​ប្រព័ន្ធ​សាកល្បង​នេះ​ នឹងត្រូវ​ប្រកាស​នៅក្នុង​សប្តាហ៍​ខាងមុខនេះ​។​

​កាតព្វកិច្ច​នៅក្នុង​ឆ្នាំ ​២០២៣ នឹង​តម្រូវឱ្យ​អ្នកធ្វើដំណើរ​ពេល​ថ្ងៃ​ត្រូវ​បង់ប្រាក់​ប្រមាណ​ពី​ ៣​ ដុល្លារ ​ទៅ​ ១០​ ដុល្លារ​អាស្រ័យ​លើ​រដូវ​កាល​។​

​ភ្ញៀវ​គេង​នៅ​ទីក្រុង​វេ​និក ដែល​ត្រូវ​ជាប់ពន្ធ​ទេសចរណ៍​រួច​ហើយនឹង​ត្រូវបាន​លើកលែង​។​

​ជីវិត​រស់នៅ​របស់​អ្នកក្រុង​ទឹក​ដ៏​ពេញនិយម​មួយ​នេះ​ បាននិងកំពុង​វិល​មក​រក​ភាពប្រក្រតី​វិញ​បន្តិច​ម្តងៗ​ក្រោយ​វិបត្ដិ​ជំងឺ​រាតត្បាត​ពេលដែលបណ្ដាញ​ផ្លូវទឹក Grand Canal អត់​ទូក​ចែវ​ក្រោយ​អវត្តមាន​ភ្ញៀវទេសចរ​។​

​លោក Venturini បាន​និយាយថា ចុង​សប្តាហ៍​បុណ្យ Easter បាន​ទាក់ទាញ​ភ្ញៀវ​យ៉ាងច្រើន​ដោយ ​១០ ​ម៉ឺន​នាក់​បាន​ស្នាក់នៅ និង​ប្រហែល​ ៤ ម៉ឺន​នាក់​ផ្សេងទៀត​មក​អើត​តែ ​២-៣ ​ម៉ោង​នៅ St. Marks ឬ​នៅ Bridge of Sighs៕ AFP/HR