ក្រុង​គែរ: «​ក​ន្ទ្រី​ង​កន្ទ្រើង​» «​វែង​សំពោង​» និង «​គ្មាន​សណ្ដាប់ធ្នាប់​»​។ សក់រួញ​បែប​ធម្មជាតិ​ធ្លាប់​ត្រូវបាន​មើលងាយមើលថោក​នៅក្នុង​អេ​ហ្ស៊ី​ប​ជា​ប្រទេស​ដែល​ពេញនិយម​សម្រស់​ស្តង់ដា​បែប​លោកខាងលិច​នូវ​ប្រភេទ​សក់ត្រង់​ស្លូត និង​ភ្លើង​រលោង​។ ឥឡូវនេះ អ្វីៗ​កំពុង​ផ្លាស់ប្តូ​រហើយ​។​

​សម្រាប់ ​Rola Amer និង Sara Safwat សក់រួញ​របស់​ពួកគេ​ធ្លាប់ជា​ជា​ឧបសគ្គ​ក្នុង​ការរក​ការងារ​ធ្វើ​។ ឥឡូវនេះ​វា​ជា​ផ្នែក​មួយ​នៃ​ចលនា​ទទួលស្គាល់​សម្រស់ និង​ភាពជា​ខ្លួនឯង ដែល​ចាប់ផ្ដើម​កក្រើក​នៅ​អេ​ហ្ស៊ី​ប​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ជាមួយ​វត្តមាន​ហាង​សាឡ​ន​មាន​ជំនាញ​កាត់ និង​ថែទាំ​សក់រួញ​។​

​អ្នកនាង Amer ធ្លាប់​ចំណាយពេល​ជាច្រើន​ម៉ោង​ដើម្បី​អ៊ុតសក់​ត្រង់​មុនពេល​នាង​ចាប់ផ្តើម​ធ្វើការ​នៅ Curly Studio ដែល​បាន​ក្លាយជា​ហាង​សាឡ​ន​សក់​ធម្មជាតិ​ដំបូង​គេ​របស់​ប្រទេស​អេ​ហ្ស៊ី​ប​ ក្នុង​ឆ្នាំ ២០១៨​។​

​ដោយ​យកដៃ​កាន់​សក់រួញ​របស់​អតិថិជន​នៅ​ជាយក្រុង​គែរ Amer បាន​និយាយថា​៖ «​សក់រួញ​ត្រូវការ​ពេល​កាត់​យូរ​ជាង​សក់ត្រង់​»​។​

៣ ​ម៉ោង​ក្រោយមក ​ទីបំផុត​នាង​អាច​បង្ហាញ​លទ្ធផល​ដល់​អតិថិជន​ហើយ​អ្នក​ទាំង ​២ ​សប្បាយចិត្ត ខណៈដែល​សាឡ​ន​នេះ​មាន​ភ្ញៀវ​ច្រើន​នៅ​ជុំវិញ​។​

​វា​ជា​រឿង​មួយ​ផ្ទុយស្រឡះ​ពីបទ​​ពិសោធ​ផ្ទាល់ខ្លួន​របស់ Amer កាលពី​ប៉ុន្មាន​ឆ្នាំមុន ដោយ​នាង​បាន​រំឭកថា​៖ «​ប្រសិនបើ​ខ្ញុំ​ទុក​សក់រួញ​សំពោង​នោះគេ​មើល​មក​ខ្ញុំ​ថា ខ្ញុំ​ខ្ជិល ឬ​ខ្ញុំ​ដូច​អត់​ចេះ​ថែ​ខ្លួនឯង​អី​សោះ​»​។​

​រីឯ​អ្នកស្រី Safwat អាយុ​ ៣៨ ​ឆ្នាំ​បាន​ពន្យល់​ពី​គ្រោះថ្នាក់​នៃ​ការ​អ៊ុត​សក់ត្រង់ ខណៈ​ដៃ​របស់​អ្នកស្រី​ផ្ចិតផ្ចង់​កាត់​សក់រួញ​សំពោង​របស់​ភ្ញៀវ​។

