The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ក្រុម​នារី​រាំអបអរ បីដូច​បុប្ផា​​រីក​ក្នុង​ទីលាន​​កីឡា​បេសបល​កូរ៉េខាងត្បូង​

ក្រុម​នារី​រាំអបអរ បីដូច​បុប្ផា​​រីក​ក្នុង​ទីលាន​​កីឡា​បេសបល​កូរ៉េខាងត្បូង​

Content image - Phnom Penh Post
ក្រុមរាំ​អាជីពលើក​ទឹកចិត្ត​ដល់​ក្រុម​បេសបលកូរ៉េខាង​ត្បូង​​ SSG Landers កាលពីថ្ងៃទី​២០ ខែ​មេសាឆ្នាំ​២០២២។ AFP

ក្រុម​នារី​រាំអបអរ បីដូច​បុប្ផា​​រីក​ក្នុង​ទីលាន​​កីឡា​បេសបល​កូរ៉េខាងត្បូង​

ទីក្រុងអ៊ីនឆុន៖​ ក្នុង​ក្រុមគាំទ្រ​ស៊ប់​នឹង​កីឡា​បេសបល​​កូរ៉េខាងត្បូងមិនថា​អ្នក​លេងកីឡា និង​អ្នកទស្សនា​​ទេ ពួកគេ​មាន​​អ្នក​លើកទឹកចិត្ត​អាជីពជាមួយ​ក្បាច់រាំ​ខេប៉ុបយ៉ាងរស់រវើក ​បន្ថែមរសជាតិ​ដល់​​អ្នក​ផឹក​ស្រាបៀរនិងក្លែម​មាន់បំពង​។

​នាំចូល​ដោយ​បេសកជន​អាមេរិក​ជាង ១០០ ​ឆ្នាំមុនបេសបល ​​គឺជា​កីឡា​ដែល​ទស្សនិកជន​ចូលចិត្ត​បំផុត​នៅ​​ប្រទេស​កូរ៉េខាងត្បូង និង​មាន​ប្រៀបជាង​សូម្បីតែកីឡា​បាល់ទាត់ទៀតផង​។​

​ទោះ​មិនមានមុខមាត់ដូច​​នៅ​ក្នុង​ក្រុម​ល្បី Major League Baseball នៅ​សហរដ្ឋអាមេរិក​មែន ប៉ុន្តែ​នារីរាំ​អបអរ​​គឺជា​​ទស្សនីយភាព​ទាក់ទាញចម្បង​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូងដោយ​ក្បាច់រាំ​​អបអរសាទរ​របស់ពួក​នាង​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ស្រែកហ៊ោកញ្ជៀវ។

​សូម្បីតែ​នៅពេលដែល​កីឡដ្ឋាន​គ្មាន​អ្នកគាំទ្រ​អំឡុងពេល​ជំងឺ​រាតត្បាត​​ខ្លាំង​ក៏ដោយ ក៏​កីឡាករ​បានស្នើ​សុំ​ឱ្យ​ក្រុម​លើកទឹកចិត្ត​បន្តសម្ដែង​​រាល់​ការប្រកួត​ដោយនិយាយ​ថា​វា​គួរឱ្យ​សោកស្ដាយ​ណាស់​បើ​គ្មាន​វត្តមាន​ពួកនាង។​

Content image - Phnom Penh Post
ក្រុមអ្នករាំលើកទឹកចិត្ត​ ទទួលទានអាហារ​មុនពេល​ចេញសម្ដែង​នៅ​កីឡដ្ឋាន Incheon SSG Landers Field ក្រុង​អ៊ីនឆុន។ AFP

កញ្ញា ម៉ុក ណាហ្គីយុង អាយុ ២១​​ឆ្នាំ​ជា​អ្នក​រាំ​លើកទឹកចិត្ត​ជាមួយ​ក្រុម SSG ចំណាត់ថ្នាក់​លេខ​ ១ ​បាន​ប្រាប់ AFP ថា៖ «​ជាធម្មតា​យើង​សម្តែង​នៅចំពោះ​មុខអ្នក​លេងនិង​អ្នកទស្សនា​​រក​តែ​កន្លែង​​ទំនេរ​មិន​បាន​ផង។ យើង​ពិតជា​អាច​មើល​ការប្រកួត​ផង​និង​អបអរសាទរ​កីឡាករ​របស់យើង​ដោយស្មោះផង​​»។​

​នាង​បាន​និយាយថា៖ «​យើង​ទទួលបាន​សារ​អរគុណ​ពី​អ្នកលេង​ដែល​និយាយថា​ពួកគេ​ទទួលបាន​ថាមពល​​បន្ថែម​ពី​ពួកយើង»។

