​ភ្នំពេញ​: ស្នាដៃ «​ក្បាច់​ទឹក​» ដែល​និយាយ​អំពី​ចលនា​របស់​ទឹក និង​ការវិវឌ្ឍ​របស់​ទឹក​ពី​បុរាណកាល​មកដល់​បច្ចុប្បន្ន ជា​ប្រធានបទ​ដ៏​កម្រ​មួយ ដែល​ត្រូវ​បានលើកឡើង និង​បង្កើតឡើង ដោយ​សិល្បករ ថន សុខ ហើយ​ធ្លាប់​ត្រូវបាន​យកទៅ​តាំងនៅ​ប្រទេស​ឡាវ សិង្ហ​បុរី និង​ចុងក្រោយ​នៅ​បារាំង​។​

​គំនូរ​ដែល​សិល្បករ​រូបនេះ​បាន​រំលេច​លើ​ក្រណាត់ ១៨ ​ផ្ទាំង ក្នុង​ពណ៌​ទឹកសមុទ្រ បៃតង និង​លឿង ត្រូវបាន​ធ្វើឡើង​លំនាំ​ទម្រង់​ចលនា​ទឹក​ទៅតាម​ភាវៈ​មានជីវិត​ក្នុង​ទឹក ដូចជា​រុក្ខជាតិ និង​សត្វ​ជាដើម​។

​ក្រៅពី​ជា​ម្ចាស់​គំនូរ​គូ​ល័​រ​ទឹក​លើ​ផ្ទាំង​ក្រណាត់​នេះ លោក សុខ ក៏​ជា​អ្នកសិល្បៈ​ពហុ​ទម្រង់ រួមមាន ចម្លាក់ ការដំឡើង ការសម្ដែង និង​ការបង្កើត​វីដេអូ ដែល​អាច​ផ្សារភ្ជាប់​ការងារ​របស់លោក​បាន​ច្បាស់​។​

ពិព័រណ៍នៅវិចិត្រសាលឃ្វីនស្លែនឆ្នាំ​ ២០២១-២០២២​​​។ រូបថត Chloe Callistemon

​មុននឹង​វិ​វ​ឌ្ឍ​ខ្លួន​ជា​សិល្បករ​មានឱកាស​បង្ហា​ញ​ស្នាដៃ​ទោល និង​ជា​ក្រុម​នៅ​វិចិត្រសាល​អន្តរជាតិ​តាំងពី​បារាំង ប៉ូឡូញ មី​យ៉ាន់​ម៉ា ហុងកុង អូស្ត្រាលី ជប៉ុន ឡាវ និង​ប្រទេស​ឯ​ទៀត លោក សុខ ធ្លាប់​អាស្រ័យ​ឈ្នាន់​កង់​ធ្វើដំណើរ​ទៅ​រៀន​គូរ និង​ធ្វើ​ការលក់​ស្នាដៃ​ទ្រទ្រង់​ជីវភាព​។​

​សិល្បករ​រូបនេះ​បាន​រំឭក​ប្រាប់ ​ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ខ្ញុំ​រៀន​នៅ​សាលា​​គំនូរ រៃ​យំ ក្នុង​ឆ្នាំ ​២០០០-២០០៥ ហើយ​បន្ត​ទៅលើ​ថ្នាក់​សហ​សម័យ ២ ​ឆ្នាំ​ទៀត​ដល់​ ២០០៧​។ ដំបូង​ឡើយ​យើង​រៀន​តែ​ពី​គំនូរ​មើលឃើញ​ទូទៅ និងគំនូរ​បុរាណ​។ តែ ២ ​ឆ្នាំចុងក្រោយ យើង​មាន​សិល្បករ​មកពី​ខាងក្រៅ សិល្បករ​បរទេស បង្ហាត់បង្រៀន ដែល​ធ្វើឱ្យ​ពេល​ហ្នឹង​ខ្ញុំ​ចាប់អារម្មណ៍​ការងារ​បែប Concept ទាំង​គំនូរ ចម្លាក់ ការសម្ដែង​»​។

​កាលណោះ​លោក​ថា កត្តា​ភាសា កត្តា​ជីវភាព និង​ទីផ្សារ​ធ្វើឱ្យ​លោក​លំបាក ដោយ​ត្រូវ​ធាក់​កង់ ៧ ​ឆ្នាំទៅ​រៀន​នៅ​រៃ​យំ ទម្រាំ​ចប់ តែ​លោក​មិន​រាថយ​ឡើយ ដោយ​ការរៀន​បណ្ដើរ​ធ្វើការ​បណ្ដើរ​តាមរយៈ​ការ​ឆ្លៀត​ទៅ​គូរគំនូរ​នៅ​ផ្សារ​រាត្រី​។​

