​ក្រុង​បាងកក: អំពូល​ភ្លើង និង​ចង្កៀង​តាម​ចិញ្ចើមផ្លូវ​បាន​បំភ្លឺ​ដល់​ឆាកប្រយុទ្ធ​រវាង​បុរស​អត់​ពាក់អាវ​ ២​ នាក់ ខណៈ​ហ្វូងមនុស្ស​បាន​ស្រែក​បន្លឺឡើង​នៅក្រោម​ស្ពាន​អាកាស​ទីក្រុង​បាងកក​។ ក្លិប​ប្រយុទ្ធ​ថៃ (Fight Club Thailand) បើក​ហើយ​»​ ខណៈ​ការប្រកួត​ក្បាច់គុន​នេះ​មាន​លក្ខណៈ​ប្រហាក់ប្រហែល​នឹង​ការ​​ប្រដាល់​ដ៏​ជក់ចិត្ត​មួយ សង្វៀន ដែល​ហ៊ុមព័ទ្ធ​ដោយ​ទូ​កុងតឺន័រ​ដឹកជញ្ជូន​នៅក្នុង​បរិវេណ​ក្បែរ​កំពង់ផែ​ដ៏​ក្រីក្រ​មានការ​ខុសប្លែកគ្នា​ស្រឡះ​ពី​តថភាព​ប្រដាល់​ក្បាច់​មួយ​ថៃ​។​

​សហ​ស្ថាបនិក​ក្លិប ឆា​ណា វូ​រ៉ា​សាត​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន AFP ថា​៖ «​នៅទីនេះ​អ្នក​មិនចាំបាច់​ដឹង​ពី​របៀប​ប្រយុទ្ធ​ទេ​។ អ្នក​គ្រាន់តែ​ត្រូវការ​បេះដូង​វា​ជាការ​ស្រេច​»​។​

​យុវជន​វ័យ ​៣០​ ឆ្នាំ​រូបនេះ ​បាន​បង្កើត​ក្លិប​នៅ​ឆ្នាំ ​២០១៦ ដែល​ ១​ ផ្នែក​ត្រូវបាន​បំផុសគំនិត​ដោយ​ខ្សែ​​ភាពយន្ត​របស់ ប្រេដ ភី​ត ដើម្បីឱ្យ​អ្នក​ប្រយុទ្ធ​មិនមែន​អាជីព​សាកល្បង​ជំនាញ​របស់​ពួកគេ ឬ​គ្រាន់តែ​បញ្ចេញ​កំហឹង​របស់ខ្លួន​ ១ គ្រា​។​

​លោក​ថា​៖ «​ខ្ញុំ​គិតថា វា​មាន​ប្រជា​ប្រិយភាព ដោយសារ​ពួកគេ​មាន​ក្បាច់​ប្រយុទ្ធ​ប្លែកៗ​ទៅតាម​ចិ​ត្ដ​ចង់ ដែល​ខុសពី​អ្នក​ប្រដាល់​អាជីព​»​។

​នោះ​ហើយ​គឺជា​ភាព​ទាក់ទាញ​សម្រាប់​កីឡាករ និង​ជា​ម្ចាស់​ហាង​លក់​គ្រឿងទេស​អាយុ​ ២៣ ​ឆ្នាំ លោក សា​រ៉ា​ថា​ត់ សា​គុល​ឆូ​។

​លោក​បាន​ប្រាប់ AFP ថា​៖ «​វា​ខុសគ្នា​ឆ្ងាយ​ណាស់​ពី​ប្រដាល់​បែប​ប្រពៃណី​ដោយ​ការលុបបំបាត់ និង​កាត់បន្ថយ​ការពិន័យ​ចំពោះ​ការប្រើ​​ប្រាស់​អវយវៈ​ទាំង ៤»​។

អ្នក​ប្រដាល់​នៅ​សង្វៀន​ក្រៅ​ច្បាប់ ភាគច្រើនជា​អ្នក​ប្រកួត​ជើង​ថ្មី​។ រូបថត ​AFP

​លើសពីនេះ​លោក សា​រ៉ា​ថា​ត់ បាន​បន្ថែមថា​៖ «​ការប្រយុទ្ធ​ដោយមាន​កុងតឺន័រ​ជុំវិញ ពិតជា​ផ្ដល់​ការសប្បាយរីករាយ និង​គួរឱ្យ​រំភើប​»​។​

