ភ្នំពេញៈ រូបភាព​គំនូរ​លើ​កន្ទេល​​រំចេក ៣៣ ​ផ្ទាំង ត្រូវ​បានដាក់​បង្ហាញ​ពី​បំ​ផ្លាស់​ទី​របស់​ប្រជាជន​គ្រប់​វ័យក្មេង​ចាស់​ប្រុស​ស្រី ខ្លះ​ទូល​បង្វិច​លើ​ក្បាល និង​ខ្លះ​លី រែក​របស់របរ​។ រូប​ខ្លះទៀត​បង្ហាញ​ពី​ដំណើរ​របស់​អ្នកភូមិ​ឆ្ពោះទៅមុខ ទាំង​បង្កប់​ទុក្ខ​កង្វល់​។

​រូបភាព​រំលេច​សកម្ម​ភាព និង​មូល​ហេតុ​នៃ​ការ​បំ​ផ្លាស់​ទី ដូចជា​រូប​ក្មេង​​ប្រុស​ម្នាក់​អង្គុយ​បើក​ឆ្នាំងបាយ ឆ្នាំង​​សម្ល​ដោយ​ទឹកមុខ​ស្រងូត អាច​បង្កក្ដី​ក្ដុកក្ដួល​ដល់​អ្នកទស្សនា​។​

សិល្បករ ជា សេរីរដ្ឋ រំលេច​ស្នាដៃ​គំនូរ​លើ​កន្ទេល​រំចេក​។ សហការី

​រូបភាព​ទាំងនេះ គឺ​ស្ថិតក្នុង​ពិព័រណ៍ «​ដំណើរ​» ដែលជា​ស្នាដៃ​ថ្មី​របស់​សិល្បករ​ខេត្តបាត់ដំបង ជា សេរីរដ្ឋ ដោយ​លោក​បាន​ត្បាញ​រឿងរ៉ាវ​របស់​មនុស្ស ត្រូវ​ផ្លាស់​ទីលំនៅ ឬ​ចំណាក​​ស្រុក ​ដើម្បី​រស់ ហើយ​កម្រង​ស្នាដៃ​ទាំងនេះ ​ត្រូវបាន​តាំងនៅវិចិត្រសាល Air Gallery ក្នុង Factory Phnom Penh ដោយ​បន្ត​រហូតដល់​ថ្ងៃទី ​២៨ ខែ ឧសភា ឆ្នាំ ​២០២២​។​

​ដោយបាន​សិក្សា​ពី​វិធី​ត្បាញកន្ទេល​បែប​ប្រពៃណី ជាការ​អនុវត្ត​ដែល​បាត់​បន្តិច​ម្តងៗ ហើយ​ផលិត​ក្នុងអំឡុង​​ពេល ២ ​ឆ្នាំ​ចុងក្រោយ​នៃ​ការ​រាតត្បាតកូ​វីដ ​១៩ សិល្បករ សេរីរដ្ឋ បង្ហាញ​ស្នាដៃ​ពី​កន្ទេល ដែលមាន​ប្រើ​ទឹក​ថ្នាំ​អា​គ្រី​លី​ក ស្មៅ ភក់ និង​ដី ដើម្បី​រៀបរាប់​ពី​រឿងរ៉ាវ​នៃ​ការបណ្តេញចេញ ការធ្វើ​ចំណាកស្រុក អាហារ អាកាស​​ធាតុ សន្តិសុខ និង​ខាង​វិញ្ញាណ​។

​សិល្បករ​រូបនេះ​ប្រាប់​ពី​ដំណើរ​នៃ​ការបង្កើត​ស្នាដៃថា​៖ «​ខ្ញុំ​ចាប់​ផ្ដើមធ្វើ​លើ​ការងារ​នេះ​ តាំងពី​ចុងឆ្នាំ​ ២០១៩ ផ្ដើមចេញពី​ការរៀន​ធ្វើ​កន្ទេល​ដោយ​ខ្លួនឯង​។ ខ្ញុំ​ទៅ​រៀន​ពី​របៀប​ធ្វើ និង​ត្បាញកន្ទេល​ស្លឹក​រំចេក​នៅឯ​កំពង់ឆ្នាំង​ជាមួយ​អ្នកភូមិ ដោយ​ដើរចូល​ក្នុងព្រៃ​ជាមួយ​គេ កាប់​ស្លឹក​រំចេក​យកមក​ធ្វើតាម​ដំណាក់កាល​មួយៗ មុននឹង​ត្បាញ​វា​ចេញ យក​វា​មក​គូរ​បាន​»​។​

