ក្រុង​ហ្សា​ការ​តា: តារា​សម្ដែង​ជនជាតិ​កាណាដា និង​ជា​គ្រូបង្រៀន​សុខភាព​ដែល​អះអាង​ដោយ​ខ្លួនឯង​កំពុង​ប្រឈមមុខ​នឹង​ការ​និរទេស​ចេញពី​កោះ​បាលី ឥណ្ឌូនេស៊ី បន្ទាប់ពី​វីដេអូ​រាំ​ស្រាត​របស់លោក​នៅលើ​ភ្នំ​ដ៏​ពិសិដ្ឋ​មួយ​ត្រូវបាន​ផ្សព្វផ្សាយ​។​

Jeffrey Craigen បាន​បង្ហោះ​វីដេអូ​ដែល​ខ្លួន​កំពុង​ធ្វើ Haka ជា​ពិធី​រាំ​មួយ​នៅក្នុង​វប្បធម៌ Maori របស់​ប្រទេស​នូ​វែ​ល​សេ​ឡង់​ខណៈ​អាក្រាត​​កាយ​នៅលើ​កំពូលភ្នំ​ភ្លើង Mount Batur ដែល​ប្រជាជន​បាលី​ជាច្រើន​ចាត់ទុកជា​ទីឋាន​បរិសុទ្ធ​។​

​លោក​ត្រូវបាន​ឃុំខ្លួន និង​សាកសួរ​កាលពី​ថ្ងៃ​ចន្ទ ​បន្ទាប់ពី​មានការ​តវ៉ា​ពី​សំណាក់​អ្នកប្រើប្រាស់​បណ្ដាញ​សង្គម​ដោយ​ចោទប្រកាន់​លោក​ពីបទ​មិន​គោរព​តម្លៃ​សាសនា​របស់​បាលី​។​

​បច្ចុប្បន្ន​លោក Craigen កំពុង​រង់ចាំ​ការ​និរទេស​ប៉ុន្តែ​អាជ្ញាធរ​និយាយថា​ ក្រុមហ៊ុន​អាកាសចរណ៍​ស្ទាក់ស្ទើរ​ក្នុង​ការជួយ​ដោយសារតែ​លោក​មិនទាន់​ចាក់​វ៉ាក់សាំង​ការពារ​កូ​វីដ​ ១៩​។​

​ប្រធានការិយាល័យ​អន្តោប្រវេសន៍ Denpasar លោក Tedy Riyandi បាន​ប្រាប់ AFP ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​មិនបាន​យល់ព្រម (​ដើម្បី​ដឹកជញ្ជូន​បុរស​រូបនេះ​)»​។​

​មន្ត្រី​បាន​និយាយថា លោក​នឹងត្រូវ​បានដាក់​ចូលក្នុង​បញ្ជីខ្មៅ​ដោយ​រារាំង​មិនឱ្យ​ចូល​កោះ​បាលី​នាពេល​អនាគត​ដ៏​ខ្លី​ខាងមុខ​។​

​ប្រធានការិយាល័យ​អន្តោប្រវេសន៍​កោះ​បាលី លោក Jamaruli Manihuruk និយាយថា លោក Craigen នៅ​ឥណ្ឌូនេស៊ី​តាំងពី​ចុងឆ្នាំ​ ២០១៩ ក្នុងនាម​ជា​ភ្ញៀវទេសចរ និង​ដើម្បី​សិក្សា​ពី​ការព្យាបាល​ជំងឺ​ពុក​ឆ្អឹង​។​

​លោក Craigen បាន​អះអាងថា ខ្លួន​មិនបាន​ដឹងថា​ភ្នំ​នោះ​ជា​កន្លែង​សក្ការៈ​នោះទេ​៕ AFP/HR