ភ្នំពេញ៖ ទាំង​ការងារ​សិល្បៈ​សម្ដែង ចម្រៀង និង​ជំនួញ​ក្នុងដៃដ៏​ជោគជ័យ​​ តារា​ចម្រៀង​ស្រី​មុខ​ឃ្យូត​​អ្នកនាង ពេជ្រ សូលីកា ថ្មីៗ​នេះ​បែរ​ជា​រងសម្ពាធ​ពី​ប្រតិកម្ម​មហាជន​មួយចំនួន ដោយសារ​រូបភាព​ជា​តារា​ផ្សព្វផ្សាយ​ឱ្យស្រាបៀរ​ម៉ាក​​ល្បីមួយ​ក្នុង​ស្រុក​​​​។

តារាចម្រៀង​កូន​មួយ តែនៅអាចរក្សា​ប្រជាប្រិយភាព​​ល្បី​អ្នកនាង ពេជ្រ សូលីកា មុន​នេះ​បន្តិច​បាន​បង្ហោះ​សារ​យ៉ាង​វែង​អន្លាយ​បកស្រាយ​ទៅ​នឹងការ​ជេរ​ប្រមាថកិច្ចការ​នាង​ជា​តារា​ផ្សព្វផ្សាយ​ផលិតផល​ស្រាបៀរ។

​​ក្នុង​សំណេរ​​នោះ អ្នកនាង ពេជ្រ សូលីកា​ បាន​​បរិយាយ​ថា៖ «សូមមេត្តា​អាន​ឱ្យ​ចប់ មុននឹង​ខ​មមិន​។ ភាសា​ដែល​យើង​អាច​ជ្រើសរើស​យកមក​និយាយ​ទៅ​អ្នកដទៃ​មាន​ល្អៗ​ច្រើនណាស់»។

តារាចម្រៀង​ និង​សម្ដែង​ស្រី​រូបនេះ​បាន​លើកហេតុផល​​មុននឹង​ឈាន​ដល់​ការ​ចេញ​សារ​ឆ្លើយ​តប​នេះ​ថា៖ «មុននឹង​ខ្ញុំ​សម្រេចចិត្ត​ផុស video ​ដោយ​តែ​ខ្ញុំ​បានទទួល​ខម​មិន អសីលធម៌ មួយចំនួន ដោយមាន​ទាំង​ពាក្យ​ជេរប្រមាថ ដែល​វា​មិនមែនជា​ពាក្យ​ជួយ​កែតម្រូវ​ទាល់តែសោះ​​ បែរជា​ខឹងសម្បារ​​មកលើ​រូបខ្ញុំ​ទៅ​វិញ ​តើ​ខ្ញុំ​ខុស​ដែល​ខ្ញុំ​ត្រូវបំពេញ​ភារកិច្ច​របស់​ខ្ញុំ​?»។

​អ្នកនាង ពេជ្រ សូលីកា ថា​តារា​ក៏មានសិទ្ធិ​ជ្រើសរើស​ការងារ​ដើម្បី​រកប្រាក់ចំណូល​។ រូបថត Facebook/PichSolikahOfficial

អ្នកនាង ពេជ្រ សូលីកា បាន​​បកស្រាយបន្ត​ថា៖ «​ការងារ​អី​ក៏ដោយ បើ​ខ្ញុំ​មិនបាន​ទៅ​បំពាន​លួច​ឆក់​ប្លន់​ទ្រព្យសម្បត្តិ​ញើស​ឈាម​អ្នកដទៃ ហេតុ​អី​ខ្ញុំ​ត្រូវ​មក​ទទួល​ពាក្យ​អាក្រក់ៗ​ទាំងនេះ​ពី​មនុស្ស​ដែល​ល្អៗ​ទៅ​វិញ។ បើ​មនុស្ស​ល្អ រៀនសូត្រ​បានល្អ ម៉េច​ក៏​មិន​ប្រើពាក្យ​ល្អៗ​ទៅកាន់​អ្នកដទៃ​ដែរ​ទៅ ​ជា​មនុស្ស​ដូចគ្នា ក៏​​ចង់បាន​ពាក្យ​នែ​នាំ​ល្អៗ​ដូចគ្នា»។

