​ភ្នំពេញៈ “Everything Under the Sun” ប្រែ​ថា «​គ្រប់យ៉ាង​​នៅក្រោម​ពន្លឺព្រះអាទិត្យ​» គឺជា​អាល់​​ប៊ុ​ម​ទោល​ដែល​ទើបនឹង​ចេញផ្សាយ​តាមរយៈ​ស្ទូ​ឌី​យោ​ផ្ទាល់ខ្លួន Cerealbox Records កាលពី​ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២២ របស់​អ្នកចម្រៀង និង​អ្នក​តែង​និពន្ធ ចូ​ស្ស័​រ ជាំ​ង មកពី​សិង្ហ​បុរី ដែល​ផ្លាស់​មក​រស់នៅ​កម្ពុជាតាំងពី​ឆ្នាំ ​២០១៣​។

​អាល់​ប៊ុ​ម ចម្រៀង ១២​ បទ គឺជា​ការប្រមូលផ្ដុំ​ចម្រៀង​បង្ហាញ​ពី​ទេព​កោសល្យ​ខាង​តន្ត្រី​របស់លោក ជាំ​ង ដោយបាន​ឆ្លងកាត់​ការសម្ដែង​ផ្ទាល់​ជិត ១ ​ទសវត្សរ៍​នៅ​ទូទាំង​រាជធានី​នៃ​ព្រះរាជណាចក្រ​កម្ពុជា និង​ជំនាញ​ក្នុងការ​តាក់តែង​បទ​ភ្លេង​ដ៏​ទាក់ទាញ​។ ចម្រៀង​ទាំងអស់​ក្នុង​អាល់​ប៊ុ​ម​ត្រូវបាន​តាក់តែង​តាំងពី​លោក​ទើប​ពេញ​​វ័យ​ដល់​វ័យ​កណ្ដាល​។

​លោក​បាន​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា​៖ «​ខ្ញុំ​ចាប់ផ្ដើម​សរសេរ​ចម្រៀង​ឡើងវិញ​ក្នុងអំឡុង​ឆ្នាំ​ទី​២ ដែល​ខ្ញុំ​ផ្លាស់​មក​នៅ​ភ្នំពេញ​។ ប៉ុន្ដែ​បើ​និយាយ​ពី​គំនិត​នៃ​ការ​បង្កើតជា​អាល់​ប៊ុ​ម គឺ​នៅក្នុង​ឆ្នាំ ២០១៦​។ ចូលដល់​វ័យ ៤០ ​ឆ្នាំ ខ្ញុំ និង​ភរិយា​ចាប់ផ្ដើម​នាំគ្នា​គិតថា ជីវិត​គឺ​មិន​ទៀងទាត់ យើង​គួរតែ​ចាប់​ផ្ដើមធ្វើ​អ្វីដែល​យើង​ចង់​ធ្វើ​។ ដូច្នេះ ខ្ញុំ​បង្កើត​អាល់​ប៊ុ​ម​នេះ ដូចជា​សារ​ចុងក្រោយ​របស់ខ្ញុំ​ទៅកាន់​ពិភពលោក​»​។​

​លោកបាន​បន្ត​ប្រាប់​ពី​អត្ត​ន័យ​នៃ​អាល់​ប៊ុ​ម​នេះ​ថា​៖ «​វា​និយាយ​អំពី​រឿង​ខ្ញុំ​ទាំងអស់​។ ខ្ញុំ​គិតថា ខ្ញុំ​បាន​រកឃើញ​រឿង​មួយចំនួន​អំពី​ក្ដី​ស្រឡាញ់​។ ខ្ញុំ​បាន​រៀន​ពី​វិធី​ក្នុងការ​ទប់ទល់​នឹង​ការ​​ពិត​នៃ​ភាពមិន​ស្ថិតស្ថេរ​។ ប៉ុន្តែ​មាន​ជាច្រើន​ទៀត​ដែល​ខ្ញុំ​នៅ​មិនទាន់​រកឃើញ​។ ដូច្នេះ ខ្ញុំ​សរសេរ​អំពី​គំនិត​ទាំងនេះ​។ ខ្ញុំ​ក៏មាន​បទ​ចម្រៀង​អំពី​ការរស់រានមានជីវិត​ពី​នុយក្លេអ៊ែរ ខ្មោច​ហ្ស​ម​ប៊ី ឬ​មនុស្ស​យន្ត​។ ខ្ញុំ​មិនដឹង​ដែរ​ថា វា​ចូលមកក្នុង​ចម្រៀង​ខ្ញុំ​របៀប​ណា​»​។​

