ក្រុង​យ៉ាមូស៊ូក្រូ៖ លោក​ អាហ្ស៊ីស អាលីបៃ ​កំពុង​បង្ហាញ​អ្នកទស្សនា​នូវ​ក្តី​ស្រឡាញ់​ដ៏​ធំ​របស់ខ្លួន​​ជា​ការប្រមូលផ្ដុំ​នៃ​ខ្មោច​​យន្តហោះ​ដ៏​គួរឱ្យភ្ញាក់ផ្អើល ដែល​​លោក​​ចង់​ប្រែ​ក្លាយទៅជា​កន្លែង​ទាក់ទាញ​ទេសចរណ៍ដ៏​ប្លែក​ភ្នែក​។​

លោក​និយាយថា៖​ «នោះ​ជា DC-10 នៅក្បែរ​វា​អ្នកមាន Fokker 28 នៅ​ទីនោះ​មាន Boeing 737s ... »។

​​យន្ដហោះ​ ដែល​ស្ថិត​ក្នុង​សភាព​ទ្រុដទ្រោម​នៅលើ​បរិវេណ​ដី​របស់​លោក ​នៅទីក្រុង សុនហ្គូន ​​ចន្លោះ​ព្រៃ និង​បឹង​ប្រហែល៣០គីឡូម៉ែត្រ ពី​រដ្ឋធានី​សេដ្ឋកិច្ច អាប៊ីដចាន់ ​របស់​កូត​ឌី​វ័រ។​

​ប៉ុន្តែលោក អាលីបៃ​ ជា​សហគ្រិន​ដែលមាន​ភាពស្មោះត្រង់​។ ក្នុង​វ័យ៧០ឆ្នាំ​របស់​លោក​មិន​ចង់​ឮ​ពាក្យ​ថា តំបន់​នេះ​ត្រូវបាន​ចាត់​ទុក​​ជា «កន្លែង​ចោល​ខ្មោច​យន្តហោះ» នោះទេ។​

​សម្រាប់​លោក ​អតីត​យាន​ហោះហើរ​លើ​មេឃ​ធុន​ធំ​ទាំង​នោះ​​គឺ​សក្តិសមនឹង​ផ្ដល់តម្លៃ ​ហើយ​ពួកវាក៏ទំនង​​ជា​អ្នករក​ប្រាក់​ដុល្លារ​ដ៏​មាន​សក្តានុពល​ផងដែរ។​

​​

លោក​ អាហ្ស៊ីស អាលីបៃ ​បង្ហាញ​បន្ទប់បញ្ជា​យន្តហោះ ដែល​ស្ថិត​ក្នុង​​សភាព​ទ្រុដទ្រោម​នៅទីក្រុង សុនហ្គូន។ AFP

ក្រោយ​​​វិបត្តិ​ក្រោយ​ការបោះឆ្នោត​ឆ្នាំ២០១០-២០១១ ​ដែល​បានសម្លាប់​មនុស្ស​ប្រហែល៣ពាក់​នាក់​នៅក្នុង​ប្រទេស​កូត​ឌី​វ័រ អ្នកជំនួញ​រូបនេះ​បាន​សម្រេច​ចិត្ត​ទិញ​យន្តហោះ​ ដែល​ត្រូវបាន​គេបោះបង់​ចោល​នៅ​អាកាសយានដ្ឋាន អាប៊ីដចាន់។​

​លោក​បាន​និយាយថា​៖ «​វាពិតជា​តម្លៃ​បំផុត​ តែ​​ខ្ញុំ​រំភើប​ខ្លាំងណាស់​ដោយ​មិន​ចាំ​​តម្លៃ​របស់ទេ»។​

​យន្តហោះ​ចំនួន ​៨ គ្រឿង ​​ត្រូវបាន​​ដាក់​តម្រៀប​​នៅលើបរិវេណ​​ប្រវែង ៨០០ ម៉ែត្រ ដែល​នាំមនុស្ស​ទៅដល់​បឹង​ដ៏​ស្ងប់ស្ងាត់។​

​លោក​បាន​រំឭកថា​៖ «​យន្តហោះ​ខ្លះ​ត្រូវ​កាត់​ជា​ពីរ ឬ​បី​កំណាត់​​ដើម្បី​អាច​ដឹកជញ្ជូន​បាន​​ដោយ​មិន​បិទផ្លូវ​ទាំងមូល​»។​

​ថ្ងៃនេះលោក​​ចង់​ផ្តល់ឱ្យ​យន្តហោះ​ ដែលត្រូវបាន​​គេ​បោះបង់ចោល​​ ក្នុង​បំណង​ផ្ដល់នូវ​ជីវិត​​លើកទី ២​ដល់​ពួកវា។ នេះ​​ជា​ចំណង់​ចំណូលចិត្ត​ដែល​លោក​​ចែករំលែក​ជាមួយ​ភ្ញៀវ​មាន​បំណង​​ចង់ដឹង​ចង់ឃើញនូវ​យាន​ធ្លាប់ហោះហើរ​លើអាកាស​ទាំងនេះ។​

​លោក​​បាន​ប្រាប់ទីភ្នាក់ងារ AFP ថា៖«​ខ្ញុំ​ចង់​ប្រែក្លាយ​​យន្ដហោះ​​ទាំងនោះ​ទៅជា​បន្ទប់​សន្និសីទ ភោជនីយដ្ឋាន ហើយ​ហេតុអ្វី​​មិនអាច​​? វា​អាច​ជា​បន្ទប់​គេង​ដ៏​ប្រណីត​»។​

លោក អាលីបៃ​ ក៏​នឹង​រៀបចំ​​បរិវេណ​​​ត​ភ្ជាប់​ទីធ្លារ​ធំទូលាយ​​ទាំងពីរ ដែល​អ្នកទស្សនា​អាច​ពិសា​ភេសជ្ជៈ​បាន។​

​លោក​ និយាយ​ទាំង​អស់​សំណើច​ថា៖ «​យើង​បាន​​​កែច្នៃ​ច្រើនណាស់។​ ការបង្ហាញ​សមាសធាតុ​យន្តហោះ​នៅក្នុង​សារមន្ទីរ​​ ការ​បង្ហាញ​ពី​ផ្នែក​វិសេស​​បំផុត​របស់​យន្តហោះ នោះ​ក៏​ជា​អ្វីដែល​ខ្ញុំ​ចង់​ធ្វើ​ដែរ»៕ AFP/HR ​

​​

ក្នុង​វ័យ៧០ឆ្នាំ​របស់​លោក​មិន​ចង់​ឮ​ពាក្យ​ថា តំបន់​នេះ​ត្រូវបាន​ចាត់​ទុក​​ជា «កន្លែង​ចោល​ខ្មោច​យន្តហោះ» នោះទេ។​ AFP