​ភ្នំពេញៈ ស្នាដៃ «​ដុះស្លាប​» ទាំង ២០ ​ផ្ទាំង របស់លោក​គ្រូ លាង ស៊ី​កន សិល្បករ​ល្បី​មួយរូប​លើ​ឆាក​អន្តរជាតិ នឹងត្រូវ​បានដាក់​តាំង​នៅ​វិចិត្រសាល ​Rossi & Rossi ក្រុង​ហុងកុង ចាប់​​ពីថ្ងៃ​ទី ​២១ ខែ ឧសភា ឆ្នាំ​ ២០២២​។ សិល្បករ​ជើងចាស់​រូបនេះ​ក៏បាន​សហការ​ជាមួយ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) ដោយ​ប្រកា​សលក់​ស្នាដៃ​មួយ​របស់លោក​ឈ្មោះថា «​កើត​ម្ដងទៀត​ជា​ផ្កាឈូករ័ត្ន​ដ៏​ស្រស់​​ស្អាត​» ដើម្បី​បរិច្ចាគ​ជូន​អង្គ​ការស្ដារ​ស្ថាបត្យកម្ម​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​។

​ជា​អង្គការ​មួយ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ញូវយ៉ក WMF ដែល​បានធ្វើ​កិច្ចការ​ជួសជុល​ប្រាសាទ​បាក់​ខែង អស់​រយៈពេល​ជាង ២០ ​ឆ្នាំ​ នៅ​តំបន់​បេតិកភណ្ឌ​វប្បធម៌​ប្រវត្តិសាស្ត្រ​អង្គរ ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​ការពារ និង​កសាង​ប្រទេស​ឆ្លងកាត់​ភ្លើង​​សង្គ្រាម ហើយ​បច្ចុប្បន្ន​អង្គការ​នេះ​កំពុង​ជួយ​កសាង​ស្ដារ​អ៊ុយ​ក្រែ​ន​។​

​អ្នកនាង ប៉ុក ម៉ា​រី​ណា ជា​អ្នករៀបចំ​ពិព័រណ៍​នៅ Preview in Phnom Penh និង​ជា​អ្នក​ផ្តួចផ្តើម​ភាពជា​ដៃគូ​ជាមួយអង្គការ WMF ជាមួយ​ស្នាដៃ​គំនូរ «​កើត​ម្ដងទៀត​ជា​ផ្កាឈូករ័ត្ន​ដ៏​ស្រស់ស្អាត​» ដើម្បី​គាំទ្រ​តំបន់​បេ​តិក​​ភណ្ឌ​នៅ​អ៊ុយ​ក្រែ​នបាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ឥឡូវ​លោកគ្រូ​សម្រេចចិត្ត​បរិច្ចាគ​ទៅខាង WMF​។ WMF ពិតជា​សប្បាយចិត្ត​ណាស់ ដែល​ទទួល​​បាន​ព័ត៌មាន​ថា មាន​សិល្បករ​ខ្មែរ​នៅ​ស្រុក​ខ្មែរ​ចង់​ជួយ​អ៊ុយ​ក្រែ​ន​។ ពេលនេះ​យើង​កំពុង​ចាប់ផ្ដើម​យុទ្ធនាការ​ផ្សព្វផ្សាយ​លក់ ដោយ​យើង​ទុក​នៅ​អង្គការ WMF នៅ​ស្រុក​ខ្មែរ ដែលមាន​ទីតាំងនៅ​សៀមរាប​»​។

​ជា​សិល្បករ​ពហុ​ទម្រង់ លោក ស៊ី​កន បាន​បញ្ជាក់ថា ស្នាដៃ​គំនូរ​ខាងលើនេះ លោក​បង្កើតឡើង​ក្នុង​បំណង​ស្វែងរក​ថវិកា​ជួយ​ស្ដារ​ការ​​ខូចខាត​នៅ​អ៊ុយ​ក្រែ​ន​។

​ប៉ុន្តែ​ជាជាង​ទទួល​ថវិកា​ដោយ​លក់​ស្នាដៃ​ជូន​បុគ្គល​ឯកជន សិល្បករ​រូបនេះ​មាន​ក្ដី​ប្រាថ្នា​ចង់ឱ្យ​គំនូរ​របស់ខ្លួន បាន​ទៅ​ដល់ដៃ​សហគមន៍​ក្រោម​ការចូលរួមចំណែក​ពី​មនុស្ស​ម្នាក់ៗ ដើម្បី​យក​វា​ទៅ​ដាក់​តាំងនៅ​សារមន្ទីរ ឬ​វិចិត្រសាល​ណាមួយ​។​

​លោក​លើកឡើងថា​៖ «​ពេលខ្លះ ខ្ញុំ​ឆ្ងល់​ដែរ អ្នកខ្លះ​ស្រឡាញ់​អី​ចង់​លួច​យកមក​ដាក់​ក្នុងផ្ទះ​ខ្លួនឯង​។ ខ្ញុំ​មិន​គិត​អ៊ឹ​ចឹ​ង​ទេ ខ្ញុំ​សឹងតែ​ថា ឱ្យតែ​មានអី​ល្អ ខ្ញុំ​ចង់​ដាក់​សារមន្ទីរ បើ​គេ​កុំ​យកទៅលក់​បន្ត ព្រោះ​គ្រប់គ្នា​គ្រប់​ជំនាន់​គេ​ឃើញ អ៊ឹ​ចឹ​ង​យើង​គួរតែមាន​មោទនភាព​»​។

