ក្រុងតូក្យូ៖ អ្នកស្រី ម៉ាសាយ៉ូ អ៊ីស៊ូរូហ្គី​ បានចូល​ក្នុង​ស្តង់​មួយ​នៅ​ជាន់​ទី​ប្រាំមួយ​នៃ​អគារ​តូ​ក្យូ​ដ៏​ស្រស់ឆើតឆាយ​ ផ្ដល់​ការ​ស្កែ​ន​អត្តសញ្ញាណប័ណ្ណ និង​រង់ចាំ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​ដើម្បី​ប្រគល់​​ធាតុ​​របស់​ស្វាមី​​​​​របស់​អ្នកស្រី។​

​មនុស្ស​កាន់តែ​ច្រើនឡើង​នៅក្នុង​ប្រទេស​ជប៉ុន​កំពុង​បំបែក​ទំនៀម​ទំលាប់​លើ​ការ​បញ្ចុះសព និង​ការ​កាន់ទុក្ខ ដោយ​ប្តូរ​ពីការ​​បញ្ចុះសព​នៅ​ស្រុកកំណើត ទៅ​ជា​​​ទំនើបកម្ម​​ចំពោះ​ការ​រៀបចំ​​ផ្នូរ។​

​ទ្វារ​ឈើ​ដ៏​ឡូយៗ​នៅ​ខាងក្នុង​ ដែល​មាន​រូប​រាង​ដូច​​ជណ្តើរយន្ត​នៅ​សណ្ឋាគារ​ប្រណីត​មួយ ហើយស្លាក​ឈ្មោះ​ក្រមៅ​​ដ៏មាន​ពន្លឺ​ផុស​ចេញពី​​ប្រអប់​ផ្ទុក​​កោដ្ឋ​​ដាក់​ធាតុ​ស្វាមី​​​នៅ​ចំ​កណ្តាល ខណៈដែល​រូបថត​របស់លោក​​លេចឡើង​នៅលើ​អេក្រង់។​

អ្នកស្រី អ៊ីស៊ូរូហ្គី អាយុ ៦០ ឆ្នាំ​បាន​ប្រាប់ AFP ថា៖ «​ដំបូង​ខ្ញុំ​គិតថា​ប្រហែលជា​កន្លែង​ទាំងនេះ​អាច​​​ត្រជាក់ឯកា ហើយ​ថា​ខ្ញុំ​​​ចូលចិត្ត​ផ្នូរ​បុរាណ​នៅលើ​ដី។ ​ឥឡូវនេះ​ខ្ញុំ​មាន​អារម្មណ៍​ថា វា​ជាការដ៏​ប្រសើរ​ជាង​ក្នុងការ​មាន​កន្លែង​ ដែល​ខ្ញុំ​អាច​ទៅលេង​បាន​គ្រប់​ពេលវេលា​តាម​ចិត្ដ​ចង់​ ហើយងាយស្រួល​ធ្វើការ​បួងសួង​ជាជាង​ការ​មាន​ផ្នូរ​សព​បែក​គ្រួសារ​ ដែល​ខ្ញុំ​កម្រ​នឹងមាន​ពេល​​ទៅលេង​»។​

​តាម​​ប្រពៃណី​នៅក្នុង​ប្រទេស​ជប៉ុន សាកសព​បូជា​ត្រូវ​បានដាក់​ក្នុង​ផ្នូរ​របស់​គ្រួសារ​ ដែល​ប្រើប្រាស់​អស់​ជាច្រើន​ជំនាន់ ហើយ​ត្រូវបាន​ថែរក្សា​ដោយ​កូនប្រុស​ច្បង​របស់​គ្រួសារ។​

ព្រះពុទ្ធ​​សរុប​ជាង ២​ពាន់​អង្គ​តំណាងឱ្យ​សព​នីមួយ​ៗ ​​ដែលធាតុ​របស់​ពួកគេ​​ត្រូវបាន​រក្សាទុក​នៅ​ទីនោះ។ AFP

ប៉ុន្តែ​ចំនួន​ប្រជាជន​វ័យ​ចំណាស់​​​ដ៏​ច្រើន​​របស់​ប្រទេស​នេះ​​ធ្វើឱ្យមាន​អតុល្យភាព​រវាង​ចំនួន​ផ្នូរ​ថ្មី​ ដែល​ត្រូវការ​ការ​ថែទាំ​ និងហើយ​មនុស្សវ័យ​ក្រេង​ជំនាន់ក្រោយ​ពិបាក​នឹង​រក្សា​ឆន្ទៈ​ថែរក្សា​កន្លែងតជំនាន់​ទាំងនេះ។​

​លោកតេជគុណ​ តូម៉ូហ៊ីតុ ហ៊ីរ៉ូសេ​​ ព្រះសង្ឃ​គង់នៅ​ព្រះវិហារ​បានសម្រេច​​សាងសង់​ទីតាំងបញ្ចុះ​សព​​ទំនើប​នេះប ន្ទាប់ពី​អគារ​ចាស់​របស់​​អារាម​​​បាន​ខូចខាត​យ៉ាងតំណំ​​ក្នុង​​គ្រោះ​រញ្ជួយ​ដី​ឆ្នាំ ២០១១។​

