ភ្នំពេញ: បន្ទាប់ពី​បញ្ចប់​ពិព័រណ៍​កាលពី​ថ្ងៃទី​ ៣០ មករា ឆ្នាំ ២០២២ នៅ​សារមន្ទីរ​សិល្បៈ​ក្រុង​គ្លី​វើ​លែ​ន រដ្ឋ​អូ​ហា​យ៉ូ សហរដ្ឋអាមេរិក ក្នុង​ពិព័រណ៍ «​លាតត្រដាង​ព្រះ​ក្រឹ​ស្ណ​៖ ដំណើរ​ទៅកាន់​ដែនដី​គិរី​ស័ក្តិសិទ្ធិ​កម្ពុជា​» ដោយ​ដាក់តាំង​លក់​គ្រឿងអលង្ការ ឈ្មោះថា «EdoEyen» ពេលនេះ បងប្អូន​ស្រី​ជនជាតិ​អាមេរិក​-​ខ្មែរ​ទាំង ២ ​នាក់ អ៊ីដូ និង អ៊ីយេន ចម មាន​កិត្តិយស​ក្នុងការ​​បន្ត​ការដាក់​តាំងនៅ​សារមន្ទីរ​សិល្បៈ ស្មី​ត​សូ​នៀ​ន រដ្ឋធានី​វ៉ាស៊ីនតោន​ឌី​ស៊ី ដោយ​ផ្ដើម​ពី​ចុងខែ​មេសានេះ​។​

​ពិព័រណ៍​នេះ​នាំយក​ចម្លាក់​ថ្ម​ដ៏​ធំ​អាយុកាល​ ១៥០០​ ឆ្នាំ ពី​កម្ពុជា និង​ប្រើ​បច្ចេកវិទ្យា​ហូ​ឡូ​ក្រាម​ផ្គួប​អេក្រង់​ឌីជីថល ដែល​នាំ​អ្នកទស្សនា​វិល​​ត្រឡប់​ទៅកាន់​សម័យកាល​បុរាណ លាតត្រដាង​នូវ​រឿងរ៉ាវ និង​ដំណើរការ ស្ដារ ជួសជុល​ស្នាដៃ​ដ៏​អស្ចារ្យ​ក្នុងចំណោម​វត្ថុ​តាំងនៅ​សារមន្ទីរ រួមមាន​រូបចម្លាក់​ព្រះ​ក្រឹ​ស្ណ​ទ្រ​ភ្នំ​គោ​វ​ធ៌​ន​។​

ក្រវិល​ផ្កាឈូក និង​ចិញ្ចៀន រចនាម៉ូដ​ក្រោមឥទ្ធិពល​​ក្បាច់ខ្មែរ​បុរាណ។ រូបថត សហការី

​អ្នកនាង អ៊ីដូ សហ​ស្ថាបនិក​គ្រឿងអលង្ការ​រចនាប័ទ្ម​ឥទ្ធិពល​ពី​ខ្មែរ​ដែល​ដាក់តាំង​ក្នុង​ពិព័រណ៍​នេះ​បាន រំឭក​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីបទ​ពិសោធ​​នៅ​សារមន្ទីរ​សិល្បៈ​គ្លី​វើ​លែ​នថា​៖ «​រយៈពេល​នោះ​យើង​ទទួល​បានការ​​គាំទ្រ​យ៉ាង​ល្អប្រសើរ​ណាស់​។ យើង​លក់បាន​ក្នុង​ចំនួន​ដែល​យើង​រំពឹងទុក​ទៅតាម​តម្លៃ​របស់​យើង​។ ចិញ្ចៀន អរូបី (Aroubei) ស្រោបមាស​ទឹក​ ៧,៥ ត្រូវបាន​លក់ដាច់​ទាំងអស់ ហើយ​ក្រវិល​កៀប​ត្រចៀក ដែលមាន​ពណ៌ រ៉ូ​ស​ហ្គោល ធ្វើ​ពី​លង្ហិន​ស្រោបមាស​ទឹក​ ៥ ក៏មាន​ការគាំទ្រ​យ៉ាងច្រើន​។ យើង​នឹង​បន្ត​រៀបចំ​ការលក់​ជាមួយនឹង​តូប​នៅ​សារមន្ទីរ​សិល្បៈ​គ្លី​វើ​លែ​ន បន្តទៀត​»​។​