​ក្លិប​ប្រយុទ្ធ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​បាងកក បាន​ហៅ​ខ្លួនឯង​ថា «​សង្វៀន​ដែល​នឹង​ផ្លាស់ប្តូរ​អំពើហិង្សា​ទៅជា​មិត្តភាព​»​។​

​ក្លិប​ទទួលបាន​ការចាប់​អារម្មណ៍ ដោយ​ប្រមូលផ្តុំ​សមាជិក​ហ្វេ​ស​ប៊ុ​ក ៧៣ ០០០ ​នាក់​ ជាការ​ផ្សព្វផ្សាយ​តៗ​គ្នា​អំពី​ការប្រកួត​មិន​ផ្លូវការ​នេះ​។​

​អ្នក​ប្រដាល់​ត្រូវបាន​អនុញ្ញាតឱ្យ​ប្រឹង​ឱ្យអស់​លទ្ធភាព​ក្នុង​ ១ ​ទឹក​ដែលមាន​រយៈពេល​ ៣​ នាទី ដោយ​មិន​មានការ​ប្រកាស​អ្នកឈ្នះ​ ឬ​អ្នកចាញ់​នោះទេ ប៉ុន្តែ​ការប្រកួត​មិន​ត្រូវបាន​រារាំង​អ្វី​ឡើយ​។​

​អាជ្ញាធរ​ត្រូវបាន​ជូនដំណឹង​កាលពី​ឆ្នាំ ​២០១៦ អំពី​ការប្រកួត​ខុសច្បាប់​នេះ ដែល​ចោទប្រកាន់ថា បាន​បំពាន​ច្បាប់​ប្រដាល់​ជាមួយ​ការផ្តន្ទាទោស​ដាក់ពន្ធនាគា​រ ​១ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ប្រហែល​ ៦០០ ​ដុល្លារ ប៉ុន្តែ​ទោះបី​ជាមាន​ប៉ូលិស​ឆ្មក់​ម្ដងម្កាល ក៏ដោយ​ក៏​ការប្រយុទ្ធ​នៅតែ​បន្ត​។​

ចន្លោះស្ពានអាកាស​ក្រុងបាងកក សង្វៀន​ហ៊ុមព័ទ្ធ​ដោយ​ទូកុងតឺន័រ។ រូបថត ​AFP

​ជាមួយគ្នានេះ ក្លិប​ទទូចថា វា​មិន​ត្រូវបាន​គ្រប់គ្រង​ដោយ​ច្បាប់​ប្រដាល់​ទេ ហើយ​សហ​ស្ថាបនិក ឆា​ណា បាន​និយាយថា​ក្រុម​នេះ​ត្រូវបាន​អនុញ្ញាត​ដោយ​មន្ទីរ​រដ្ឋបាលខេត្ត​។​

​លោក​អះអាងថា​៖ «​ខ្ញុំ​មិន​ជំទាស់​នឹង​គំនិត​ប្រែក្លាយ​ការប្រកួត​នេះ​ទៅជា​ប្រដាល់​ត្រូវបាន​អនុញ្ញាត​តាមផ្លូវ​ច្បាប់​នោះទេ​។ ប៉ុន្តែ​ជាមួយគ្នានេះ​យើង​ក៏​មិនគួរ​បាត់បង់​អត្តសញ្ញាណ​ការប្រយុទ្ធ​លួចលាក់​ដែរ​។ ដូច្នេះ​សំណួរ​សួរថា តើ​តុល្យភាព​នៅឯណា​?»​។

​ដោយ​ទទូចថា ការប្រយុទ្ធ​មិន​បង្ខំ​ឱ្យ​ដៃគូ​ស៊ីសាច់ហុតឈាម​គ្នា អ្នក​​ប្រដាល់​ស្ម័គ្រចិត្ត​បរទេស អ៊ីល​យ៉ា អូ​ស្ដ្រូ​ស​ឈិន​កូ ផ្គុំដៃ​ឡើងលើ​ទាំង​អារម្មណ៍​បុក​ពោះ​កណ្ដាល​សង្វៀន​។​

​ប៉ុន្តែ​យុវជន​រុស្ស៊ី អាយុ​ ២២ ​ឆ្នាំរូបនេះ​បាន​និយាយថា​៖ «​ដៃ​របស់ខ្ញុំ​ញ័រ ជង្គង់​របស់ខ្ញុំ​ក៏​ញ័រ​ដែរ ប៉ុន្តែ​នៅពេលដែល​ខ្ញុំ​ឡើងដល់​កណ្ដាល​សង្វៀន ខ្ញុំ​មាន​អារម្មណ៍ល្អ​»៕ AFP/HR