ក្រុង​តូ​ក្យូ: សាលា​ជប៉ុន​មួយ​ត្រូវ​បង់​វិក្កយបត្រ​ទឹក ​២៧ ០០០​ ដុល្លារ ​បន្ទាប់ពី​គ្រូបង្រៀន​ម្នាក់​ដែល​ទទួលបន្ទុក​ថែទាំ​អាងទឹក បាន​បើក​ក្បាល​រ៉ូ​ប៊ី​ណេ​ទឹក​ចោល​អស់​រយៈពេល​ជាច្រើន​ខែ​ដោយ​រំពឹងថា វា​អាច​បញ្ឈប់​ការឆ្លង​មេរោគ​កូ​រ៉ូ​ណា​។​

​គ្រូ​ដែល​មិនត្រូវ​បានបង្ហាញ​អត្ត​សញ្ញាណ​បានគិត​ថា ការ​បើកទឹក​បង្ហូរ​ចោល​ក្នុង​អាង​ជាប្រចាំ​នឹងធ្វើ​ឱ្យ​វា​គ្មាន​មេរោគ​កូ​វីដ ដោយ​លោក​បាន​បើក​ចោល​ចាប់ពី​ចុងខែ​មិថុនា​រហូតដល់​ដើមខែ​កញ្ញា​។​

​មន្ត្រី​ក្រុមប្រឹក្សា​អប់រំ​ក្នុងស្រុក Akira Kojiri បាន​ប្រាប់​ទីភ្នាក់ងារ AFP ជាធម្មតា​សារធាតុ​ក្ល​រី​ន និង​ម៉ាស៊ីន​ចម្រោះ បាន​រក្សា​គុណភាព​ទឹក​ក្នុង​អាង​ប៉ុន្តែ​គ្រូបង្រៀន​រូបនោះ​យល់​ខុស​ថា ការបង្ហូរ​ទឹក​ថ្មី​ចូល ក៏មាន​ប្រសិទ្ធភាព និង​ថែមទាំង​ជួយ​ការពារ​ជំងឺ​កូ​វីដ​ផងដែរ​។​

​បុគ្គលិក​ផ្សេងទៀត​បានកត់សម្គាល់​ឃើញ​ទឹក​ហូរ និង​បាន​ទៅ​បិទ​វា​វិញ​ប៉ុន្តែ​មិត្ត​រួមការ​ងារ ដែល​យល់​ខុស​រូប​នោះបាន​បើក​វា​វិញ​ភ្លាមៗ​។​

​ជា​លទ្ធផល មន្ត្រី​ក្រុមប្រឹក្សា​អប់រំ​ក្នុងស្រុក Akira Kojiri បាន​និយាយថា ទំហំ​ទឹក​ខ្ជះខ្ជាយ​មាន​បរិមាណ​លើសប្រមាណ​ ៤ ​ពាន់​តោន ត្រូវបាន​ប្រើប្រាស់​ក្នុង​រយៈពេល​ជាង ​២ ​ខែ​ប៉ុណ្ណោះ ដែល​វា​គ្រប់គ្រាន់​ក្នុងការ​​បំពេញ​អាងទឹក​ ១១​ ដង​ឯណោះ​។​

​អាជ្ញាធរ​ក្នុង​តំបន់ Yokosuka ក្នុង​ខេត្ត Kanagawa ភាគ​កណ្តាល​ប្រទេស​ជប៉ុន ​ពេលនេះ​កំពុង​ទាមទារ​ឱ្យ​គ្រូបង្រៀន និង​អ្នកគ្រប់គ្រង ​២ ​នាក់ ​បង់ប្រាក់​ពាក់កណ្តាល​នៃ​វិក្កយបត្រ​ចំនួន ៣,៥​ លាន​យ៉េន (​ប្រមាណ ២៧ ០០០ ​ដុល្លារ​)​។​

​អាជ្ញាធរ​ទីក្រុង Yokosuka បានឱ្យដឹង​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា​៖ «​យើង​ពិតជា​សូម​អភ័យទោស​ចំពោះ​អ្នកស្រុក​របស់​យើង​ចំពោះ​ការបង្ក​ការខូចខាត​ផ្នែក​ហិរញ្ញវត្ថុ​ដល់ទី​ក្រុង​របស់​យើង​»៕ AFP/HR