​តារាស្រី​ដែល​តែង​ត្រូវ​អ្នកគាំទ្រ​សរសើរ​សំណាង​ថា​ជោគជ័យទាំង​អាជីព​សិល្បៈ និង​ជីវិត​ស្នេហាគ្រួសារ​​នោះ នាង​ក៏​បាន​បន្ត​ទៀតថា៖ ​«តារា​ក៏​ជាម​នុស្ស ហេតុ​អី​តារា​គ្មាន​សិ​ទិ្ធ​ទទួល​ពាក្យ​ល្អៗ​ដូច​មនុស្ស​ធម្មតា​? ​មិន​ពេញចិត្ត​អាច​និយាយ​នែ​នាំ​ល្អៗ​មក​បាន។ ​តែ​ម៉េច​ចាំបាច់​ត្រូវ​ប្រើពាក្យ មីនេះ មីនោះ មី​ក្របី មី​គម្រក់ មី​តារា​បាត​សង្គម ធ្វើ​អី?។ បងៗ​ជា​មនុស្ស​ថ្លៃថ្នូរ​បែរជា​មក​ប្រើ​ពាក្យសម្ដី​អស់ទាំង​នេះ ធ្វើ​ដូចជា​ខ្ញុំ​​​ទៅ​ប្លន់​គេ ដុត​ផ្ទះ​គេ ​ខ្ញុំ​យល់ចិត្ត​បងៗ​ដែល​ខ​មិន​មួយចំនួន​ថា​បងៗ​មាន​អារម្មណ៍​បែប​ម៉េច តែ​ខ្ញុំ​ក៏​ចង់​ឱ្យ​បងៗ​យល់​ពី​ពួក​ខ្ញុំ​ដូចគ្នាថា​ វា​ជា​តួនាទី​ការងារ​របស់​ពួក​ខ្ញុំ ខ្ញុំ​ត្រូវបំពេញ​វា​នឹង​ជា​ទំ​នួ​ស​ខុសត្រូវ​របស់ខ្ញុំ»។

តារាចម្រៀង និង​សម្ដែង​កូន​មួយ​អ្នកនាង ពេជ្រ សូលីកា។ រូបថត Facebook/PichSolikahOfficial

អ្នកនាង ពេជ្រ សូលីកា បាន​បន្ត​ទៀតថា៖ «មនុស្ស​សុទ្ធតែ​មិន​ដូចគ្នា អ្នកខ្លះ​រក​ស៊ី អ្នកខ្លះ​ធ្វើការ ការងារ​សុទ្ធតែ​មិន​ដូចគ្នា រក​ស៊ី​សុទ្ធតែ​មិន​ដូចគ្នា ​យល់​ថា បើ​មិន​ទទួល​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង វា​មិន​ដាច់បាយ​ស្លាប់​ទេ ប៉ុ​ន្តែ​ពួក​ខ្ញុំ​មាន​សិទ្ធ​ជ្រើសរើស ព្រោះ​វា​មិនមែនជា​ការងារ​លួច​ឆក់​ប្លន់​គេ អ៊ីចឹ​ង​ពួក​តារា​ដូច​ខ្ញុំ​មាន​​សិ​ទិ្ធ​នឹង​ជ្រើសរើស​ការងារ រក​ស៊ី​ចង់​បាន​​ចំណូល ធ្វើការ​ចង់បាន​ប្រាក់ខែ ខំ​យប់​ខំ​ថ្ងៃ ក៏​មិន​ព្រម​ធ្វើ​ជា​​ចោរ​ដែរ​​ការងារ​សង្គម​គេ​ធ្វើ ម៉េច​មើល​មិនដែល​ឃើញ​​តាម​អ្វីដែល​បងៗ​យល់ឃើញ តែ​បងៗ​មិនមែន​នៅក្នុង​ហេតុការណ៍​ផ្ទាល់ បងអាច​និយាយម៉េច​​ក៏បាន»។

ទាក់ទិន​នឹង​ការ​ទទួលផ្សព្វផ្សាយគ្រឿងស្រវឹង តារាចម្រៀង និង​សម្ដែង​រូបនេះបាន​លើកឡើង​ថា៖ «បង​តែងតែ​និយាយ​ស្រា​បំផ្លាញ​ដល់​មនុស្ស ខ្ញុំ​ទទួលស្គាល់ ​ប​ន្តែ​វា​អាស្រ័យទៅលើ​មនុស្ស​ដូចគ្នា​ គ្មាន​នរណា​​បង្ខំ​នរណា​បាន​នោះទេ ។ ឧទាហរណ៍​ថា បើ​តារា​ផ្សព្វផ្សាយ​គ្រឿង​ស្រវឹង ​បើ​ខ្លួន​បង​មិន​ចង់​ផឹក តារា​​ក៏​មិនអាច​ទៅ​បង្ខំ​បង​មក​ផឹក​បានដែរ ​ហើយ​បើ​តារា​ផ្សព្វផ្សាយ​ថា ហាម​ដាច់ខាត​មិនឱ្យ​បង​ផឹក​គ្រឿង​​ស្រវឹង បើ​ខ្លួន​បង​នៅតែ​ផឹក តារា​ក៏​មិនអាច​ទៅ​ហាម​បង​បាន​ដូចគ្នា។ ក្នុងនោះ​ក៏មាន​ពាក្យស្លោក​របស់គេ​ «​ពិសារ​ដោយ​ការទទួលខុសត្រូវ​»៕​

អ្នកនាង​ទទូច​ឱ្យ​អ្នក​បញ្ចេញមតិ​ប្រើភាសា​ឱ្យបានសមរម្យ ជាជា​ភាសា​ជេរប្រមាថអសុរស។ រូបថត Facebook/PichSolikahOfficial