ក្រុងឡុងដ៍៖ អង្គការ​សប្បុរសធម៌​សត្វ SPCA របស់​ស្កុតលែន ​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ថា ឆ្មា​ដែល​បាន​បាត់​ខ្លួន​ជា​យូរ​មកហើយ​មួយ​ក្បាល ​បាន​ជួបជុំ​ជាមួយ​ម្ចាស់​របស់​វា​ក្នុងប្រទេស​ស្កុ​តឡែ​នវិញ​បន្ទាប់ពី​ត្រូវ​បាន​រកឃើញ​​ក្នុង​កុងតឺន័រ​ដឹកជញ្ជូនឯ​​កន្លែង​ខួង​យក​ប្រេងសមុទ្រ​ខាងជើង។​

​អង្គការ​សប្បុរសធម៌​បាន​ឱ្យ​ដឹង​ថា​ឆ្មា​ខ្មៅ​ភ្នែក​ម្ខាង​ត្រូវបាន​រកឃើញ​នៅ​ឯ​​កន្លែង​ខួង​យក​ប្រេងក្បែរ​​កំពង់ផែ Peterhead ​លើ​​ឆ្នេរសមុទ្រ Aberdeenshire ភាគ​ឦសានស្កុ​តលែន។​

​មួយថ្ងៃ​បន្ទាប់ពី​កម្មករ​នៅ​កន្លែង​ខួង​​​រ៉ែ​បាន​ទាក់ទង​ទៅ​អង្គការ​សប្បុរស-ធម៌ឆ្មា​ត្រូវបាន​បញ្ជូន​ត្រឡប់មកវិញ​តាម​ឧទ្ធម្ភាគចក្រ។​

​មន្ត្រី​សង្គ្រោះ Aimee Findlay បាន​និយាយថា៖«​យើង​មិនដឹងថា​តើ​ឆ្មា​​ទៅ​ដល់​ទី​នោះ​ដោយរបៀប​មេច​នោះទេ​ ប៉ុន្តែ​វា​បាន​បង្ហាញ​ខ្លួន​នៅ​ចំណត​ឧទ្ធម្ភាគចក្រ​នៅព្រឹកនេះ​​»។​

​ឆ្មា​បាន​ចំណាយពេល ៥ ឆ្នាំ​រស់នៅ​តំបន់ខួង​រ៉ែប្រេង​នៅ​សមុទ្រ ក្រោយ​ពីវា​​​​វង្វេង​នៅ​ជុំវិញ​តំបន់​កំពង់ផែ Peterhead។ ​បុគ្គលិក​នៅ​ពន្ធនាគារ​ក្បែរ​​នោះបាន​ផ្តល់​អាហារ​ដល់​វា ​ហើយវា​​ត្រូវបាន​គេហៅថា​ «ចូ ភ្នែក​មួយ​»។​

​​ឆ្មា​ឈ្មោល​នេះទំនង​ជា​​​បាន​ចូល​ទៅ​ក្នុង​កុងតឺន័រ​ដឹកជញ្ជូន​នៅ​កំពង់ផែ មុន​​​ទៅដល់​អណ្ដូង​រ៉ែ​ប្រេង​។​

​នៅពេលដែល​ពេទ្យសត្វ​​ឆែកវា​រក​ព័ត៌មានក្នុង​បន្ទះ​ឈីប​​​ វា​បាន​បង្ហាញ​​ថា​ ឆ្មាអនាថា​នេះ​ទំនង​ជា​​​មាន​ម្ចាស់​កំពុង​រង់ចាំ​វា។​

​អង្គការ​សប្បុរសធម៌​សត្វ បាន​ឱ្យ​ដឹង​​ថា៖ «វាទំនង​ជា​មាន​​ឈ្មោះ​ពិតថា​ Dexter ហើយ​វា​​បាន​បាត់​ខ្លួន​អស់​រយៈពេល៥ឆ្នាំ​មកហើយ»។ ​

អង្គការអាចទាក់ទង​ម្ចាស់​របស់​វា ​និង​ប្រគល់​​ឆ្មា​វិញ។​

​អង្គការ​សប្បុរសធម៌​បាន​បន្ដថា​៖ «យើង​​រីករាយ​ណាស់​ ដែល​វា​ត្រូវបាន​មើល​ថែ​យ៉ាង​ល្អ​ក្នុង​កំឡុង​​​ពេល​​វា​បាត់​​ខ្លួន។ ប៉ុន្តែ​កាន់​តែ​រីករាយ​ដែល​យើង​​​អាច​នាំ​វា​មក​ជួប​​ម្ចាស់​ដើម​វិញ​ដោយសារ​តែ​ប្រព័ន្ធ​មីក្រូ​ឈី​បដ៏​​ទាន់​សម័យ»៕ AFP/HR