ក្រុង​តូក្យូ៖ រដូវ​ផ្កា​សាគូរ៉ា​រីក​ពណ៌ស​ដ៏មានប្រជាប្រិយភាព​​របស់​ប្រទេស​ជប៉ុនបាន​គ្របដណ្តប់ទូទាំង​​ប្រទេស​នៅក្នុងសម្រស់​បុប្ផា​​ពណ៌​សឆើតឆាយ​​នៃ​ដើម «somei-yoshino» ដ៏​មានតម្លៃ និង​ពេញនិយម ដែល​ធ្វើ​ឱ្យ​​អ្នកស្រុក ក៏ដូចជា​​អ្នកទេសចរ​ទស្សនា​រីករាយ​ដូចគ្នា​។ ប៉ុន្តែ​អ្នកខ្លះ​ចង់ឱ្យ​មាន​ការ​​ផ្លាស់ប្តូរ​​លើស​ពី​ពូជ​ផ្កា​តែ​មួយ​នេះ។​

​ការ​ចេញ​ផ្កា​ស្គុស​ស្គាយ​​នៃពូជ​រុក្ខជាតិ​​​ somei-yoshino ដែល​មាន​បរិមាណ​​ជាង៩០​ភាគរយ​នៃ​ដើមសាគូរ៉ា​ទាំងអស់​ ត្រូវ​បាន​​ដាំ​នៅក្នុង​ប្រទេស​ជប៉ុនបាន​ចោល​សម្រស់​​​រយៈពេល​ត្រឹម​តែ ១​សប្តាហ៍​ប៉ុណ្ណោះ ហើយវា​ទំនង​ជា​ចេញ​ផ្កា​ក្នុង​ពេល​ដំណាល​គ្នា​នៅតាម​តំបន់​នានា ​ដោយសារតែ​ដើមឈើទាំង​នេះ​ត្រូវ​បាន​ក្លូនបង្កាត់​​ពី​ពូជ​​​តែ១​។​

​ខណៈ​​ដើមឈើសាគូរ៉ា​មាន​ទំនាក់​ទំនង​ជាមួយ​​​រដូវ​ផ្កា​រីក វា​គឺជា​បញ្ហា​ស្មុគស្មាញ​ដ៏គួរ​ឱ្យ​ព្រួយ​បារម្ភ​សម្រាប់​អ្នករៀបចំ​ផែនការ​ទីក្រុងដោយសាររុក្ខជាតិ​ងាយ​ទទួល​ជំងឺ និង​ការ​លូត​លាស់​ធំពេក​ ហួស​ពីទំហំ​​រុក្ខជាតិ​លម្អក្រុង​។

​​លោក Hideaki Tanaka អ្នកជំនាញ​ខាង​ផ្កា​សាគូ​រ៉ា​ជនជាតិ​ជប៉ុន​ ដែល​កំពុង​ព្យាយាម​ធ្វើ​ឱ្យ​មានការ​ពេញនិយម​ចំពោះ​ពូជ​ផ្កា​សាគូ​រ៉ាដទៃ​ទៀតបាន​​និយាយថា​៖ «​គ្រប់​យ៉ាង​ផ្ដោត​លើ​​​​ការ​ដាំ​រុក្ខជាតិ​ត្រឹមត្រូវ​នៅ​កន្លែង​ត្រឹមត្រូវ​ប៉ុណ្ណោះ​»។​

ពូជ​ផ្កាសាគូរ៉ាពណ៌​ផ្កាឈូក​ដិត​​ jindai-akebono ​ធន់នឹង​ជំងឺ​រុក្ខជាតិជា​ផ្កាសាគូរ៉ា​ពណ៌​សដ៏​សម្បូរ​ដុះតាមផ្លូវ។ AFP

លោក Tanaka អាយុ៦៣ឆ្នាំ​បាន​បន្ថែមថា៖ «​​មាន​សាគូ​រ៉ា​គ្រប់​ប្រភេទមិនមែន​មានតែពូជ​ somei-yoshino ទេ​។ ខ្ញុំ​ចង់​ជួយ​គាស់​កកាយ​ឡើងវិញ​នូវ​អតីតកាល​នៅពេល​ដែល​​មនុស្ស​​ចូលចិត្ត​ផ្កា​​សាគូរ៉ា​ជាច្រើន​ប្រភេទចម្រុះគ្នា​»។

​លោក​បាន​​បើក​កសិដ្ឋាន​មួយ​នៅតំបន់​យូគិ​ ក្នុង​ខេត្តអ៊ីបារ៉ាគិភាគ ​ខាងកើត​ប្រទេស​ជប៉ុនជាមួយនឹង​ដើមឈើ​គំរូ​ប្រហែល១ពាន់​ដើម​នៃ​ពូជសាគូរ៉ា​ជាង ៤០០​ប្រភេទ​​។​

​គោលដៅ​របស់លោក​​គឺចង់​​បញ្ចុះបញ្ចូល​មន្ត្រី​ក្នុង​តំបន់​ទូទាំងប្រទេស​ជប៉ុន​ឱ្យ​ពិចារណា​ជម្រើស​ជាមួយ​​ស្រទាប់ខាង​ក្រោម​​ពណ៌​ផ្កាឈូកទាំង​អស់​ឬ​សូម្បីតែ​ផ្កា​​មាន​ស្រទាប់​លាយ​ពណ៌​បៃតង​ដ៏​កម្រ​។​

​វា​ជា​ទិដ្ឋភាព​មួយ​ដូចជា​រដូវ​ផ្កា​រីក​ដែល​ជនជាតិ​ជប៉ុន​ទទួល​នូវ​អារម្មណ៍រីករាយ​​កាល​​ច្រើន​សតវត្សរ៍​មុន ដោយមាន​ផ្កា​បញ្ចេញ​សម្រស់​ផ្កាសាគូរ៉ា​ពូជ​ខុសៗគ្នា​នៅ​តាម​ពេលវេលា​ខុសៗគ្នា​​។​