​លោក​បាន​បន្ត​ប្រាប់​ពី​បច្ចេកទេសថា​៖ «​បន្ទាប់ពី​ត្បាញកន្ទេល ការ​គូរ​របសខ្ញុំ ខ្ញុំ​ប្រើ​ភក់ ដោយ​យក​ពី​ដីដំបូក​មក​ដំ​ឱ្យ​ម៉ដ្ឋ ហើយ​យកមក​លាយ​ជាមួយ​ទឹក ឬ​កាវ រួច​យកមក​គូរ ជាមួយនឹង​ការប្រើ​ពណ៌​អា​គ្រី​លី​ក​។ បន្ទាប់មក​ខ្ញុំ​ប្រើ​កម្ទេច​រណា យកមក​ប​ញ្ជូ​ល​ជាមួយ​រូបភាព​ដែល​ខ្ញុំ​ធ្វើ​។ ដំណាក់កាល​នីមួយៗ វា​រាង​ពិបាក​ដែរ ដោយសារ​យើង​ត្រូវការ​ពេលវេលា​ច្រើន ដើម្បី​ធ្វើ​ដូច​ជាការ​ត្បាញកន្ទេល និង​ដី​ក៏ត្រូវ​ធ្វើ​វា​ឱ្យបាន​ល្អ​ដែរ​»​។

«ដំណើរ» ត្បាញរឿងរ៉ាវអ្នក​ត្រូវផ្លាស់ទីលំនៅធ្វើ​ចំណាកស្រុក។ រូបថត ហុង មិនា

​សិល្បករ​ដែលមាន​ផ្ទះ​ជាប់មាត់​អូរ និង​ប្រឈម​នឹង​ការ​បំ​ផ្លាស់​ទី​ចេញ រូបនេះ បាន​លើកឡើងថា លោក​ផ្ទាល់​លោក​ក៏មាន​បងប្អូន​ធ្វើ​ចំណាកស្រុក​ទៅធ្វើ​ការងារ​នៅ​ប្រទេស​ថៃ​ដែរ​។

​ក្នុង​ការធ្វើ​ចំណាកស្រុក វា​មាន​បញ្ហា​ច្រើនណាស់ ទាំង​ចំណាយ​ច្រើន ខាត​ពេល និង​កម្លាំង ឃ្លាតឆ្ងាយ​ពី​ទឹកដី​កំណើត ពី​មនុស្ស​ជាទី​ស្រឡាញ់​។ ដូច្នេះហើយ​ទើប​លោក សេរីរដ្ឋ រំលេច​បញ្ហា​នេះ​ឡើងជា​ការ​នឹក​គិតដល់​អ្នក​ដែល​កំពុង​រងគ្រោះ ដោយ​យ៉ាងហោចណាស់​ពួកគាត់​ទទួល​ដឹងថា មាន​អ្នក​យល់​អំពី​ពួកគាត់​។​

​សិល្បករ វ័យ ៣២ ​ឆ្នាំ​រូបនេះ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ដំណើរ ថ្លែង​អំពី​ការប្តេជ្ញាចិត្ត​របស់ខ្ញុំ ចំពោះ​ការអនុវត្ត​សិល្បៈ​ប្រកបដោយ​មនសិការ​ចេញ​ពី​មូលដ្ឋាន និង​ការពង្រីក​សំឡេង​នៃ​ប្រជាជន​ងាយ​រងគ្រោះ ខណៈពេលដែល​ការងារ​នេះ​ត្រូវបាន​ចាក់ឫស​នៅក្នុង​បទពិសោធ​ក្នុងស្រុក​នៃ​ផល​​ប៉ះពាល់​នៃ​កូ​វីដ ​១៩​។ ស្នាដៃ​នេះ​ក៏​និយាយ​ទៅកាន់​វិបត្តិ​ក្នុង​តំបន់ និង​ពិភពលោក​នាពេល​បច្ចុប្បន្ន និង​ជា​ប្រវត្តិសាស្ត្រ ដែល​បង្ខំ​ឱ្យមាន​ទម្រង់​ផ្សេងៗ​នៃ​ការធ្វើ​ចំណាកស្រុក​»​។​