​អ្នកស្រី​រំឭកថា​៖ «​ធ្លាប់មាន​ម្តាយ​ម្នាក់​បាន​នាំ​កូនស្រី​អាយុ​ ៣​ ឆ្នាំ​មក​អ៊ុតសក់​ត្រង់​។ ផល​អាក្រក់​គឺ​វា​ប៉ះពាល់​ដល់​ស្បែក និង​នាំឱ្យ​ជ្រុះ​សក់​»​។​

តារាបណ្ដាញសង្គមអ៊ីស្តាក្រាម Mariam Ashraf កំពុង​មានទីផ្សារ ដោយសារ​ទំនោរ​និយម​សក់រួញនៅអេហ្ស៊ីប។ រូបថត ​AFP

​ការ​ឈ្លក់​វង្វេង​នឹង​សក់ត្រង់​ដែលមាន​ឫសគល់​នៃ «​ការនិយម​សម្រស់​ក្លែងក្លាយ​» បាន​បង្ខំ​ស្ត្រី​ជំនាន់​ក្រោយ​ឱ្យ​កម្ទេច​សក់​របស់​ពួកគេ​ដោយ​ការ​​ប្រើ​ជាតិគីមី និង​កម្ដៅ​ខ្លាំងពេក។​

​ក្នុង​ឆ្នាំ​​ ២០១២ ​តារា​សម្តែង​ជនជាតិ​អេ​ហ្ស៊ី​ប Dina el-Sherbiny បាន​ក្លាយជា​មនុស្ស​ដំបូង​គេ​ដែល​បំបែក​ការ​មាក់ងាយ​នៅមុខ​កាមេរ៉ា​ដោយ​បង្ហាញ​សក់រួញ​ពណ៌​ត្នោត​។​

១០​ ឆ្នាំ​ក្រោយមក​រូបភាព​ស​ក់​រួញ​ដែល​ត្រូវបាន​មើលឃើញ​កាន់តែ ច្រើន​ក្នុង​កម្មវិធី​ទូរទស្សន៍​ភាពយន្ត និង​ផ្ទាំង​ប៉ាណូ​តាម​ដង​វិថី​ហាយ​វេ​ក្រុង​គែរ ដែលជា​ការផ្លាស់ប្តូរ​គួរឱ្យ​កត់​​សម្គាល់​នៅក្នុង​វប្បធម៌​ប៉ុប​អេ​ហ្ស៊ី​ប​។​

​ប៉ុន្តែ​តម្លៃ​នៃ​ការថែទាំ​សក់​ធម្មជាតិ​លើស​សមត្ថភាព​អ្នក​ខ្សត់ខ្សោយ​។​

​ខណៈ​ប្រាក់ចំណូល​ជា​មធ្យម​ប្រចាំខែ​នៅក្នុង​ប្រទេស​អេ​ហ្ស៊ី​ប ​គឺ ​៣២៥ ​ដុល្លារ ការ​កាត់សក់​នៅ​សាឡ​ន​សក់រួញ Curly Studio ត្រូវ​ចំណាយ​រហូតដល់​ ១ ភាគ​ ១០ ​នៃ​ទឹកប្រាក់​នោះ​។​

​គ្រូបង្រៀន និង​តារាអ៊ី​ន​ស្តា​ក្រាម វ័យ​ ២៦ ឆ្នាំ Mariam Ashraf បាន​ផល​ច្រើន​ពី​ការនិយម​សក់​ធម្មជាតិ​នេះ​។​

​នាង​បាន​ប្រាប់ AFP មុនពេល​ថត​វីដេអូ​ឃ្លី​ប​ថ្មី​ឱ្យ​អ្នកតាមដាន​ជាង ​៩ ​ម៉ឺន​នា​ក់់ថា​៖ «​ទីភ្នាក់ងារ​បង្ហាញ​ម៉ូដ និង​យីហោ​នានា​កំពុង​ទាក់ទង​មក​ខ្ញុំ​កាន់តែ​ច្រើនឡើង​ ដើម្បី​ផ្សាយ​ផលិតផល​សក់រួញ​អង្កាញ់​។​»៕ AFP/HR