​ធាតុ​​ត្រូវបាន​ផ្ទេរ​ទីរំឭក​ការ​ចងចាំ​​សមូហភាព ប៉ុន្តែ​ឈ្មោះ​បុគ្គល ឬ​លេខ​កូដ QR ត្រូវបាន​គេ​ឆ្លាក់​នៅលើ​​ស្លាក​ឈ្មោះ ​ដើម្បី​ផ្តល់​​ឱ្យ​ផ្នូរ​សព​មួយ​ចំនួន​នូវអត្តសញ្ញាណ​ដ៏ងាយស្រួល​ដល់សាច់ញាតិ។

ព្រះសង្ឃ​បាន​សន្យាថា ​នឹង​បន្តប្រពៃណី​ធ្វើ​ពិធីបួងសួង​ដល់​វិញ្ញាណក្ខន្ធ​អ្នក​ដែល​បានចែកឋាន​​ទៅដូច​ពីមុនដែរ។

​​ព្រះ​តេជគុណ​​មានសង្ឃដីកា​ថា ​អគារ​ថ្មីដែល​រួមមាន​អារាម​ជាកន្លែង​គង់​នៅ​របស់ព្រះអង្គ និង​ជាទីស្មសាន្ដ​​​ បាន​ធ្វើការ​កែច្នៃ​ទីកន្លែង​ ​ដែលមាន​អាយុកាល​តាំងពី​ឆ្នាំ​១៦០៨​ឱ្យ​រស់រាន​ឡើងវិញ។​

រីឯ​លោកតេជគុណ​ តូម៉ូហ៊ីតុ ហ៊ីរ៉ូសេ បាន​និយាយថា​៖ «វា​ផ្តល់នូវ​រចនាប័ទ្ម​ថ្មី។ គ្រួសារ​ជាច្រើន​យល់ថា ​វា​ងាយស្រួល​ក្នុងការ​ទៅលេង​ផ្នូរ​របស់​ពួកគេ​»។​

ការ​ចំណាយរក្សាធាតុ​នៅ​ផ្នូរ​ទំនើប មាន​​តម្លៃ​ជា​មធ្យម​ប្រហែល៧១០០​ដុល្លារ ​ឬ​​​ពាក់កណ្តាល​នៃតម្លៃ​​ផ្នូរ​បុរាណ។​ AFP

កន្លែង​បញ្ចុះសព​ទំនើប​មិន​ត្រឹមតែផ្ដល់​ភាព​​ងាយស្រួល​ជាង​ប៉ុណ្ណោះ​ទេ ប៉ុន្តែការ​ចំណាយ​ក៏​ថោក​​​ជាមួយនឹង​តម្លៃ​ជា​មធ្យម​ប្រហែល៧១០០​ដុល្លារ ​ប្រហែល​ពាក់កណ្តាល​នៃតម្លៃ​​ផ្នូរ​បុរាណ។​

​អារាម​ Kokokuji ដែល​ត្រូវបាន​បង្កើតឡើង​នៅ​ទីក្រុង​តូ​ក្យូ​ក្នុង​ឆ្នាំ១៦៣០ ក៏​បាន​បង្កើត​ជា​បរិវេណ​​រាងអដ្ឋកោណ ​ដែល​​ជញ្ជាំង​ចាប់​ពី​កម្រាល​ឥដ្ឋ​ដល់​​​ពិ​ដាន​រំលេច​នូវ​​​ចម្លាក់​ព្រះ​ពុទ្ធរូប​កែវ​ជា​ច្រើន​អង្គ​។​

​​ព្រះពុទ្ធ​​សរុប​ជាង ២​ពាន់​អង្គ​តំណាងឱ្យ​សព​នីមួយ​ៗ ​​ដែលធាតុ​របស់​ពួកគេ​​ត្រូវបាន​រក្សាទុក​នៅ​ទីនោះ។ នៅពេលដែល​ភ្ញៀវ​ស្កែ​ន​អត្តសញ្ញាណប័ណ្ណ ឬ​បញ្ចូល​ឈ្មោះ​សមាជិក​គ្រួសារចែកឋាន​ ព្រះពុទ្ធ​រូប​ដែលភ្ជាប់​ជាមួយ​ផ្នូរ​មនុស្ស​ជាទី​ស្រឡាញ់​របស់​ពួកគេ​ត្រូវបាន​បំភ្លឺ។​

​ព្រះសង្ឃតៃជុន យ៉ាជីម៉ា ដែល​សាងសង់​អគារ Ruriden ជាមួយក្រុម​​វិចិត្រករ និង​វិស្វករ​​មាន​សង្ឃដីកា​ថា៖ «​កូនៗ​គួរតែថែទាំ​​ផ្នូរ និងនឹក​​ចងចាំ​ដួង​ព្រលឹង​ឪពុកម្តាយ។ ប៉ុន្តែ​ការ​ពិតជាក់ស្ដែង​ ​គឺ​វា​មិនអាច​ទៅរួច​ទេ​ប្រសិនបើ​ផ្នូរ​ស្ថិត​នៅទីឆ្ងាយៗ​។ ​​ខ្ញុំ​បានគិត​អំពី​របៀប​ ដែល​មនុស្សដ៏មមាញឹក​​ទាំងនោះ​អាច​​សម្រាក​វេលា​ជីវិត​ចុងក្រោយ​​ប្រកប​ដោយ​ភាពកក់ក្តៅ។ ទីនេះ​ហើយ​​គឺជា​ចម្លើយ»៕ AFP/HR ​

អគារ​តូ​ក្យូ​ដ៏​ស្រស់ឆើតឆាយ​ ផ្ដល់​ការ​ស្កែ​ន​អត្តសញ្ញាណប័ណ្ណ និង​រង់ចាំ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​រក្សា​ធាតុ​អ្នកចែកឋាន។ AFP​