​ក្នុង​អាជីព​សិល្បៈ​ជាង ​២ ​ទសវត្សរ៍ លោក សុខ បានឱ្យដឹង​ទៀតថា កាល​​នោះឆ្នាំ ​២០០៩ មិនសូវមាន​អ្នក​ចាប់​អារម្មណ៍ សិល្បៈ​សហ​សម័យ​ទេ ដោយ​ភាគច្រើន​អ្នក​បញ្ចប់​ការសិក្សា​ពី​គំនូរ​ប្រភេទ​នេះ​ត្រូវ​បង្ខំចិត្ត​ចេញទៅ​ប្រក​បរបរ​ផ្សេង​ដើម្បី​ចិញ្ចឹមជីវិត​។​

សម័យកាល​អ៊ី​ន​ធើ​ណិ​ត​ក៏​មិន​ទូលំទូលាយ បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ក៏​អត់ ជាហេតុ​ធ្វើឱ្យ​អ្នក​ចង់​ស្វែង​​យល់​ពី​ក្បាច់​ខ្មែរ ពី​គំនូរ​បុរាណ ត្រូវ​ទៅ​ស្រាវជ្រាវ​ក្នុង​វាំង ឬក៏​វត្ត​អារាម​។​

​ប៉ុន្តែ​បន្ទាប់ពី​បញ្ចប់​ការសិក្សា​ផ្នែក​គំនូរ ដំបូង​ឡើយ លោក សុខ បាន​ចូលរៀន​សាកលវិទ្យាល័យ​ផ្នែក​ស្ថាបត្យកម្ម​នៅ​សាកលវិទ្យាល័យន័​រ​តុ​ន តែដោយសារ​ទឹកចិត្ត​ស្រឡាញ់​សិល្បៈ​ច្រើនជាង លោក​ក៏​ចាប់យក​ការងារ​ខាង​គំនូរ​មកដល់​សព្វថ្ងៃ​។

​លោក​ប្រាប់​តាម​ត្រង់​ថា​៖ «​ខ្ញុំ​គិត​រារែក​ម្ដងម្កាល​ដែរ ហើយ​ដឹងថា​ កម្រ​មាន​អ្នកមាន​ដោយសារ​សិល្បៈ​ណាស់ ដូច​ខ្ញុំ​ពិព័រណ៍​ច្រើនដង​ហើយ​កម្រ​លក់ដាច់​ណាស់ យូរៗ​បាន ​១ តែ​ធ្វើ​ដោយសារ​ស្រឡាញ់​»​។

​លោក សុខ បន្ថែមថា​៖ «​តែ​ជាការ​​លើកទឹកចិត្ត​មួយ​ដែរ ក្រោយមក​មាន​វិចិត្រសាល​ដើរតួ​ច្រើន​ដែរ អ៊ីចឹង​មាន​អ្នកចូលរួម​ច្រើន​។ អ្នកខ្លះ​គាត់​ចាប់​ជា​ក្រុម​ធ្វើ​សិល្បៈ​បាន​ទៅ​ក្រៅ មាន​គេ​ចាប់អារម្មណ៍​។ វា​ក៏ដូចជា​ការបើកផ្លូវ​មួយ​ដល់​សិល្បករ​ខ្មែរ​យើង​ជំនាន់​ក្រោយ​ដែរ​»​។​

​សិល្បករ ថន សុខ ឱ្យដឹង​ដែរ​ថា ស្នាដៃ​របស់លោក ចាប់តាំងពី​ឆ្នាំ ២០០៩ ជា​វេលា​ដែល​លោក​បាន​ប្រឡូក​ចូល​វិស័យ​សិល្បៈ​ស៊ប់ ភាគ​​ច្រើន​លោក​ផ្ដោតទៅលើ​ប្រព័ន្ធ​ជំនឿ និង​ពិធីបុណ្យ​។

​សិល្បករ​រូបនេះ​បាន​ពន្យល់​ប្រាប់ថា​៖ «​ដោយសារ​ខ្ញុំ​មាន​បទពិសោធ​កាលពី​តូចៗ និង​ចាប់អារម្មណ៍​ពី​ការផ្លាស់ប្ដូរ​របស់​ជំនឿ​ពីមុន និង​ឥឡូវ​ថា ខុសគ្នា​យ៉ាងដូចម្ដេច ដោយសារ​មូលហេតុ​អី បរិបទ​អី​។ ដូចនេះ​គំនិត​បំផុស យើង​តែង​លើក​រឿង​ណា​ដែល​យើង​ជួប​មិន​ប្រក្រតី ឬ​មិន​សមរម្យ​មក​បង្ហាញ​ក្នុង​ការងារ​សិល្បៈ ចែកជូន​ដល់​ទស្សនិកជន​»​។​

​ជាក់ស្ដែង​ស្នាដៃ «​ក្បាច់​ទឹក​» ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ឆ្នាំ​ ២០១៨ ហើយ​ធ្លាប់​ត្រូវ​បានដាក់​តាំងនៅ​ឡាវ ដែលមាន​ឈ្មោះថា Elevations Laos ដោយ​លោក​គូ​រលើ​ក្រដាស​ទំហំ​ធំ​ជាង​ខ្នាត A4 បន្តិច​។ វា​ជា​ជំហាន​ដំបូង មុននឹង​លោក​បន្ត​វិ​វ​ឌ្ឍ​ជា​ស្នាដៃ​បច្ចុប្បន្ន​សម្រាប់​ពិព័រណ៍​នៅ​សិង្ហ​បុរីនៅ​ឆ្នាំ ​២០១៩ និង​ប៉ារីស នៅ​ឆ្នាំ ​២០២២ នេះ​។​