លោក​បានចាប់ផ្តើម​សិក្សា​ផ្នែក​គំនូរ​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​នៅ​ឆ្នាំ ២០០៥ និង​ធ្លាប់​ធ្វើការ​ជា​អ្នក​រចនា​ក្រា​ហ្វិ​ច និង​វិចិត្រករ​នៅ​ស្ទូ​ឌី​យោ​សន្លឹក​ថ្មី នៃ​អង្គការ​នេះ មុននឹង​បាន​ក្លាយជា​គ្រូបង្រៀន​ផ្នែក​រចនា​ក្រា​ហ្វិ​ច​នៅ​អង្គការ​ហ្វារ​ពន្លឺ​សិល្បៈ​។​

គំនូរលើកន្ទេល ៣៣​ផ្ទាំង ដាក់តាំងនៅ វិចិត្រសាល Air Gallery។ រូបថត ហុង មិនា

​សិល្បករ​ដែល​ធ្លាប់បាន​ចូលរួម​តាំង​​ពិព័រណ៍​សិល្បៈ​ទាំង​ក្នុងស្រុក និង​នៅ​ហុងកុង សិង្ហ​បុរី និង​បារាំង រូបនេះ​បានឱ្យដឹង​ទៀតថា​៖ «​ឆ្នាំ ​២០១៨-២០១៩ ជា​ឆ្នាំ​ដែល​ខ្ញុំ​ចាប់ផ្ដើម​កាត់​​បន្ថយ​ការបង្រៀន ហើយ​ផ្ដោតទៅលើ​ការងារ​ដែល​យើង​ចូលចិត្ត​វិញ​ គឺ​ការ​​គូរ​។ ភាគច្រើន​ខ្ញុំ​ធ្វើ​លើ​គំនូរ​សហ​​សម័យ​ទាក់ទង​ទៅនឹង​ប្រធានបទ បរិស្ថាន បញ្ហា​សង្គម និង​ប្រជាជន​»​។

​លោក សេរីរដ្ឋ ជ្រើសរើស​ការ​រំលេច​ទស្សនៈ​តាម​ស្នាដៃ​សិល្បៈ​បែប​ត្រង់ៗ​ដែរ ដើម្បី​ងាយស្រួល​ផ្សព្វផ្សាយ​ឱ្យ​ប្រជាជន​ខ្មែរ​យល់​ពី​សិល្បៈ​កាន់តែច្រើន ជួយ​ឱ្យ​ជាតិ​រីកចម្រើន ឬក៏​កែ​​ប្រែ​អ្វីមួយ​ក្នុងសង្គម​ឱ្យ​ល្អ​ឡើង​។

​សិល្បករ​រូបនេះ​បាន​និយាយថា​៖ «​មនុស្ស​ម្នាក់ៗ​តែងតែមាន​សិល្បៈ​នៅក្នុង​ខ្លួន គ្រាន់​តែមាន​តិច ឬ​ច្រើន អ៊ឹ​ចឹ​ង​សូមឱ្យ​យើង​បង្ហាញ​សមត្ថភាព​ចេញមក ដើម្បីឱ្យ​ប្រជាជន​ក្នុងស្រុក ឬ​ប្រទេស​ដទៃ​បានឃើញ​ពីស​ក្ដា​នុ​​ពល​យើង ដោយ​ចាប់ផ្ដើម​ពី​សិល្បៈ ដែល​នឹង​នាំឱ្យមាន​ការរីកចម្រើន និង​ការ​បម្រែបម្រួល​ទៅរក​ភាពល្អ​»៕