ក្រុងប៉ារីស: អាជ្ញាធរ​បារាំង​បានឱ្យដឹង​កាលពី​ថ្ងៃ​ពុធ​ថា នាវា​ពាណិជ្ជកម្ម​បុរាណ​ផ្ទុក​ស្រា ដែល​លាក់ខ្លួន​នៅ​បាតសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​អស់​រយៈពេល​ជាង​ ២​ ពាន់​ឆ្នាំ​មកហើយ​ត្រូវបាន​លួច និង​ធ្វើឱ្យ​ខូចខាត ចាប់តាំងពី​វា​ត្រូវបាន​រកឃើញ​ដោយ​ក្រុម​អ្នក​បុរាណវិទ្យា​។​

​នាវា​មានឈ្មោះ Fort Royal 1 ត្រូវបាន​គិតថា​បាន​លិច​នៅ​ឆ្នេរសមុទ្រ​ក្រុង​កាន ឯ​តំបន់ French Riviera ក្នុងអំឡុង​សតវត្សរ៍​ទី​២ ​មុន​គ​.​ស​។​

​អ្នក​មុជ​ទឹកបាន​បំពេញភារកិច្ច​ក្នុងការ​រុករក​ខ្មោច​នាវា​ជា​ផ្លូវ​ការលើក​​ដំបូង​ ដែល​ត្រូវបាន​រកឃើញ​ក្នុង​ឆ្នាំ ​២០១៧ និង​បាន​រកឃើញថា ក្រឡ​ដីឥដ្ឋ​មួយចំនួន ដែល​ប្រើ​សម្រាប់​ដឹក​​ជញ្ជូន​ស្រា​នា​សម័យ​នោះ​ត្រូវបាន​អ្នក​មុជទឹក​ផ្សេងទៀត​លួច​យកចេញ​។​

​សេចក្តីថ្លែងការណ៍​រួម​ពី​នាយកដ្ឋាន​បុរាណវិទ្យា​សមុទ្រ​នៃ​ក្រសួង​វប្បធម៌​បារាំង និង​ប៉ូលិស​ក្នុង​តំបន់​បានឱ្យដឹងថា​៖ «​បំណែក​ដែល​ត្រូវបាន​អភិរក្ស​យ៉ាង​ល្អ​ពី​សម័យកាល​នេះ​ គឺ​កម្រ​ណាស់​។ នោះ​ហើយ​ជា​មូល​ហេតុដែល​បើកឱកាស​សិក្សា​ពី​តួ​នាវា​ឈើ​និង​ទំនិញ​ គឺ​ពិតជា​ពិសេស​»​។​

​សេចក្ដីថ្លែងការណ៍​បាន​បន្ថែមថា​៖ «​ការបាត់បង់​ព័ត៌មានវិទ្យា​សាស្ត្រ និង​ប្រវត្តិសាស្ត្រ​អាចជា​សំខាន់​ជាល​ទ្ធ​​ផល​នៃ​ការខូចខាត​អំពើចោរកម្ម​បាន​បន្ដ​កើតឡើង​រហូតដល់​ពេល​នេះ​»​។​

​នាវា​នេះ​ត្រូវបាន​រកឃើញ​នៅ​ឆ្នាំ ​២០១៧ ដោយ​គូ​ស្វាមីភរិយា​អ្នក​បុរាណវិទ្យា​សមុទ្រ​បារាំង​ដ៏​ល្បីឈ្មោះ Anne និង Jean-Pierre Joncheray ដែល​បាន​ចំណាយពេល​រាប់​ទសវត្សរ៍​រុករក​នៅ​បាតសមុទ្រ​មេ​ឌី​ទែ​រ៉ា​ណេ​។​

​ខណៈពេល​កំពុង​ពេល​ស៊ើបអង្កេត តំបន់​ជុំវិញ​ខ្មោច​កប៉ាល់​នេះ​ឥឡូវនេះ​ ត្រូវបាន​ហាមឃាត់​សម្រាប់​ការចត ឬ​បរ​នាវា​ឆ្លងកាត់​៕ AFP/HR