សិល្បករ​ ថន សុខ​ ម្ចាស់ស្នាដៃសិល្បៈ «ក្បាច់ទឹក»។ រូបថត សហ​ការី

​លោក​បាន​ប្រាប់​ពី​ហេតុផល​ដែល​លោក​យក «​ក្បាច់​ទឹក​» មក​តាំង​​បង្ហាញថា​៖ «​ក្បាច់​មានន័យ​ទូលំ​​ទូលាយមាន​ទាំង​ក្បាច់​របាំ ក្បាច់​ប្រដាល់ ក្បាច់រចនា​លើ​ប្រាសាទ ក្បាច់​តុបតែង​លើ​សម្ភារ​។ បើ​និយាយ​ពី​ក្បាច់​ទឹក វា​ទាក់ទង​ពី​សរសៃទឹក​ពី​ជំនាន់​មុន ដែល​ខ្ញុំ​ឃើញ​គេ​គូរ​ជា​លក្ខណៈ​គំនូរ​បុរាណ ហើយ​ភាគច្រើន​គេ​គូរ​ដដែលៗ​តម​ក​»​។

​សិល្បករ​វ័យ ​៣៨ ​រូបនេះ​បន្តថា​៖ «​ខ្ញុំ​ចង់​បង្កើត​ថ្មី​។ ដូច្នេះ ពី ​១ ​ដំណាក់កាល​ទៅ ១​ ដំណាក់កាល ខ្ញុំ​ចេះតែ​អភិវឌ្ឍ​រហូត​ទៅដល់​ការ​តាំងនៅ​ប៉ារីស ដែល​ត្រូវបាន​ទម្លាក់​ចុះ​កាលពី​ថ្ងៃទី​ ២៦ ខែកុម្ភៈ ហើយ​វា​ប្រហែលជា​បញ្ចប់​ត្រឹមហ្នឹង​ព្រោះ ខ្ញុំ​យល់ថា ឫសគល់ និង​គោលដៅ​វា​ត្រូវ​ចប់​ត្រឹមហ្នឹង​»​។

​ផ្ទាំង​ក្រណាត់​ទាំង ១៨ ​ត្រូវបាន​គ្រប​ដោយ​ពណ៌​ប្រដេញ​គ្នា បង្ហាញ​នូវ​សណ្ឋាន​ទឹក​ខ្លះ​ចេញពី​ចលនា​កំប្លោក ព្រលិត សត្វ​ខ្យង ពស់ ឬ​សត្វ​ល្មូ​ន​។​

​ជម្រើស​ពណ៌​មួយចំនួន​ពិពណ៌នា​បទពិសោធ​របស់​វិចិត្រករ​អំពី​ទឹក​ផ្សេងៗ​គ្នា រាប់​ពី​ពណ៌​ក្រហម​ត្នោត​នៃ​ទន្លេមេគង្គ​ក្នុង​រដូវវស្សា រហូតដល់​ពណ៌​ខៀវ​នៃ​សមុទ្រ ពណ៌​បៃតង​នៃ​ទំនាប និង​ពណ៌​លឿង​ត្នោត​នៃ​ព្រៃកោងកាង​។​

​ពណ៌​ផ្សេងទៀត​ឧទ្ទិស​ដល់​ទឹក ដែល​រំលេច​នៅលើ​ប្រាង្គ​ប្រាសាទ មិន​ថា​ទៅតាម​អាយុកាល សំណឹក ការជួសជុល​ឡើងវិញ ឬ​បង្កើត​ថ្មី​។​

​ស្របពេល​ក្បាច់​ទឹក ត្រូវបាន​បញ្ចប់ សិល្បករ ថន សុខ បាន​និយាយថា​៖ «​ខ្ញុំ​មិនដឹង​ទៅមុខ​យ៉ាងណា ដឹង​ត្រឹមតែ​ថា ខ្ញុំ​នៅតែ​ត្រូវ​បន្ត​សិល្បៈ ព្រោះ​ខ្ញុំ​មិន​ចោល​អ្វីដែល​ខ្ញុំ​ស្រឡាញ់​ទេ​។ ខ្ញុំ​សង្ឃឹម​ប្រជាជន​យើង​មានការ​យល់​ដឹង​ពី​ការងារ​សិល្បៈ និង​ឫសគល់​អំពី​គំនូរ​បន្ថែម ព្រោះ​វា​បង្កប់​ទៅដោយ​អត្ថន័យ ហើយក៏​ចង់ឱ្យ​សិស្ស និង​និស្សិត​ចូលរួម​កាន់តែច្រើន ជាពិសេស​សិល្បៈ​បែប​សហ​សម័យ​»៕