ក្រុង​តូក្យូ៖ មឹក​យក្ស​ប្រវែង ៣,៣៥ ម៉ែត្រ ត្រូវបាន​​ប្រទះ​ឃើញ​នៅមាន​ជីវិត​លើ​ច្រាំង​សមុទ្រ​ភាគ​ខាងលិច​ប្រទេស​ជប៉ុន។​

​តាមធម្មតា មឹក​យក្ស​រស់នៅក្នុង​សមុទ្រ​ជ្រៅ ហើយ​វាពិតជាកម្រ​ខ្លាំងណាស់​ ដែលសត្វ​ដ៏​ធំ​នេះ​​​បាន​មក​ទើ​លើ​ច្រាំង​ទាំង​រស់។ ឥឡូវ​នេះ មឹក​​យក្ស​ត្រូវបាន​​​ដឹក​ទៅ​អាង​ចិញ្ចឹម​ត្រី​ដើម្បីស្រោចស្រង់។​

​មឹក​នេះ​ត្រូវបាន​ប្រទះ​ឃើញ​កាលពី​ថ្ងៃ​ពុធ សប្ដាហ៍​មុន​​នៅឯ​ឆ្នេរ Ugu ក្នុង​ទីក្រុងអូបាម៉ា​​ខេត្តហ្វូគូអ៊ិ​។ កាលពី​ថ្ងៃ​សុក្រ ទីភ្នាក់ងារ​ព័ត៌មាន AFP បាន​បង្ហោះ​វីដេអូ​មួយ​អំពី​មឹក​បាន​បោកបក់​មក​ច្រាំង ដែលទទួលបានការ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង។​

​របាយការណ៍​មួយ​របស់​កាសែត​ជប៉ុន Mainichi ដែល​ដកស្រង់​សម្តី​របស់រដ្ឋបាល​ក្រុងអូបាម៉ា​​ បាន​និយាយថា មឹក​នៅមាន​ជីវិត និង​ធ្វើចលនា​រស់រវើក​​ពេល ដែល​វា​ត្រូវបាន​​​រកឃើញនៅ​ឆ្នេរ។​

​របាយការណ៍​ខាងលើ​បាន​បន្ថែមថា ពេលនេះសត្វ​មឹក​ត្រូវបាន​ប្តូរ​ទៅ​អាង​ចិញ្ចឹម​ត្រី Echizen Matsushima Aquarium ក្នុង​ទីក្រុងសាកៃ ​​ហើយ​បានបង្ហាញ​វីដេអូ​មួយ​ដែល​ក្រុមមន្ត្រី​កំពុងធ្វើការ​វាស់វែង​​ប្រវែង​​សត្វ​នេះ។​

​មឹក​យក្ស​​ដែល​រស់នៅ​​ទឹក​ជ្រៅជាសត្វ​ពូកែលាក់ខ្លួន និង​កម្រប្រទះណាស់។ ពួកវា​ជា​ពពួកសត្វ​ដៃច្រើនដែលមានទំហំ​​ដ៏​ធំ​បំផុត ​និង​​អាចលូតលាស់​ដល់​​​ប្រវែង​រហូត​ដល់១៣ម៉ែត្រឯណោះ​​។​

​អាយុកាល​របស់មឹកយក្ស​ពុំ​វែងប៉ុន្មានទេ ដោយពួកវា​អាច​​រស់រាន​​បានត្រឹមតែ ៥ ទៅ ៦ ឆ្នាំ​ប៉ុណ្ណោះ។ នេះ​បើ​យោងតាម​អ្នកស្រាវជ្រាវ​ជីវជម្រុះ៕ AFP/HR