​ផ្កាសាគូរ៉ាពណ៌​ផ្កាឈូក​ដិត​​ jindai-akebono ត្រូវបាន​ដាំ​ជំនួស​ពូជ​ផ្កាពណ៌ស​បណ្ដើរៗ ដោយសារ​តែ​វា​ធន់នឹង​ជំងឺ​រុក្ខជាតិ។ AFP

កសិដ្ឋាន​របស់​លោក​​ត្រូវបាន​ដំណើរការ​ដោយ​សមាគម​ផ្កា​នៃ​ប្រទេស​ជប៉ុន ដោយ​​ផ្តល់​ដើមសាគូរ៉ា​ដល់​សហគមន៍​ដែល​ចង់​បង្កើត​កន្លែង​ទេសភាព​​​ទាក់ទាញ​ភ្ញៀវទេសចរ​ និង​​ផ្គាប់​ចិត្ត​អ្នកស្រុកផង​ដែរ​​។​

​កសិដ្ឋាន​នេះ​បាន​ចែកចាយ​កូនឈើ​ប្រហែល៣លាន​ដើមរួមទាំងពូជសាគូរ៉ា​ផ្កា​ស​ somei-yoshino ផងដែរប៉ុន្តែ​ឥឡូវនេះ​វា​កំពុង​ផ្សព្វផ្សាយ​ពូជ ​jindai-akebono​ ដែល​ធន់​នឹង​ការឆ្លង​មេរោគនិងមិនសូវ​លូត​ធំពេក​​ ដែល​ធ្វើឱ្យ​វា​កាន់តែ​ងាយស្រួល​ក្នុងការ​កាត់ចេញ​។​

​ផ្កា​របស់​វា​រីក​ប្រហែល​ ៤​ថ្ងៃមុន​ការ​ចេញ​​ផ្ការបស់​ពូជ​ផ្កាសាគូរ៉ា​ស somei-yoshino ហើយ​មាន​ពណ៌​ផ្កាឈូកដិត​​​ជាង​។​​

ប៉ុន្តែ​ការបញ្ចុះ​បញ្ចូល​​​ឱ្យពលរដ្ឋ​ជប៉ុន​ឱ្យ​ងាក​មករក​​ការគាំទ្រ​ពូជផ្សេង​ក្រៅពី​ផ្កា​សាគូរ៉ា​ពណ៌​សដ៏ពេញនិយម​​របស់ពួកគេ ​​ប្រហែលជា​មិន​ងាយស្រួល​ឡើយ​។​

លោក Hideaki Tanaka អ្នកជំនាញ​ខាង​ផ្កា​សាគូ​រ៉ា​ជនជាតិ​ជប៉ុន​កំពុងផ្សព្វផ្សាយ​​​ពូជ​ផ្កា​សាគូ​រ៉ាដទៃ​ទៀត។ AFP

ដោយ​ពណ៌នា​អ្នកស្រុក​ថា​មាន​មនោសញ្ចេតនា​ជាមួយ​ដើមសាគូរ៉ាពណ៌​ស​​ លោក Ryusuke Endo មន្ត្រី​នៅ​ផ្នែក​ផ្លូវ និង​ចរាចរណ៍ Kunitachi ទីក្រុង​តូ​ក្យូបាន​និយាយថា​៖ «​អ្នក​ខ្លះ​​បាន​ផ្លាស់​មក​ទីនេះ​ដើម្បី​រីករាយ​ជាមួយផ្កា​សាគូរ៉ា​ និង​​បាន​ទិញ​អា​ផាត​មិន​នៅតាម​ផ្លូវ»។

​នៅ​កន្លែង​ផ្សេងទៀតកិច្ចខិតខំ​ប្រឹងប្រែង​ក្នុង​ទីក្រុង Yokohama ដើម្បី​កាប់​ដើមឈើសាគូរ៉ា​ប្រហែល៣០០ដើម ​នៅតាម​ដងផ្លូវ​ដ៏​មមាញឹក​បាន​បង្កឱ្យមាន​ការតវ៉ា​ជា​សាធារណៈ និង​ធ្វើឱ្យមាន​ព័ត៌មាន​ចុះ​ព្រោង​ព្រាត​តាម​​ទូរទស្សន៍​។​

ទោះយ៉ាងណា​ក៏ពូជ​ផ្កាសាគូរ៉ាពណ៌​ផ្កាឈូក​ដិត​​ jindai-akebono ត្រូវបាន​ដាំ​ជំនួស​ពូជ​ផ្កាពណ៌ស​បណ្ដើរៗ​ហើយដែរ ដោយសារ​តែ​វា​ធន់នឹង​ជំងឺ​រុក្ខជាតិ។

លោក Endo បាន​និយាយថា៖«​​ខ្ញុំ​ជឿថាការ​ស្រឡាញ់​ផ្កា​​សាគូរ៉ា​ពូជខុសៗគ្នា​ចាប់​ផ្ដើម​កើត​ឡើង​​ក្នុងចំណោម​អ្នកស្រុក​ដែលពួកគាត់​មើលឃើញថា​ពួកវាពិត​ជា​ស្រស់ស្អាត​មួយ​បែប​ម្នាក់​»៕ AFP/HR​

លោក Hideaki Tanaka អ្នកជំនាញ​ខាង​ផ្កា​សាគូ​រ៉ា​ជនជាតិ​ជប៉ុន​កំពុងផ្សព្វផ្សាយ​​​ពូជ​ផ្កា​សាគូ​រ៉ាដទៃ​ទៀត។ AFP