​អាល់​ប៊ុ​ម​នេះ​បង្កើតឡើង​នៅក្នុង​ស្ទូ​ឌី​យោ​ក្នុងផ្ទះ​របស់លោក ហើយ​លោក​ទើបតែ​បាន​សម្ដែង​ផ្ទាល់​ថ្មីៗ​នេះ ក្រោយ​ខកខាន​ដល់​ទៅ ២ ​ឆ្នាំ​ដោយសារ​រោគរាតត្បាត​។ បើ​និយាយ​ពី​មតិយោបល់ លោក​ទទួលបាន​លទ្ធផល​វិជ្ជមាន​ពី​មិត្តភក្តិ តែ​លោ​កថា វា​ហាក់​លឿន​ដែរ​ក្នុងការ​សរុប​ថា មតិយោបល់​ពី​អ្នកដទៃ​យ៉ាងណាទេ​ពីព្រោះ​អាល់​ប៊ុ​ម​ទើបតែ​ចេញ​មិន​ដល់ ​១ ខែ​ផង​។​

​ឆ្លើយតប​នឹង​សំណួរ​ថា ហេតុអ្វី​បានជា​លោក​ចាក​ចេញពី​ប្រទេស​សិង្ហ​បុរី ​មក​ភ្នំពេញ លោក​ថា សិង្ហ​បុរី​ គឺជា​ទឹក​​ដី​ដ៏​ល្អ​។ ប៉ុន្តែ​វា​មិនបាន​ធ្វើឱ្យ​លោក​រីករាយ​។

​ពេល​មួយ​ក្នុង​ឆ្នាំ ​២០១២ ជា​លើក​​ទី​២ ដែល​បានមក​ស្រុក​ខ្មែរ​រយៈពេល ២ ​ខែ បើ​ទោះ​លោក​ធ្វើ​ការងារ​ឯកជន​ធម្មតា តែ​នៅពេលដែល​ដល់ពេល​ត្រឡប់​ទៅ​ស្រុកកំណើត​វិញ លោក​បែរ​ជាមាន​អារម្មណ៍​អា​លោះ​អាល័យ​។ ហើយ​បើទោះជា​ទៅដល់​ប្រទេស​លោក​វិញ ក៏​នៅតែ​នឹករឭក រហូតដល់​លោក​សម្រេចចិត្ត​ផ្លាស់​មក​ក្នុង​ឆ្នាំ ២០១៣​។​

​លោក ជាំ​ង ឱ្យដឹង​ដែរ​ថា​៖ «​យ៉ាង​​ណា​មិញ ខ្ញុំ​នៅតែ​រីករាយ​ទៅ​សិង្ហ​បុរី​លេង ៣-៤ ​ខែម្ដង ​ដើម្បី​ទៅលេង​ឪពុកម្ដាយ មិត្តភក្ដិ បណ្ណាល័យ សារ​​មន្ទីរ និង​កន្លែង​ផ្សេងៗ​។ ប្រទេស​របស់ខ្ញុំ​នៅតែ​ល្អ​»​។​

​ក្រៅពី​ជា​សិល្បករ លោក​ក៏​ជា​អ្នក​គូររូប​។ គំនូរ​បោះពុម្ព លើ​កាត និង​កាត​ស្វាគមន៍ ដែល​លោក​បង្កើតជា​ស៊េរី Candid Cambodia គឺ​លក់ដាច់​ខ្លាំង​ក្នុងចំណោម​បរទេស​ដែល​រស់នៅ​ទីនេះ និង​ទេសចរ​។​

​សិល្បករ​ពហុ​ជំនាញ ទាំង​ជា​អ្នកសរសេរ​អត្ថបទ​គំនូរជីវចល គូររូប​ជា​កម្រង​សាច់រឿង សៀវភៅ​កំប្លែង អាជីវករ និង​អ្នក​បង្រៀន​រូបនេះ​ឱ្យដឹងថា ហេតុផល​មួយ​ដែល​លោក​ចាប់​​ផ្ដើម​ក្នុងការ​តែង​ចម្រៀង​ម្ដងទៀត​ពេល​ផ្លាស់​មក​ទីនេះ គឺ​វា​មាន​កន្លែង​ជាច្រើន​ស្វាគមន៍​តន្ត្រីករ​លេង​បទ​​ចម្រៀង​ដើម​របស់ខ្លួន​។​

​លោក ចូស្ស័រ ជាំង និង​ភរិយា​មក​រស់​នៅ​កម្ពុជា​អស់​រយៈ​ពេល​ជិត ១០​ ឆ្នាំ​។ Robin Narciso

​លោក ជាំ​ង បាន​និយាយថា​៖ «​ខ្ញុំ​ចូលចិត្ត​តន្ត្រី​នៅទីនេះ​ដោយ​វា​មាន​ភាព​ប្លែកៗ​គ្នា ថែមទាំង​សម្បូរ​ទៅដោយ​តន្ត្រីករ​ពូកែៗ​។ នេះហើយ​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ព្យាយាម​អភិវឌ្ឍ​ការសម្ដែង​របស់ខ្ញុំ​។ ជាក់ស្ដែង លោក ស្ក​ត បាយ​​វ័ត​ធើ ជា​ជនបរទេស​រស់នៅ​ទីនេះ រាល់ពេល​ដែល​ឃើញ​គាត់​មកលេង​ចម្រៀង​ដើម​របស់គាត់ ហើយ​ឃើញ​ទស្សនិកជន​ច្រៀង​តាម វា​ជា​កម្លាំង​​ចិត្ត​ឱ្យ​ខ្ញុំ​ហ៊ាន​លេង​ចម្រៀង​ដើម​របស់ខ្ញុំ​ដូចគ្នា​ដែរ​»​។​