​ពេលនេះ គ្រឿងអលង្ការ​របស់​អ្នក​ទាំង ​២ ​មិន​ត្រឹមតែ​អា​ចរក​ទិញ​បាន​នៅ​គេហទំព័រ www.edoeyen.com ទេ ថែមទាំង​មាននៅ​តូប​ឯ​សារមន្ទីរ​សិល្បៈ​គ្លី​វើ​លែ​ន ហើយក៏​នឹង​ចាប់ផ្ដើម​មាន​លក់​នៅ​សារមន្ទី​សិល្បៈ​ស្មី​ត​សូ​នៀ​ន នៅ​ថ្ងៃទី ​៣០ ខែមេសា ឆ្នាំនេះ ដើម្បី​គាំទ្រ​ដល់​ការតាំងពិព័រណ៍ «​លាត​​ត្រដាង​ព្រះ​ក្រឹ​ស្ណ​៖ ដំណើរ​ទៅកាន់​ដែនដី​គិរី​ស័ក្តិសិទ្ធិ​កម្ពុជា​»​។​

​ចែកចាយ​ពី​ចំណាប់អារម្មណ៍ ដែល​បាន​ចូលរួម​ពី​សារមន្ទីរ​មួយ​ទៅមួយ​ទៀត បងប្អូន​ស្រី​ខ្មែរ​អាមេរិក​ទាំង ២ ​ពិតជា​រំភើប​រីករាយ​ណាស់​ដែល​បាន​ដើរ​ដល់​ចំ​ណុ​នេះ ដោយសារ​ការ​រចនារ​បស់​ពួកគេ​មានការ​បំផុសគំនិត​ពី​សិល្បៈ និង​វប្បធម៌​ខ្មែរ​បុរាណ​។​

​អ្នកនាង អ៊ីដូ ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ និង​មាន​អំណរគុណ​ជាខ្លាំង​ដែល​បាន​ធ្វើជា​ដៃគូ​ជាមួយ​សារមន្ទីរ ស្មី​ត​សូ​នៀ​ន​នេះ​។ យើង​នៅតែ​ឱនលំទោន​ចំពោះ​គ្រប់យ៉ាង​ដែល​ចូលមកក្នុង​ដំណើរ​របស់​យើង ទោះបី​គោលដៅ​យើង​មិនទាន់​ដល់​នៅឡើយ​។ ឥឡូវនេះ យើង​កំពុងធ្វើដំណើរ​ដើម្បី​បង្ហាញ​សិល្បៈ និង​វប្បធម៌​ខ្មែរ តាមរយៈ​គ្រឿងអលង្ការ​។ វា​អាចជា​ដំណើរ​ដ៏​វែងឆ្ងាយ ហើយ​យើង​ទើបតែ​ចាប់ផ្តើម ប៉ុន្តែគ្រប់​ជំហាន​នៃ​ដំណើរ​គឺ​តែងតែ​រំភើប​សម្រាប់​យើង​»​។​

​យីហោ​គ្រឿងអលង្ការ​នៅ​ទីក្រុង​ញូវយ៉ក «EdoEyen» នេះ បាន​លក់​គ្រឿងអលង្ការ ដែលមាន​ទម្រង់​គូរ​ចេញពី​ចម្លាក់​ថ្ម​ខ្មែរ​បុរាណ​ដូចជា វត្ថុដែល​រកឃើញ​នៅលើ​ចម្លាក់​ដ៏​មហិមា​របស់​ពិព័រណ៍​នេះ​។​

​គ្រឿងអលង្ការ មួយៗ​ពីរ​បស់ EdoEyen បង្កប់​នូវ​សោភណភាព​ខ្មែរ​ពិតៗ និង​គោរពបូជា​ដល់​វិចិត្រករ និង​ជាងចម្លាក់​បុរាណ ដែល​មិនបាន​ស្គាល់​ច្បាស់​ក្នុង​សម័យកាល​។​

​ការបន្ត​ដាក់តាំង​ឯ​សារមន្ទីរ​សិល្បៈ ស្មី​ត​សូ​នៀ​ន អ៊ីដូ រំពឹងថា អ្នកទស្សនា​នឹង​អាច​មើលឃើញថា ម៉ូដ​គ្រឿងអលង្ការ​ទាំងនេះ​មាន​ភាព​ពិសេស​ប្លែក​ពី​គេ ស្រស់ស្អាត​គ្រប់គ្រាន់​ក្នុង​ការឱ្យ​អតិថិជន​ចង់បាន​ត្រឡប់ទៅផ្ទះ​ជាមួយ ជាពិសេស​បន្ទាប់ពី​បាន​ចូល​ទស្សនា​ពិព័រណ៍​ផ្ទាល់​។

