​ក្រុង​គី​ហ្គា​លី: នា​ព្រឹក​ព្រលឹម​អាកាសធាតុ​ត្រជាក់ អ្នកស្រី ប៊េ​ត ហ្គា​តូ​នី​យ៉េ បានដាក់​កៅអី​រំ​ញ័រ ​២​ ចូលក្នុង​ឡាន​វ៉ែន និង​បើក​ទៅកាន់​ស្ថានទូត​អាមេរិក​ក្នុង​ទីក្រុង​គី​ហ្គា​លី​ជាមួយ​មិត្ត​រួម​ការងារ​ពិការភ្នែក​ ៣​ នាក់ ដែល​ត្រៀម​ផ្តល់​ការព្យាបាល​ម៉ាស្សា​។​

​ចាប់តាំងពី​ឆ្នាំ​ ២០១៧ ​មក ស្ដ្រី​វ័យ ៤៣ ​ឆ្នាំ​រូបនេះ​បាន​បណ្តុះបណ្តាល​ស្ត្រី​ពិការភ្នែក​រាប់សិប​នាក់ និង​បុរស​មួយចំនួន​នៅក្នុង​សិល្បៈ​ម៉ាស្សា​ដែល​បង្កើត​ការងារ​សម្រាប់​សហគម​ន៍​ដែល​ប្រឈមមុខ​នឹង​ការរើសអើង​យ៉ាង​ចាក់ឫស​នៅ​ប្រទេស​រ្វ៉ា​ន់​ដា​។​

​អ្នកស្រី​បន្តថា សព្វថ្ងៃនេះ​តម្រូវការ​សេវា​ម៉ាស្សា​ជនពិការ​ដែល​ផ្តល់​ដោយ​ក្រុមហ៊ុន​របស់​អ្នកស្រី Seeing Hands នៅមានកម្រិត ដោយ​ភ្ញៀវ​សម្បូរ​តែ​ជនបរទេស​នៅឡើយ​។​

​អ្នកស្រី​បាន​និយាយប្រាប់ AFP ថា​៖ «​ប្រជាជន​រ្វ៉ា​ន់​ដា​និយាយថា ពួកគេ​មិន​ចង់ឱ្យ​រាងកាយ​របស់​ពួកគេ​ត្រូវ​មនុស្ស​ខ្វាក់ភ្នែក​ប៉ះពាល់​នោះទេ​ពីព្រោះ​វា​អាច​នាំ​សំណាងអាក្រក់​»​។​

​អ្នកស្រី​និយាយ​ទាំង​ហួសចិត្ត​ថា​៖ «​ប្រហែលជា​ប្រជាជន​រ្វ៉ា​ន់​ដា​គិតថា ​ខ្វាក់ភ្នែក ​គឺជា​ជំងឺឆ្លង​ទេ​ដឹង​?»​។​

​សហភាព​ជនពិការភ្នែក​រ្វ៉ា​ន់​ដា ​(RUB) ​ថា បញ្ហា​រើសអើង​ជនពិការ​បានកើត​ឡើង​នៅ​ទូទាំងប្រទេសអាហ្វ្រិក​ខាងកើត ដោយ​ពលរដ្ឋ​មាន​ពិការភ្នែក​កំពុង​ជួប​ការលំបាក​ក្នុង​ការទទួល​បានការ​អប់រំ ឬ​ឱកាស​វិជ្ជាជីវៈ​។​

​អ្នកស្រី អ៊ីម​ម៉ា​ឃ្យូ​លី កា​រូ​ហ៊ូ​រ៉ា ជា​អ្នកជំនាញ​ម៉ាស្សា​ពិការភ្នែក​ម្នាក់​ក្នុងចំណោម​ ១៥ នាក់ ដែល​ធ្វើការ​ជាមួយ Seeing Hands បាន​និយាយថា​៖ ប្រជាជន​រ្វ៉ា​ន់​ដា​ចាត់ទុក​ពួកយើង​ជា​មនុស្ស​ដែល​គ្មាន​ប្រយោជន៍​»​។​

ជនពិការភ្នែក​អាច​រកចំណូលពីការ​ម៉ាស្សា​បាន​ ១០០​ ដុល្លារ​​ ក្នុង ១​ ខែ​​។ រូបថត AFP

​មនុស្ស​ពិការ​ភ្នែកមាន​ច្រើនជាង​ ១​ ភាគរយ​នៃ​ចំនួន​ប្រជាជន ​១​៣ ​លាន​នាក់​របស់​ប្រទេស​។ នេះ​បើ​យោងតាម​ការស្ទង់មតិ​ជាតិ​ជនពិការភ្នែក​ឆ្នាំ​ ២០២១​ របស់​ប្រទេស​រ្វ៉ា​ន់​ដា​។​

​ជា​មធ្យម​អ្នក​ប្រក​បរបរ​ម៉ាស្សា​រកបាន​ប្រហែល​ ១០០ ​ដុល្លារ ​ក្នុង ​១ ​ខែ​ជា​ចំនួន​ច្រើនជាង​ទ្វេដង​នៃ​ប្រាក់បៀវត្សរ៍​របស់​កម្ម​ករ ដូចជា អ្នករត់​តុ ឬ​អ្នក​​បម្រើ​តាម​ផ្ទះ​នៅ​ប្រទេស​នេះ​។​

​ប៉ុន្តែ​លទ្ធភាព​អាច​ប្រកបការងារ​ និង​រកប្រាក់​ចំណូល​ឯករាជ្យ​ដោយ​ខ្លួនឯង ពិតជា​មានន័យ​កាន់តែ​ធំធេង​ចំពោះ​អ្នកស្រី កា​រូ​ហ៊ូ​រ៉ា​។​

​ក្រៅពី​អាច​ចិញ្ចឹមជីវិត និង​បញ្ជូន​កូន​ទៅ​រៀន អ្នកស្រី​ចាត់ទុក​អាជីព​ការងារ​បាន​ផ្តល់ឱ្យ​អ្នកស្រី​នូវ​បំណង ការតាំងចិត្ដ និង​ក្ដីសង្ឃឹម​។​

​អ្នក​ម៉ាស្សា​ពិការភ្នែក​រូបនេះ​បន្តថា​៖ «​នៅពេល​ខ្ញុំបម្រើ​អតិថិជន ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​»៕ AFP/HR