​រីឯ​គំនូរ​ទាំង ២០ ​ផ្ទាំង លោក ស៊ី​កន បានឱ្យដឹងថា លោក​បាន​ចំណាយ​ពេលធ្វើ​យ៉ាង​ផ្ចិតផ្ចង់​អស់​រយៈពេល​ជាង ​២ ​ឆ្នាំ ចាប់ពី​ចុងឆ្នាំ​ ២០១៩ ហើយ​ស្នាដៃ​ទាំងនោះ​ត្រូវបាន​បង្ហាញ​តិចតួច​ក្នុង​ពិព័រណ៍​ក្នុងស្រុក​។​

អ្នកនាង ម៉ារីណា និងគំនូរ «កើតម្ដងទៀតជាផ្កាឈូករ័ត្នដ៏ស្រស់ស្អាត»។ ហេង ជីវ័ន

​ដោយមាន​ការជួយ​រៀបចំ​ពី​អ្នកនាង ម៉ា​រី​ណា ស្នាដៃ​របស់លោក​ចំនួន ១២ ​ផ្ទាំង ត្រូវ​បានដាក់​តាំងនៅ​ស្ថានទូត​អង់គ្លេស​កាលពីដើម​ខែមេសា មុននឹង​បញ្ជូនទៅ​ដាក់តាំង​រយៈពេល ២ ​ខែ នៅ​ទីក្រុង​ហុងកុង​ ចាប់ពី​ថ្ងៃទី​ ២១ ខែឧសភា ខាងមុខនេះ ដោយ​ពុំមាន​វត្តមាន​ម្ចាស់​ស្នាដៃ ព្រោះតែ​ស្ថាន​ភាពមិន​អំណោយផល​។

​អ្នកនាង ម៉ា​រី​ណា ឱ្យដឹងថា​៖ «​ខ្ញុំ​ជា​អ្នកសម្របសម្រួល​ឱ្យ​លោកគ្រូ​តាំងពី​នៅ​ភ្នំពេញ​។ លោកគ្រូ​មានប្រសាសន៍ថា ចង់បង្ហាញ​ស្នាដៃ​មុន​ទៅ​ហុងកុង ពីព្រោះ​យើង​ក៏​មិនដឹងថា ត្រឡប់មកវិញ​ឬក៏​អត់​។ ខ្ញុំ​យល់ថា​ល្អ​ណាស់ ជាពិសេស​សម្រាប់​សិស្សៗ​នៅ​សាលា​រចនាបានឃើញ​គំនូរ​នេះ​»​។

​លោក ស៊ី​កន ដែលមាន​ស្នាដៃ​សិល្បៈ​ច្រើន​ស្រទាប់​សណ្ឋាន រួមទាំង​ការប្រើ​សំរាម ស្បែក ស្បៃ សំណាញ់ បាន​បញ្ជាក់ថា ការរៀបចំ​ដាក់តាំង​គំនូរ​មាន​ចំនួន​កំណត់ អាស្រ័យ​លើ​ទីតាំង​ពិព័រណ៍​។​

​សិល្បករ​រូបនេះ​លើកឡើងថា​៖ «​យើង​ជ្រើសរើស «​ឈោង​ចាប់​ផ្កាយ​» ដាក់​ជា​ប្រធានបទ​នៅពេល​តាំងនៅ​ស្ថានទូត​អង់គ្លេស ដោយសារ ម៉ា​រី​ណា គាត់​ស្រឡាញ់ ហើយក៏​ស្រប​ជាមួយ​អ្វី ដែល​ខ្ញុំ​ចង់​ចែករំលែក​អំពី​បទពិសោធ​ជីវិត​ផ្ទាល់ខ្លួន​»​។

​លោក​ថា គំនូរ «​ឈោង​ចាប់​ផ្កាយ​» មិនមាន​ពិតប្រាកដ​និយម​ថា វា​ជា​រូបភាព​អ្វី​ទេ​។ បើ​មើល​នឹង​ភ្នែក រូបនេះ​មាន ស្ទឹង បឹង ទន្លេ ព្រៃ ប្រាសាទ តែ​វា​បង្កប់​ទៅដោយ​អត្ថន័យ​។

