ក្រុង​រ៉ូម៖ ទស្សនីយភាព​បែប​ស្រើបស្រាល​​អាច​នឹងធ្វើ​ឱ្យមហាជន​​មុខ​ក្រហម​នៅក្នុង​ពិព័រណ៍​ថ្មី​មួយ​នៅ​ទីក្រុង Pompeii ស្តីពី​សិល្បៈនិង​ផ្លូវភេទ​នៅក្នុង​ទីក្រុង​រ៉ូ​ម៉ាំង​បុរាណដែលតាំង​បង្ហាញ​​រូបចម្លាក់និង​គំនូរ​សុដន់និង​គូទ​​ច្បាស់​ក្រឡែត​​។​

​អ្នក​បុរាណវត្ថុវិទូ​ដែល​ជីក​​កំណាយ​​ទីក្រុង​បុរាណ​ ដែល​ត្រូវបាន​បំផ្លាញ​ដោយ​ការផ្ទុះ​ភ្នំភ្លើង​នៅក្បែរនោះក្នុង​ឆ្នាំ ៧៩​នៃ​គ​.​ស ត្រូវ​បាន​ប្រទះ​ឃើញ​រូបភាព​ដ៏​ស្រើបស្រាល​នៅ​គ្រប់​ទីកន្លែងចាប់ពី​រូបចម្លាក់​នៅ​សួនច្បាររហូតដល់​ផ្ទាំងគំនូរ​លើ​ពិ​តានដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​​ជាដំបូង​​​។​

​ចាប់តាំងពី​ការជីក​កកាយ​លើកដំបូង​នៅក្នុង​ទីតាំង​បុរាណ​​សតវត្សរ៍​ទី១៨​ រូប​ភាពមិន​សមរម្យ​ត្រូវបាន​គេ​រកឃើញ​នៅតាម​តៀមស្រា​​ កន្លែង​ងូតទឹក​ក្ដៅ និង​ផ្ទះ​ឯកជន ចាប់ពី​លិង្គ​ធំ​រហូតដល់​រូបសំណាក​​​រាងកាយអាក្រាត​​ទាំង​បុរស និង​ស្ត្រី​។​

​លោក Gabriel Zuchtriegel នាយក​បុរាណស្ថាន​ទីក្រុង​​ Pompeii បាន​ប្រាប់ AFP នៅពេល​លោក​​ឈរ​នៅមុខ​រូបសំណាកចំហ​ដើម​ទ្រូង​ Centaurs ថា៖ «​ច្បាស់​ណាស់​ថា នេះ​ជា​ទីក្រុង​មួយ​ដែល​រូបភាព​កាមគុណ​ និង​ស្រើបស្រាល​មាន​លើស​ពី​សម័យ​បច្ចុប្បន្ន​»។

លោក​បន្ដថា​៖ «​របកគំហើញ​ដំបូង​បាន​បង្កឱ្យមាន​​ភាព​ស្រងាកចិត្តភាពអាម៉ាស់ និង​ការ​ចង់ដឹង​ចង់ឃើញហើយ​ត្រូវបាន​មនុស្ស​មួយចំនួន​មើលឃើញថា ​ជា​ឱកាស​ដ៏​ល្អ​មួយ ​ដើម្បី​គិត​អំពី​ទំនាក់ទំនង​ជាមួយ​រាងកាយ និង​រូបអាក្រាត​​ទៅ​​តាមគោលគំនិត​ខុស​ពីមុន​​»។​

​​

ទស្សនិកជន​ដើរកាត់​រូប​ចម្លាក់ឈ្មោះថា Satyr and hermaphrodite នៅទីក្រុងបុរាណ​កាលពីថ្ងៃទី២៨ ខែ​មេសា ឆ្នាំ​២០២២។ AFP

លោក Zuchtriegel បាន​និយាយថាស្តេច Neapolitan King Charles VII ​ជា​អ្នកផ្តល់​ហិរញ្ញប្បទាន​ដល់​ការជីក​កកាយ​នេះបាន​បិទកន្លែង​ផ្ទុក​តថភាព​អាសគ្រាម​​មួយចំនួន​​នៅក្នុងទូ​​សម្ងាត់​មួយ​នៅ​​​ទីក្រុង Naples ដោយ​គ្រាន់តែ​បង្ហាញវត្ថុ​លាក់ទុក​ទាំងនេះ​ដល់​​អ្នក​ដែលមាន​សុជីវធម៌​ល្អ​ប៉ុណ្ណោះ​​។​

​ទូ​​សម្ងាត់​នោះ​នៅតែមានវត្ដមាន​​រហូតដល់​សព្វ​ថ្ងៃនេះ​ នៅក្នុង​សារមន្ទីរ​បុរាណវត្ថុ​ក្នុង​ទីក្រុង​ភាគខាងត្បូង​ប្រទេស​អ៊ីតាលី​។​

​ការតាំង​ពិ​ព័រណ៍​ ដែល​ដំណើរការ​រហូតដល់​ខែមករាឆ្នាំ២០២៣​ និង​នាំមក​នូវ​ស្នាដៃ​ចំនួន៧០រួមគ្នាចាប់ផ្តើម​ជាមួយនឹង​ចម្លាក់​លិង្គ​ធំ​នៃ​ទេវៈ Priape​ ជា​និមិត្តសញ្ញា​រ៉ូ​ម៉ាំង​នៃ​ភាព​មានកូនចៅ​ និង​វិបុលភាព​។​

Priape និងលិង្គ​របស់​ទ្រង់​​​ត្រូវបាន​ដាក់​ជា​ប្រពៃណី​នៅក្នុងសាល​ធំ​នៅតាម​អគារ​សំខាន់​ៗ​ក្នុង​សម័យ​​រ៉ូ​ម៉ាំង​។​

Tiziana Rocco មកពី​ការិយាល័យ​តាំង​ពិ​ព័រណ៍ Pompeii និយាយថាអ្នកទស្សនា​ត្រូវបាន​​​ប្រាប់ថាវា​មិន​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ផ្លូវភេទទេ​​​ ទោះបីជា​ការស្រមើស្រមៃ​បែប​ទំនើបបង្ហាញ​អត្ថន័យបែប​នោះ​​​ក៏ដោយ៕ AFP/HR ​

ពិព័រណ៍​ក្រុង Pompeii ស្តីពី​សិល្បៈនិង​ផ្លូវភេទ​នៅក្នុង​ទីក្រុង​រ៉ូ​ម៉ាំង​បុរាណតាំង​បង្ហាញ​​រូបភាពចម្លាក់និង​គំនូរ​​​អាក្រាត​។ ​AFP