​បងប្អូន​ស្រី​ខ្មែរ​អាមេរិក​ទាំង ​២ ​រូបនេះ​បាន​លើកឡើងថា​៖ «​យើង​បានធ្វើ​​ការ​យ៉ាង​ជិតស្និទ្ធ​ជាមួយនឹង​អ្នកទិញ ដើម្បី​មើលថា​ តើ​ភ្ញៀវ​នឹងមាន​ចំណាប់​​អារម្មណ៍​បែបណាខ្លះ​ចំពោះ​គ្រឿង​​អលង្ការ​មួយៗ​របស់​យើង ហើយ​ថា​ ​វា​អាច​ទាក់ទាញ​ភ្ញៀវ​បែបណា​? យើង​នឹង​អាចដាក់​តាំង​រហូតដល់​ពិព័រណ៍​នេះ​ បានបញ្ចប់​នៅ​ចុងខែ​កញ្ញា​។ យើង​កំពុងតែ​ពិភាក្សា​ជាមួយ​សារមន្ទីរ​ពី​ឱកាស​ផ្សេងៗ​ទៀត​នៅ​ថ្ងៃមុខ​ហើយ​យើង​ក៏​រីករាយ​ជាមួយនឹង​វា​ដែរ​»​។

​ជាមួយគ្នានេះដែរ ក្នុង​កិច្ចសម្ភាសន៍​ជាមួយ ភ្នំពេញ ​ប៉ុស្តិ៍ លើក​មុន​បងប្អូន​ស្រី​ទាំង ២ ​បានឱ្យដឹងថា ខ្លួន​ស្ថិតក្នុង​គម្រោងការ​កែច្នៃ​គ្រឿងអលង្ការ ដែល​ស្ថិតក្នុង​ប្រភេទ​គ្រឿង​លម្អ​លើ​ខ្លួន​មាន ខ្សែក ដែល​កាលនោះ​មាន​ម៉ូដ​ហើយ តែ​មិនទាន់​ឌី​ហ្សា​ញ​ចេញ​ជា​រូបរាង​។​

​បើទោះជា​មិនទាន់​មានការ​បរិច្ឆេទ​ច្បាស់លាស់ តែ អ៊ីដូ ថា កំពុងតែ​ធ្វើ​ទៅលើ​គំរូ​សិន ដោយ​ពួកគេ​នឹង​ប្រុង​​ប្រយ័ត្ន​បំផុត​ឱ្យ​ក្លាយជា​ទម្រង់ ដែល​គ្មាន​អ្នកណា​ធ្វើ​ពីមុនមក​។ ម្យ៉ាងទៀត​ពួកគេ​ក៏​មិនទាន់បាន​បញ្ចេញ​ម៉ូដ​គ្រឿង​លម្អ​លើ​ដៃ​អស់​ដែរ​។

​ជាមួយ​ឈាមជ័រ​ដើមកំណើត​ខ្មែរ អ្នក​ច្នៃ​ម៉ូដ​គ្រឿងអលង្ការ​នៅ​អាមេរិក​ អ៊ីដូ បានបង្ហាញ​ចំណាប់អារម្មណ៍​ថា​៖ «​យើង​ចង់​លើកទឹកចិត្ត​ជនរួមជាតិ​ខ្មែរ ឱ្យជួយ​គាំទ្រ​ដល់​ការអភិរក្ស​សិល្បៈ​ខ្មែរ តាមរយៈ​ការខិតខំ​អប់រំ ដូចជា​ការ​​ចូលរួម​ក្នុង​ព្រឹត្តិការណ៍​នានា ពិព័រណ៍​នេះ​ជាដើម​។ វា​គួរតែ​សំខាន់​គ្រប់គ្រាន់​ក្នុងការ​ធ្វើដំណើរ​មករ​ដ្ឋ​ធានី​ដើម្បី​ទស្សនា​! តួលេខ​ពី​តូច​មួយ​មិនអាច​មើលងាយ​បានទេ​។ កាន់តែ​យើង​គាំទ្រ​ការងារ​វប្បធម៌​របស់​យើង​នៅក្នុង​រដ្ឋ​កាន់តែច្រើន វា​នឹង​កាន់តែ​ផ្សារភ្ជាប់ ហើយ​វា​នឹង​ជួយ​ជំរុញ​សិល្បៈ​ប្រភេទ​នេះ​ឱ្យមាន​ការចាប់អារម្មណ៍​»​។​

​ស្វែងយល់​ពី​គ្រឿងអលង្ការ​កូន​ខ្មែរ​អាមេរិក EdoEyen នៅ instagram.com/edoeyen/ និង​គេហទំព័រ​ www.EdoEyen.com៕

គ្រឿង​អលង្ការ EdoEyen ដាក់តាំង​នៅ​សារមន្ទីរ​សិល្បៈស្មីតសូនៀន។ រូបថត សហការី