ក្រុងដេនផាសារ៖​ ឥណ្ឌូនេស៊ីបាន​ឱ្យដឹង​ពី​ចុងសប្ដាហ៍​ថាតារា​បណ្ដាញសង្គម​​ជនជាតិ​រុស្ស៊ី និង​ស្វាមី​របស់​នាងនឹងត្រូវ​និរទេស​ចេញពី​កោះ​បាលីបន្ទាប់ពី​ថតរូប​អាក្រាតកាយ​នៅលើ​ដើមឈើ​ដ៏​ពិសិដ្ឋ​មួយដោយ​បំពាន​លើ​វប្បធម៌​ក្នុង​តំបន់​។​

អ្នកស្រី Alina Fazleeva ដែលមាន​អ្នកតាមដាន​រាប់ពាន់នាក់​នៅលើ Instagram បាន​ថត​ស្រាត​នៅលើ​ដើម​ពោធិ៍​ដែលមាន​អាយុ៧០០​ឆ្នាំ​នៅ​ប្រាសាទ​មួយ​ក្នុងស្រុកថាបាណាន។​

​រូបភាព​ដែល​ត្រូវបាន​ថត​ដោយ​ប្តី​របស់​នាង Andrey Fazleev ត្រូវបាន​បង្ហោះ​ចូលទៅក្នុង Instagram បាន​ខ្ចរខ្ចាយធ្វើ​ឱ្យ​ឱ្យ​សហគមន៍​ជនជាតិ​បាលី​មាន​ភាពច្របូកច្របល់​។​

​ភ្នំដើមឈើនិង​លក្ខណៈ​ធម្មជាតិ​ផ្សេងទៀត​ត្រូវបាន​គេ​ចាត់ទុកថា​បរិសុទ្ធ​ក្នុង​វប្បធម៌​ហិណ្ឌូ​បាលីព្រោះ​ប្រជាជន​គិតថា​ជា​លំនៅឋាន​របស់​ព្រះ​។​

​ប្រធាន​អន្តោប្រវេសន៍​កោះ​បាលីលោក Jamaruli Manihuruk បាន​ប្រាប់​អ្នកយកព័ត៌មាន​​​ថា៖ «ពួកគេ​ទាំង២​ត្រូវបាន​បង្ហាញថា​បានធ្វើ​សកម្មភាព​ដែល​បង្ក​គ្រោះថ្នាក់​ដល់​សណ្តាប់ធ្នាប់​សាធារណៈនិង​មិន​គោរព​បទដ្ឋាន​ក្នុង​តំបន់​។ ​ដូច្នេះពួកគេ​នឹងត្រូវ​ដាក់ទណ្ឌកម្ម​លើ​ការ​និរទេស​»​។​

​លោក​បាន​បន្ថែមថា ប្ដី​ប្រពន្ធ​រុស្ស៊ី​នេះ​នឹងត្រូវ​ហាមប្រាម​ពី​ប្រទេស​ឥណ្ឌូនេស៊ី​ យ៉ាងហោចណាស់​៦ខែហើយ​ត្រូវ​ចូលរួម​ក្នុង​ពិធី​ជម្រះ​បាប​នៅ​តំបន់​ពិសិដ្ឋស្របតាម​ជំនឿ​ក្នុង​តំបន់​។​

ប្ដីប្រពន្ធ ​Fazleeva ចូលរួម​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុងដេនផាសារនៅ កោះបាលីកាលពីថ្ងៃទី​៦ ខែ​ឧសភា។ AFP

ប្ដីប្រពន្ធ Fazleeva បាន​សុំទោស​នៅលើ​គណនី Instagram របស់​នាង​ជា​ភាសា​អង់គ្លេសនិងភាសា​បាហាសា​ឥណ្ឌូនេស៊ី​​ដោយ​ទទួលស្គាល់ថា​នាង «បានសាង​​កំហុស​ដ៏​ធំ​មួយ​»។​

​នាង​បាន​និយាយថា​៖ «​មាន​កន្លែង​ពិសិដ្ឋ​ជាច្រើន​នៅ​កោះ​បាលីហើយ​មិនមែន​ទាំងអស់​សុទ្ធ​តែមាន​សញ្ញា​ព័ត៌មាន​​អំពី​វា​ដូច​ករណី​របស់ខ្ញុំ​ទេ​»​។​

នាងបន្តថា៖ «​ហើយ​វា​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុងការចាត់ទុក​ទីកន្លែងនិង​ប្រពៃណី​ទាំងនេះ​ដោយ​ការគោរព​»។​

​អភិបាល​កោះ​បាលីលោក Wayan Koster បាន​និយាយថារដ្ឋបាល​របស់លោក​នឹងមិន​អត់ធ្មត់​ចំពោះ​អ្នកទេសចរ​ដែល​មិន​គោរពវប្បធម៌សាសនា​​ទៀតឡើយ​។​

​មនុស្ស​ជិត២០០​នាក់​ត្រូវបាន​និរទេស​ចេញពី​កោះ​វិស្សមកាល​កាលពី​ឆ្នាំមុនដោយ​ពួកគេ​ខ្លះ​បំពាន​លើ​វិធានការកាត់បន្ថយ​ការ​ឆ្លង​​ជំងឺកូវីដ១៩។​

​កាលពី​ខែ​មុនតារា​សម្ដែង​ជនជាតិ​កាណាដានិង​ជា​ជំនាញ​​សុខភាពក៏​​​ប្រឈមមុខ​នឹង​ការ​និរទេស​ពី​កោះ​បាលី​ផងដែរបន្ទាប់ពី​វីដេអូ​មួយ​បាន​រីក​រាលដាលបង្ហាញ​រូបកាយ​​​អាក្រាតរបស់លោក​នៅឯ​ភ្នំ​បរិសុទ្ធ Batur ខណៈពេល​កំពុង​រាំ Haka ដែលជា​ពិធីបុណ្យជនជាតិដើម​ម៉ាវរីនៅ​​ប្រទេស​នូ​វែ​ល​សេ​ឡង់​៕ AFP/HR

ប្ដីប្រពន្ធ ​Fazleeva ចូលរួម​សន្និសីទ​សារព័ត៌​មាននៅ​ទីក្រុងដេនផាសារនៅកោះបាលី កាលពីថ្ងៃទី​៦ ខែ​ឧសភា។ AFP