​លោក ស៊ី​កន ក៏បាន​បកស្រាយ​លម្អិត​ពី​ជីវិត​តាម​ស្នាដៃ​នេះ​ថា លោក​បាន​ឆ្លងកាត់​រឿងរ៉ាវ​ជាច្រើន ឆ្លង​ផុតពី​របប​ប្រល័យពូជសាសន៍ ទាំង​លំបាកលំបិន រត់គេច​ពី​ពួក​ទាហាន និង​ពី​ការយកទៅ​សម្លាប់​។ លោក​បាន​ឆ្លងកាត់​ជីវិត​ជា​ក្មេង​គង្វាលក្របី ក្រោម​កម្ដៅថ្ងៃ ក្រោម​ភ្លៀង​។ ក្មេង​​ឃ្វាលក្របី​មានតែ​ខោអាវ​ ១ ​សម្រាប់​ជាប់​នឹង​ខ្លួន​បាន​ហែល​ឆ្លង​ទឹកជំនន់ និង​អាយុ​ថ្លៃ​រស់រាន​ពី​ការ​លង់ទឹក​។

​លោក​បាន​បរិយាយ​ថា​៖ «​បទ​​ពិសោធ​ដែល​ចូលមកក្នុង​ឆាកជីវិត​ជា​ដំណើរ​ទៅ​ភាពជោគជ័យ ទាំង​គ្រោះថ្នាក់ ឈឺចាប់ និង​លំបាក ព្រោះ​យើង​បាន​កែប្រែ ព្យាបាល​វា​បានជា​ខ្ញុំ​គូរ​ចេញ​ដូចជា​ស្ថានសួគ៌ ធម្មជាតិ វាលស្រែ ផ្ដល់​ម្ហូបចំណី ទោះជា​យ៉ាងណា វា​ជា​ដី​មាស និង​ស្ថានសួគ៌ ហើយ​ខ្ទម​កម្សត់​ខ្ញុំ​ធ្លាប់​នៅ ខ្ញុំ​គូរ​ចេញ​ជា​ប្រាសាទ​»​។

​លោក​បាន​បន្ថែមថា​៖ «​ខ្ញុំ​មាន​មោទនភាព​ព្រោះ​បទពិសោធ​ទាំង​​អស់ហ្នឹង​គ្មាន​អ្នកណា​ដូច​ខ្ញុំ​ទេ​។ ចំណុច​ហ្នឹងហើយ​ដែល​ខ្ញុំ​គិតថា​ ស្នាដៃ «​ឈោង​ចាប់​ផ្កាយ​» គឺ​យើង​ទៅដល់ យើង​អាច​ចាប់បាន​»​។​

​ដោយ​ធៀប​នឹង​ជីវិត​មួយ​ដ៏​រលាក់ និង​គ្រោះថ្នាក់ លោក​បាន​ជួសជុល​ពី ១ ​ជាន់ ​ទៅ ​១ ​ជាន់ បី​ដូចជា​ស្នាដៃ​សិល្បៈ​ដែល​អ្នក​ផ្ចង់​ទស្សនា​នឹង​អាច​មើលឃើញ​លើសពី​ការឈឺចាប់​។​

​លោក​ឱ្យដឹងថា ក្នុងនាម​សិល្បករ លោក​គឺជា​អ្នក​ឈឺឆ្អាល និង​ប្រាថ្នា​សន្តិភាព​ពិត ដោយ​ពុំ​មានការ​ឆ្កឹះឆ្កៀល​បង្កជម្លោះ​។ ថ្វី​ដ្បិតថា លោក ស៊ី​កន ធ្វើ​សិល្បៈ​នយោបាយ តែ​លោក​បញ្ជាក់​ជំហរ​ថា នយោបាយ​របស់លោក មិន​ទៅ​បង្កជម្លោះ​ឡើយ​។

​សិល្បករ​មិនចេះ​ភាសា​អង់គ្លេស និង​មិនដែល​មើល​ប្រវត្តិ​សិល្បៈ​ជន​ល្បី​លើ​ពិភពលោក​នោះ បាន​បញ្ជាក់ថា ស្នាដៃ​សិល្បៈ​របស់លោក​ផុស​ឡើង​តាមចិត្ត​នឹកឃើញ​ផ្ទាល់ខ្លួន មុននឹង​ទទួល​ឥទ្ធិពល​ពី​ស្ថានភាព​ជុំវិញ​។ តែ​វា​ក៏​ជា​មូលដ្ឋាន​បំផុស​ក្មេងជំនាន់ក្រោយ​ឱ្យធ្វើតាម និង​បន្ថែម​គំនិត​ថ្មីៗ​។​

​លោក ស៊ី​កន មាន​ចំណាប់អារម្មណ៍​ថា​៖ «​ទោះ​គាត់​ធ្វើ​មិន​ដូច​យើង តែ​យើង​ប្រៀប​បានជា​អ្នកត្រួសត្រាយ​ផ្លូវ​មួយ ក្នុងការ​បង្ហាញ​គំនិត ចំណុច​នេះដែល​ខ្ញុំ​គិតថា ជា​ចំណែក​នៃ​ភាព​ជោគជ័យ​របស់ខ្ញុំ​។ អ៊ីចឹង​បាន​គំនូរ​ទាំងអស់​ហ្នឹង​ខ្ញុំ​សប្បាយ​ក្នុង​ការធ្វើ​វា​ណាស់​។ ខ្ញុំ​ចង់​ចែករំលែក​ការខិតខំ​ប្រឹងប្រែង​រប​ស់​ខ្ញុំ​»៕