​អ្នកលេង​បេសបល​​គ្រប់រូប​នៅក្នុង KBO League របស់​ប្រទេស​កូរ៉េខាងត្បូង​មាន​បទ​ចម្រៀង​ដែល​ត្រូវបាន​និពន្ធ​​​ជាពិសេស​សម្រាប់​ពួកគេ​។ នៅពេលដែល​ពួកគេ​ឈាន​ជើងដល់​ទីលានប្រកួតបទចម្រៀង​របស់​ពួកគេ​ត្រូវបានបន្លឺ​ឡើងពេញ​​​ពហុ​កីឡដ្ឋានមុននឹង​​អ្នក​លើកទឹកចិត្តបាន​​ចាប់ផ្តើម​រាំ​។​

ស្ថិត​ក្នុង​ចំណោមបុប្ផា​គ្រវី​កញ្ចុំ​ផ្កា​លើ​ឆាកកញ្ញា បេ​ ស៊ូយុន អាយុ​ ៣៧​ ឆ្នាំ​​គឺជា​អ្នក​រាំ​លើកទឹកចិត្ត​ដែល​បម្រើការ​យូរជាងគេ​បំផុតនៅ​ប្រទេស​កូរ៉េខាងត្បូង​ហើយនាង​​បាន​សម្តែង​នៅ SSG Landers Field ក្នុង​ទីក្រុងអ៊ីនឆុន​អស់​រយៈពេល​ជិត២​ទសវត្សរ៍​មកហើយ។

​នាង​បាន​និយាយថា ការយល់ឃើញ​ជា​​សាធារណៈ​ចំពោះ​អ្នករាំ​លើកទឹកចិត្ត​ដូចជាពួកនាង​បាន​ផ្លាស់ប្តូរហើយដោយពីមុន​គេ​មិនសូវ​ឱ្យ​តម្លៃ​នារី​រាំ​ស្លៀកសំពត់​ខ្លី​លើឆាកតែពេលនេះ​គេ​បានចាត់ទុក​ពួកនាង​ជា​អ្នកជំនាញ​ផ្សារភ្ជាប់​​​ស្ពាន​រវាងកីឡាករ​​និង​អ្នកគាំទ្រ​។​

Content image - Phnom Penh Post
អ្នកគាំទ្រ​សុំ​ថត​រូប​អនុស្សាវរីយ៍ជាមួយ​ក្រុមរាំ​អាជីពលើក​ទឹកចិត្ត​ដល់​ក្រុម​បេសបលកូរ៉េខាង​ត្បូង​​ SSG Landers។ AFP

ជាធម្មតាអ្នក​រាំ​លើកទឹកចិត្តកីឡាបេសបល​មាន​ពី ៤ ទៅ​ ៥​ នាក់​​នៅ​លើ​ឆាកតែ ​១ ដោយស្ថិត​នៅ​ផ្នែក​ខាង​មុខ​នៃ​កៅអី​ទស្សនិកជន។

​ឯកសណ្ឋាន​របស់​ពួកគេ​រួមមាន​អាវកាក់​ខ្លីគ្របដោយអាវ​ធំ​មាន​ប៉ាក់​ពណ៌ប្រាក់ និង​ខោ​-សំពត់ខ្លីបន្ថែម​កម្ពស់ដោយស្បែកជើងកីឡា​បាត​ក្រាស់។

​សម្រាប់កញ្ញាបេនាង​និង​សហការី​របស់​នាងបាន​បំពេញការងារ​នេះ​ពេញម៉ោង​។​

​នាង​បាន​និយាយថា៖ «បើ​គ្មាន​ពួកយើង​ទេវា​នឹងមិន​មានការ​ផ្សារភ្ជាប់រវាង​​​អ្នកលេង​និង​អ្នកមើល​​ទេ»។

​នាង​បាន​និយាយថា ប្រជាជន​កូរ៉េខាងត្បូងញៀន​នឹង​ទស្សនា​​​ការរាំ​របស់​ក្រុម​អ្នក​​​លើកទឹកចិត្ត​ ហើយ​បើ​ការ​ប្រកួត​​​កីឡា​បេសបលណា​អត់មាន​​វត្តមាននារី​រាំ​ទាំងនោះទាំង​​កីឡាករនិង​ទស្សនិកជន​ច្បាស់ជា​​ខកចិត្ត​មិនខាន​។​

អ្នក​រាំ​លើកទឹកចិត្ត​ចាស់វស្សាកញ្ញាបេ ​បាន​និយាយ​ថា៖ «​យើង​ជា​ផ្កា​លម្អ​ការប្រកួតហើយបើអត់​មានពួកយើងវាក៏អត់ល្អមើលដែរ»។

