ក្រុងតូក្យូ៖ អាជ្ញាធរជប៉ុនបានប្ដេជ្ញាថានឹងស៊ើបអង្កេតការដាក់ដបដឹកលាយឡំគ្នានឹងទឹកសម្អាតអនាម័យ ដែលនាំឱ្យមានអត្តពលិកថ្នាក់វិទ្យាល័យម្នាក់ច្រឡំអាល់កុលលាងសម្អាតដៃ ក្នុងអំឡុងពេលប្រកួតប្រណាំងមួយ និងមានសិស្សម្នាក់បានធ្លាក់ខ្លួនឈឺចូលមន្ទីរពេទ្យ។
អ្នករៀបចំការប្រកួតសម្រាប់ការរត់ប្រណាំងចម្ងាយ ៥ ០០០ ម៉ែត្រសម្រាប់យុវតី ដែលបានធ្វើឡើងកាលពីចុងសប្តាហ៍មុននៅខេត្តយ៉ាម៉ាណាស៊ី ភាគកណ្តាលប្រទេសជប៉ុន បានចាក់ទឹកអនាម័យចូលទៅក្នុងពែងដោយច្រឡំ ហើយដាក់វានៅស្ដង់ភេសជ្ជៈសម្រាប់អត្តពលិក។
សហព័ន្ធកីឡាវិទ្យាល័យរបស់ខេត្តយ៉ាម៉ាណាស៊ី បាននិយាយថា ទឹកអនាម័យលាងដៃត្រូវបានរក្សាទុកក្នុងដបប្លាស្ទិក ដែលគ្មានស្លាកសញ្ញា ហើយស្ថិតនៅលាយឡំរួមជាមួយទឹកផឹកនៅក្នុងប្រអប់ក្រដាសកាតុងធ្វើកេស។
ទឹកលាងដៃដែលមានជាតិអាល់កុលត្រូវបានប្រើប្រាស់ជាទូទៅដើម្បីការពារប្រឆាំងនឹង Covid-19 ហើយវាជាតម្រូវការនៅគ្រប់ទីកន្លែងនៅក្នុងប្រទេសជប៉ុន និងបណ្ដាប្រទេសដទៃទៀតចាប់តាំងពីជំងឺរាតត្បាតបានចាប់ផ្តើម។
អត្តពលិកម្នាក់បានដួល ក្អួត និងត្រូវបានដកចេញចេញពីការប្រណាំង បន្ទាប់ពីផឹកទឹកអនាម័យ ខណៈ២នាក់ទៀតបានខ្ជាក់ទឹកចេញពីមាត់ទាន់ពេល។
សរុបកីឡាករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ដើម្បីព្យាបាលហើយត្រូវបានគេរាយការណ៍ថា បានជាសះស្បើយហើយ។
អភិបាលខេត្តយ៉ាម៉ាណាស៊ី លោក កូតារ៉ូណា ហ្គាសាគី បាននិយាយកាលពីថ្ងៃចន្ទថា នឹងមានការស៊ើបអង្កេតពីភាគីទី៣។
លោកបានបន្តថា៖ «ក្នុងនាមជាអាជ្ញាធរខេត្ត ខ្ញុំសូមធ្វើការសុំទោសដោយស្មោះចំពោះកីឡាករ និងក្រុមគ្រួសាររបស់ពួកគេទាំងអស់គ្នា»៕ AFP/HR