ក្រុង​កៀវ៖ ​តារា​ហូលីវូដ អេនជេលីណា ជោលី បានបង្ហាញ​ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅ​ទីក្រុង Lviv ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន ជា​កន្លែង​ដែល​នាង​បាន​ជួបជនភៀសខ្លួន​ ហើយ​នាង​ត្រូវបាន​គេ​ប្រទះ​ឃើញ​នៅក្នុង​ហាង​កាហ្វេ​មួយ​ កាលពី​ថ្ងៃ​សៅរ៍​។​

ជោលី គឺជា​បេសកជន​ពិសេស​របស់ UNHCR ប៉ុន្តែ​គេ​មិនដឹងថា ​តើ​នាង​កំពុង​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​នេះ​ក្នុង​សមាសភាព​ជា​តួនាទី​នេះ​​ ឬ​យ៉ាងណា​នោះទេ​។​

​លោក Maxim Kozytski អភិបាល​តំបន់ Lviv បាន​និយាយ​នៅក្នុង​ការ​​បង្ហោះ​រូបថត និង​វីដេអូ​របស់​តារា​ស្រី​ដែល​កំពុង​លេង​ជាមួយ​ក្មេងៗ និង​ថតរូប​ជាមួយ​កម្មករ​ស្ម័គ្រចិត្ត​ថា «សម្រាប់​យើងទាំងអស់គ្នា ដំណើរ​ទស្សនកិច្ច​នេះ​គឺជា​វត្តមានដ៏​គួរឱ្យ​ភ្ញាក់ផ្អើល​មួយ»។​

​នៅឯ​មន្ទីរពេទ្យ​មួយ កំពូលតារាភាពយន្ត​ហូលីវូដ​​ស្រី​រូបនេះ​​បាន​ទៅសួរសុខទុក្ខ​ក្មេងៗ​ដែល​រងរបួស​នៅក្នុង​ការទម្លាក់​គ្រាប់បែក​នៅ​ស្ថានីយ Kramatorsk ដោយបាន​ស្តីបន្ទោស​លើ​កាំជ្រួច​របស់​រុស្ស៊ី ដែល​ក្នុងនោះ​ជន​ស៊ីវិល​​ជាង ៥០​នាក់​ដែល​ព្យាយាម​រត់គេច​ពី​ភ្លើង​នៅ​ភាគ​ខាងកើត​ តែជាអកុសល​​​ត្រូវបាន​សម្លាប់។ នេះ​បើ​យោងតាម​អភិបាលក្រុង​។​

អេនជេលីណា ជោលី បានបង្ហាញ​ខ្លួន​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​នៅ​ទីក្រុង Lviv ភាគ​ខាងលិច​ប្រទេស​អ៊ុយ​ក្រែ​ន។ ហ្វេសប៊ុក

ជោលី ក៏បាន​និយាយ​ទៅកាន់​អ្នកស្ម័គ្រចិត្ត​ដែល​ផ្តល់ជំនួយ​ផ្លូវចិត្ត​ដល់​ជនភៀសខ្លួន​ជាច្រើន​នាក់ និង​ខ្លះទៀត​ដែល​បាន​ភៀសខ្លួន​។​

​មនុស្ស​ជាង ៧,៧​លាន​នាក់​ត្រូវបាន​ផ្លាស់​លំនៅ​ក្នុងស្រុក​ចាប់តាំងពី​ការ​លុកលុយ​​របស់​រុស្ស៊ី​នៅ​ថ្ងៃទី២៤​ ខែកុម្ភៈ​ ខណៈ​៥,៤​​លាន​នាក់​ទៀត​បាន​ចាក​ចេញពី​ប្រទេស​។​

​ក្រោយមក​តារា​ដែល​ស្លៀកពាក់​សាមញ្ញ​ត្រូវបាន​គេ​ប្រទះឃើញ​នៅក្នុង​ហាង​កាហ្វេ Lviv ដោយ Maya Pidhoretska ដែល​បាន​បង្ហោះ​វីដេអូ​នៅលើបណ្ដាញ​សង្គមហ្វេសប៊ុក​។​

​អ្នកស្រុក Lviv ភ្ញាក់ផ្អើល​បាន​រាយការណ៍​ថា៖ «ខ្ញុំ​កំពុង​ញ៉ាំ​កាហ្វេ ហើយ​ខ្ញុំ​ឃើញ Angelina Jolie នៅទីក្រុង​ Lviv»៕ AFP/HR