​​លី​គ​កីឡាបេសបល​​អាជីព​របស់​កូរ៉េខាងត្បូង​គឺជា​កេរដំណែល​របស់​អតីត​ប្រធានាធិបតី ជុន ឌូវ៉ាន ដែលបាន​ធ្វើរដ្ឋប្រហារយោធាដណ្ដើមអំណាច​​ក្នុង​ឆ្នាំ​១៩៧៩​។​

Content image - Phnom Penh Post
ក្រុមអ្នករាំលើកទឹកចិត្ត​ តុបតែងកាយ​មុនពេល​ចេញសម្ដែង​នៅ​កីឡដ្ឋាន Incheon SSG Landers Field ក្រុង​អ៊ីនឆុន។ AFP

ក្នុង​គោលបំណង​ដើម្បី​បង្វែរចំណាប់អារម្មណ៍​ពលរដ្ឋ​​ពីបញ្ហា​នយោបាយ លោក ជុន បាន​​​ប​ន្ធូ​រ​បន្ថយ​ការគ្រប់គ្រង​ដ៏​តឹងរ៉ឹង​លើ​វប្បធម៌​ប្រជាប្រិយ​ដែលត្រូវបាន​គេ​ចាត់ទុកថា​ជាគោលនយោបាយ 3sនៃ​ការលើកកម្ពស់​កីឡាការរួម​ភេទនិង​ចំណីចក្ខុ។​

​លោក​​បាន​លុបចោល​បម្រាម​គោចរនិង​ដាក់កញ្ចប់ថវិកា​ធំ​ចូលក្នុង​ឧស្សាហកម្ម​ភាពយន្តជាពិសេស​ការផ្សព្វផ្សាយ​ភាពយន្តបែបស្រើបស្រាល​​បង្កើត​លី​គ​កីឡាបេសបលនិង​​បាល់ទាត់។​

លោក សុង ហ្គីស៊ឹង អ្នកកាសែត​កីឡា​នៅ​ស្ថានីយទូរទស្សន៍ MBC បាន​និយាយថា៖ «លោក ជុន បាន​ព្យាយាម​បង្វែរ​ការយកចិត្តទុកដាក់​ដ៏​សំខាន់​លើ​​របប​ផ្តាច់ការ​របស់គាត់​ដោយ​ចាប់ផ្តើម​លី​គ​កីឡាបេសបល ហើយ​វា​បានក្លាយ​ជាលី​ក​កីឡា​ដ៏​ពេញនិយម​បំផុត​របស់​កូរ៉េខាងត្បូង​ក្នុង​រយៈពេល ៤០ ​ឆ្នាំ​​កន្លងមកនេះ​»។​

ក្រុមកីឡា​បាន​បង្កើត​ក្រុមរាំ​លើកទឹកចិត្ត​ផ្ទាល់ខ្លួន​របស់​ពួកគេ​នៅក្នុង​ទសវត្សរ៍​ឆ្នាំ ១៩៨០ ដោយ​ប្រើប្រាស់​នារី​រាំ​ទាំងនោះជា «​យុទ្ធសាស្ត្រ​ទីផ្សារទាក់ទាញ​​ទស្សនិកជន​» នេះ​បើ​យោងតាម​សមាគម​ក្រុមរាំលើកទឹកចិត្តកីឡាកររបស់​ប្រទេស​កូរ៉េ​។​

យុទ្ធសាស្ត្រ​បាន​ដំណើរការនិងមានឥទ្ធិពលរហូតដល់បច្ចុប្បន្ន។

កញ្ញា ផាក ហាន់​អ៊ីល អាយុ ២៣​ ឆ្នាំ​ ដែល​កំពុង​មើល​នៅ​កីឡដ្ឋាន SSG ពេល​កំពុង​គ្រវីទង់ជាតិ​កូរ៉េខាង​ត្បូងបាន​និយាយថាអ្នក​លើកទឹកចិត្ត​នាំគឺជា៖ «ថាមពល​វិជ្ជមាន​ដល់​ទីលាន​បេសបល»។​

កញ្ញា​បាន​បន្ថែមថា​ការប្រកួត​នឹង​ហាក់បីដូច​ជា​សោះកក្រោះបើ​គ្មាន​វត្តមានពួកយើង៕ AFP/HR

Content image - Phnom Penh Post
កញ្ញា បេ ស៊ូយុន អាយុ ៣៧​ឆ្នាំ ជា​អ្នកអាជីព​យូរ​ឆ្នាំ​ក្នុងការ​លើកទឹកចិត្ត​កីឡាករ។ AFP

អត្ថបទគួរចាប់អារម្មណ៍