ទីក្រុង​ឡាអេ៖​ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃអាទិត្យ​ថាក្មេងប្រុស​អាយុ ៤ឆ្នាំ​ម្នា​ក់នៅ​ប្រទេស​ហូ​ឡង់​បាន​យក​ឡាន​របស់​ម្តាយ​របស់គេ​ទៅ​បើកបរមុនពេល​ទៅ​បុក​ឡាន​ដែល​ចត​ចោល​ចំនួន​ ២​គ្រឿង។​

​ប៉ូលិស​នៅ​កណ្តាល​ទីក្រុងយូទ្រិកច៍ត្រូវបាន​ប្រកាសអាសន្ន​កាលពី​ថ្ងៃ​សៅរ៍ នៅពេលដែល​អ្នកស្រុក​បាន​ប្រទះឃើញ​ក្មេង​ម្នាក់​ដើរ​តាមផ្លូវ​ស្លៀកពាក់​តែខោអាវគេងយប់​និង​ជើង​ទទេ​។​

​ប៉ូលិស​បាន​សរសេរ​នៅលើ Instagram ថា៖ «ពួកយើង​បាន​ឆ្លើយតប​ភ្លាមៗ ខណៈដែល​អ្នក​ឈរ​មើល​មានការ​ព្រួយបារម្ភ​ថា​ក្មេងប្រុសដើរ​អត់ស្បែកជើង​នោះ​​​មានអាការ​​​ (hypothermia) កម្តៅខ្លួនថយ​ចុះ​ខ្លាំង​»។​

​ពេលមកដល់ មន្ត្រី​បានទទួល​របាយការណ៍​ទី​២ អំពីគ្រោះថ្នាក់​ចរាចរណ៍​មួយដែល​នៅ​ជិតគ្នាដោយ​រថយន្ត​៣​គ្រឿង​។ អ្នកបើកបរ​សង្ស័យ​បង្ក​គ្រោះថ្នាក់​រួចរត់គេចខ្លួន​បាត់។

​របាយការណ៍​បានបន្តថា​រថយន្ត​នោះ​ត្រូវបាន​ចុះបញ្ជីជាឈ្មោះ​​ម្តាយ​របស់​ក្មេងប្រុស​។​

​ប៉ូលិស​បាន​ទូរស័ព្ទ​ទៅស្ត្រីជា​​ម្តាយហើយ​នៅពេលដែល​នាង​និយាយ​ជាមួយ​កូនប្រុស​របស់នាងកុមារ​នោះ​បាន​បន្លឺសំឡេង​ស្រដៀង​នឹង​ឡានហើយ​ប្រើ​កាយវិការ​បង្ហាញ​ពី​ការ​បង្វិល​ចង្កូត​​។​

ប៉ូលិស​លួងលោម​សួរនាំកុមារ​អាយុ​៤​ឆ្នាំ​ដែលបើក​ឡាន​ម្ដាយ ទៅបុក​រថយន្ត២​គ្រឿងទៀត។

ប៉ូលិស​បន្ត​ថា៖ «​ពេលនោះ​យើង​បានដឹងថា​ប្រហែលជាក្មេង​នោះ​ហើយជា​អ្នកបើកបរ​»​។​

​ប៉ូលិស​បាន​និយាយថាបន្ទាប់ពីបាន​ញ៉ាំសូកូឡា​ក្តៅ​នៅ​ប៉ុស្តិ៍ប៉ូលិសនិង​មានការ​លួងលោម​ខ្លះៗ​ពី​តុក្កតា​ខ្លាឃ្មុំ Teddy ក្មេងប្រុស​នោះ​ត្រូវ​បានប្រគល់​​ទៅ​ដៃ​ម្តាយ​របស់គេ​វិញ​​។​

​ប៉ូលិស​បាន​និយាយថាពួកគេ​បាន​ទៅជា​មួយ​ប៉ូលិស​ទៅកាន់​កន្លែងកើតហេតុ​ជាមួយគ្នាហើយ​ក្មេងប្រុស​នោះបាន​យក​សោចាក់ចូលទៅ​ខាងក្នុងចាប់ផ្តើមបើក​រថយន្តហើយ​បាន​ជាន់​លើឈ្នាន់ហ្គារ​។​

​ប៉ូលិស​បាន​និយាយថា ក្មេងប្រុស​នេះ​បាន​ភ្ញាក់​ពី​ដំណេក​នៅពេលដែល​ឪពុក​របស់គេ​ទៅធ្វើ​ការហើយ​បាន​យក​សោ​រថយន្ត​របស់​ម្តាយ​របស់គេ «​ទៅ​បើកឡាន​លេង»។​

​ស្ត្រី​ជា​ម្តាយ​បាន​ប្រាប់​ប៉ូលិស​ថានាង​មាន «កូនរពឹស​ខ្លាំង» ខណៈពេលដែល​ប៉ូលិស​បាន​ព្រមាន​ឪពុកម្តាយ​ឱ្យ​លាក់​សោ​រថយន្ត​របស់​ពួកគេ​ចាប់ពីពេលនេះតទៅ​។​

​ប៉ូលិស​បាន​សរសេរ​នៅក្នុង​របាយការណ៍​រប​ស់​ពួកគេ​ថា «​សំណាងល្អដែរ ដែលការ​ផ្សងព្រេង​របស់​អ្នកបើកបរ​ដ៏​តូច​ច្រមក់​​​នេះ​បានបញ្ចប់​ដោយភាព​រញ៉េរញ៉ៃតែបន្តិច»៕ AFP/HR