​ក្រុង​ម៉ៃ​អា​មី: ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​រាយការណ៍​ថា កូនក្រមុំ​នៅ​រដ្ឋ​ហ្វ្ល​រី​ដា​ម្នាក់ និង​អ្នកធ្វើ​ម្ហូប​របស់​នាង​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​មានការ​​លេងសើច​ផ្ដេសផ្ដាស​មួយ ដែល​ពួកគេ​ត្រូវបាន​គេ​ចោទប្រកាន់ថា បាន​លួច​ដាក់​កញ្ឆា​ចូលក្នុង​អាហារ​នៅ​ពិធីមង្គលការ​របស់​នា​ង​ក្នុង​ខែកុម្ភៈ​។​

​យោងតាម​ឯកសារ​របស់​តុលាការ​អាជ្ញាធរ​បាន​ទៅដល់​កន្លែង​រៀបចំ​អាពាហ៍ពិពាហ៍​របស់ អេ​នដ្រូ ស្វូ​បូ​ដា និង ដាន​យ៉ា ស្វូ​បូ​ដា បន្ទាប់ពី​ភ្ញៀវ​របស់​ពួកគេ​ជាច្រើន​នាក់​បាន​ទូរស័ព្ទ​ទៅ​សេវា​សង្គ្រោះ បន្ទាន់​ដោយសារ​មាន​អារម្មណ៍​មិន​ស្រួលខ្លួន​។​

​លោក ដោក​ឡាស ផូ​ស្មា ដែលជា​ពូ​របស់​កូនកំលោះ​បាន​ប្រាប់​អ្នកឆ្លើយឆ្លង​ព័ត៌មាន​ថា លោក​បាន​កត់សម្គាល់ឃើញ​បេះដូង​លោត​ញាប់​ខុស​ប្រក្រតី​ហើយ​ចាប់ផ្តើម​មាន​អារម្មណ៍​ប្លែក​ បន្ទាប់ពី​បាន​ញ៉ាំ​ញាំ​សាលាដ Caesar salad ប៉ា​ស្តា និង​នំប៉័ង​។​

​សក្ខីកម្ម​នេះ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​ភ្ញៀវ​ផ្សេងទៀត​នៅក្នុង​ពិធី​ដែល​បានប្រារឰ​ធ្វើ​នៅក្នុង​ទីក្រុង Longwood ភាគ​ខាងជើង​នៃ​ទីក្រុង Orlando​។ ប្រពន្ធ​របស់លោក ផូ​ស្មា មាន​អាការ​កាន់តែ​ដុនដាប ហើយ​អ្នកស្រី​ត្រូវ​បញ្ជូនទៅ​មន្ទីរពេទ្យ ដែល​រកឃើញ​សមាសធាតុ​កញ្ឆា​ប៉ះពាល់​ផ្លូវ​ចិ​ត្ដ​នៅក្នុង​ឈាម​របស់​អ្នកស្រី​។​

​កញ្ញា មី​រ៉ា​ន់​ដា ខា​ឌី ជា​មិត្តភក្ដិ​កូនក្រមុំ​មាន​អារម្មណ៍​ថា «​បេះដូង​លែង​ចង់​លោត​» បន្ទាប់ពី​ញ៉ាំ​នំ​បុ័ង​ជាមួយ​ប្រេង​អូ​លីវ​។​

​អ្នកធ្វើ​ម្ហូប​ឈ្មោះ ចូ​អី​សេ​លីន ម៉ុង​ទ្រី​ណៃ ប្រ៊ី​យ៉ាន់ បាន​សារភាពថា បានដាក់​កញ្ឆា​ក្នុង​អាហារ​។​

​កូនក្រមុំ ក៏បាន​បញ្ជាក់​ផងដែរ​ថា ​អាហារ​នោះ​ត្រូវបាន​បន្ថែម​កញ្ឆា​ក្នុង​បំណង​ចង់​លេងសើច​ប៉ុណ្ណោះ​។​

​អ្នក​ទាំង ​២ ត្រូវបាន​ចោទប្រកាន់​ពីបទ​រំលោភច្បាប់​រដ្ឋ​ប្រឆាំងនឹង​ការ​​បំភ្លៃ​អាហារ​ និង​កញ្ឆា ព្រមទាំង​ការ​​ធ្វេសប្រហែស​៕ AFP/HR