ក្រុងអាសមេដាបាដ៖ អ្នកស្ម័គ្រចិត្ដម្នាក់បានរើសសត្វខ្លែង ១ ក្បាល ដែលដេកស្ទើរតែស្ដូកស្តឹងនៅលើចិញ្ចើមផ្លូវឥណ្ឌាដ៏ក្ដៅរលាកជើង ខណៈដែលព្រះសូរ្យសែងស្ទើរតែដុតរោមរបស់វា។
សត្វខ្លែង ១ ក្បាលនេះស្ថិតក្នុងចំណោមសត្វស្លាបរាប់មិនអស់ ដែលត្រូវរស់តស៊ូនឹងរលកកម្ដៅដ៏ពិបាកទ្រាំទ្របាន។
ការចាប់ផ្តើមដំបូងនៃរដូវក្តៅបាននាំមកនូវសីតុណ្ហភាពកំណត់ត្រា ដោយធ្វើឱ្យជីវិតមនុស្ស និងសត្វជួបទុក្ខដូចគ្នា។
អ្នកជំនាញបានព្រមានថា ការប្រែប្រួលអាកាសធាតុកំពុងធ្វើឱ្យលក្ខខណ្ឌកម្ដៅបែបនេះកាន់តែធ្ងន់ធ្ងរ និងអាចកើតឡើងញឹកញាប់។

មន្ទីរពេទ្យសត្វមួយនៅភាគខាងលិចនៃទីក្រុង Ahmedabad បានព្យាបាលសត្វស្លាបប្រហែល ២ ពាន់ក្បាលក្នុងរយៈពេល ១ ខែកន្លងមកនេះ ដែលភាគច្រើនពួកវាខ្សោយ និងខ្សោះជាតិទឹកយ៉ាងធ្ងន់ធ្ងរ ហើយខ្លះរងការបាក់ស្លាបបន្ទាប់ពីធ្លាក់ពីលើដើមឈើ។
ដោយបន្ថែមថាសីតុណ្ហភាពបានកើនឡើងដល់ ៤៥ អង្សាសេលោក Gira Shah សហស្ថាបនិកនៃមូលនិធិ Jivdaya Charitable Trust ដែលគ្រប់គ្រងមន្ទីរពេទ្យបានប្រាប់ AFP ថា៖ «យើងទទួលបានសត្វស្លាបខ្វះជាតិទឹកយ៉ាងហោចណាស់ ៥០ ទៅ ៦០ ក្បាលជារៀងរាល់ថ្ងៃ»។
មន្ទីរពេទ្យសត្វស្លាបគឺជាមន្ទីរពេទ្យដ៏ធំបំផុតមួយនៅក្នុងប្រទេសឥណ្ឌា ហើយវាត្រូវបានបង្កើតឡើងដោយសមាជិកនៃសាសនា Jain ដែលជាសាសនាឥណ្ឌាបុរាណផ្សព្វផ្សាយអំពីអហិង្សា និងសេចក្តីស្រឡាញ់ចំពោះសត្វលោកតូចធំទាំងអស់។

អ្នកជួយសង្គ្រោះស្ម័គ្រចិត្ត និងសមាជិកសាធារណៈបានដាក់សត្វស្លាបក្នុងប្រអប់កេស ឬកន្ត្រកជារៀងរាល់ថ្ងៃមកកាន់មន្ទីរពេទ្យ ដើម្បីកត់ត្រាថ្លឹង និងពិនិត្យសុខភាព។
សត្វស្លាបត្រូវបានព្យាបាលប៉ុន្តែប្រហែល១ក្នុងចំណោម ៤ ក្បាល មិនអាចរស់រានមានជីវិតទេ ដោយស្ថានភាពធ្ងន់ធ្ងរនៃការខះជាតិទឹករបស់ពួកវា ឬសុខភាពទ្រុឌទ្រោមខ្លាំងដោយសារអត់មានទឹកផឹករយៈពេលយូរ។
សត្វដែលបានសង្គ្រោះត្រូវបានរក្សាទុកមួយរយៈរហូតដល់ពួកវាមាំទាំត្រៀមខ្លួនរួចជាស្រេចក្នុងការដោះលែងឱ្យត្រឡប់ទៅក្នុងព្រៃ។
សត្វផ្សេងទៀតដែលមានពិការខ្លាំងពេកដោយសាររបួសត្រូវបានបញ្ជូនទៅជម្រកអចិន្ត្រៃយ៍។

អ្នកមើលការខុសត្រូវមន្ទីរពេទ្យ Sherwin Everett ដែលបម្រើការព្យាបាលសត្វចាប់តាំងពីឆ្នាំ ២០១០ បាននិយាយថា៖ «រលកកម្ដៅឆ្នាំនេះមានឥទ្ធិពលអាក្រក់បំផុតចំពោះសត្វស្លាបក្នុងតំបន់ដែលស្ទើរតែពុំធ្លាប់ជួបប្រទះ»។
រលកកម្ដៅបានសម្លាប់មនុស្សជាង ៦ ៥០០ នាក់នៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ ២០១០ ប៉ុន្តែពេទ្យសត្វ Shah និង Everett ក៏កំពុងអំពាវនាវដល់សាធារណជនផងដែរឱ្យគិតគូរពីសុខុមាលភាពរបស់សត្វព្រៃ ដែលពួកគេបានជួបប្រទះ។
លោក Everett បាននិយាយថា៖ «យើងកំពុងរំពឹងថា រហូតដល់ខែកក្កដានឹងមានរលកកម្ដៅច្រើន ហើយសីតុណ្ហភាពនឹងកាន់តែអាក្រក់ទៅៗ»។
លោកបានបន្ថែមថា៖ «ឥឡូវនេះយើងបានទទួលបក្សីជាច្រើនដែលខ្វះជាតិទឹក។ ប៉ុន្តែខែខាងមុខនេះ ស្ថានភាពទំនងជារឹតតែអាក្រក់ណាស់សម្រាប់មនុស្សសត្វ»៕ AFP/HR