​ប្រសិនបើ​សួរថា ការ​ច្រៀង និង​ការ​-​តែង​ចម្រៀង ជា​អ្វីដែល​លោក​ចង់​ធ្វើ​រហូតមក​ឬ​យ៉ាងណា ត​ន្រី​ករ​រូបនេះ​ថា បើសិនជា​យោងតាម​សម្ដី​ម្ដាយ​របស់លោក ពេល​លោក​នៅ​ក្មេង រាល់ពេល​បងប្អូន​ណា​ម្នាក់​គ្រាន់តែ​ផ្ដើម​ ១​ ឃ្លា​ដំបូង លោក​នឹង​ស្រែកច្រៀង​បន្ត​ដល់​ចប់​។

​ប៉ុន្តែ ចំពោះ​ការចងចាំ​លោក​វិញ លោក​ថា នៅពេល​មួយ​ដែល​លោក​ចូល​ប្រកួត​ចម្រៀង​នៅ​សាកល​វិទ្យា​ល័យ ដោយ​ច្រៀង​បទ «My Iron Lung» លោក​ទទួល​បានការ​សាទរ​ពី​អ្នកមើល​ជាច្រើន​។

​ពេលនោះ​ហើយ​ដែល​លោក​គិតថា លោក​ចង់​ចំណាយពេល​លើ​កិច្ចការ​នេះ​បន្ថែម​។​

​លោក ជាំ​ង បន្ថែមថា​៖ «​ខ្ញុំ​ក៏​មិនដឹង​ដែរ​ថា ហេតុអ្វី​នៅតែ​បន្តធ្វើ​វា ព្រោះ​វា​ទាំង​ហត់ ទាំង​បាក់​ទឹកចិត្ត​ពេលខ្លះ​។ ប៉ុន្តែរាល់​ពេលដែល​ខ្ញុំ​ចង់​ទម្លាក់​ចុះ ទំនុកភ្លេង​ក៏​ស្រាប់​លោត​មក​ធ្វើឱ្យ​ខ្ញុំ​ចាប់ផ្តើម​កាន់​ទូរស័ព្ទ​ថត​សំឡេង​ភ្លេង​នោះ​ទុក​»​។​

​សម្រាប់​អាជីព​តន្ដ្រី​របស់លោក​នៅ​ថ្ងៃ​អនាគត ជាំ​ង បន្ដថា លោក​នៅមាន​ចម្រៀង​ជាច្រើន​ទៀត​ដែល​លោក​បាន​សរសេរ​តាំងពី​ជាច្រើន​ឆ្នាំមុន​នៅ​សិង្ហ​បុរី​។ ប៉ុន្តែ លោក​ជ្រើសរើស​ដាក់​ក្នុង​អាល់​ប៊ុ​ម​តែ ១២ ​បទ ដែល​លោក​គិតថា អត្ថន័យ​វា​ចូល​ជាមួយគ្នា​។

​លោក ជាំ​ង ក៏មាន​គម្រោង​សរសេរ​ចម្រៀង​បែប រ៉ុ​ក​សុទ្ធ តែ​បច្ចុប្បន្ន លោក​កំពុងតែ​ផ្ដោតទៅលើ​ការ​ផ្សព្វ​​ផ្សាយ​អាល់​ប៊ុ​ម​។

​តន្ត្រីករ ៤៦ ឆ្នាំ​រូបនេះ​បញ្ជាក់ថា​៖ «​មិនមែន​គ្រប់គ្នា​ទេ​ដែល​អាច​រស់នៅ​ដោយ​ពឹង​ទៅលើ​អ្វីដែល​យើង​ចូល​ចិត្ត​តែមួយ​មុខ​។ ប៉ុន្តែ វា​មាន​សារៈ​​សំខាន់​ណាស់​សម្រាប់​ទុកចន្លោះ​ពេល​ឱ្យ​ខ្លួនឯង​អាចធ្វើ​អ្វីដែល​យើង​ស្រឡាញ់ ពីព្រោះ​វា​ធ្វើឱ្យ​យើង​អាច​ទ្រាំទ្រ​បាន​ចំពោះ​គ្រប់យ៉ាង ដែល​យើង​ត្រូវធ្វើ​ដើម្បី​រស់​។ អ្នក​ត្រូវ​កាត់បន្ថយ​ពេល​មើល​យូ​ធូប​។ ប៉ុន្តែ បើសិនជា​ត្រូវតែ​មើល សូមជួយ​ចុច​គាំទ្រ​យូ​ធូប​វីដេអូ​ខ្ញុំ​តាមរយៈ joshuachiangmusic»​។​

​ទស្សនិកជន​ដែល​ចង់​ស្ដាប់​កម្សាន្ដ​តន្ត្រី​របស់លោក ជាំ​ង អាច​ចូលទៅ​កាន់ www.joshuachiangmusic.com/discography.html. តាមរយៈ Bandcamp, Spotify, Amazon Music, iTunes, Deezer៕