
កូនកំលោះ Matthew និងកូនក្រមុំ Janelle ប្រារព្ធពិធីមង្គលការនៅចំណតរថយន្តបរិវេណលំនៅឋាន។ AFP
ក្រុងសៀងហៃ៖ គូស្នេហ៍ ១ គូនៅទីក្រុងសៀងហៃបានជម្នះការបិទខ្ទប់ និងបែបបទការិយាធិបតេយ្យ ដើម្បីប្រារព្ធចំណងអាពាហ៍ពិពាហ៍ នៅក្នុងចំណតរថយន្តនៃបរិវេណលំនៅឋានរបស់ពួកគេបន្ទាប់ពីពិធីមង្គលនិមិត្តរូបមួយដែលធ្វើឡើងតាមរយៈ Zoom ពីសហរដ្ឋអាមេរិក។
ជាមួយនឹងបទចម្រៀងអបអរកូនកំលោះក្រមុំ និងវត្តមានភ្ញៀវជិតស្និទ្ធតិចតួចបំផុតកូនក្រមុំ Janelle Nuyts គ្រងឈុតរ៉ូបពណ៌សឥតខ្ចោះ បានដើរចុះតាមច្រកផ្លូវអមដោយមន្ត្រីសុខាភិបាលក្នុងឈុតអាវប្លាស្ទិកស្រោបខ្លួន ដើម្បីតាមបាញ់សម្លាប់មេរោគលើដីជុំវិញនាង។
ការបិទខ្ទប់រយៈពេល ១ សប្តាហ៍របស់ទីក្រុងសៀងហៃ បានធ្វើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្មរបស់ប្រជាជនចំនួន២៥លាននាក់សម្ងំដេក នៅពេលដែលប្រទេសចិនប្រកាន់ខ្ជាប់នូវគោលនយោបាយសូន្យ-កូវីដរបស់ខ្លួន។
ប៉ុន្តែការបន្ធូរបន្ថយច្បាប់ក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះបានអនុញ្ញាតឱ្យពលរដ្ឋមួយចំនួនចេញពីផ្ទះរបស់ពួកគេ បើទោះបីជាភាគច្រើនស្ថិតនៅក្នុងដែនកំណត់នៃលំនៅឋានរបស់ពួកគេក៏ដោយ។
កូនកំលោះ Matthew Mitchenerអាយុ ៣៥ ឆ្នាំបាននិយាយថា ដំបូងគាត់មានមន្ទិលរឿងរៀបចំពិធីមង្គលការក្នុងអំឡុងពេលបិទខ្ទប់ ប៉ុន្តែភាពស្រពេចស្រពិលបានរលាយបាត់ពេលដែលគាត់បានឃើញកូនក្រមុំរបស់គាត់នៅក្នុងរ៉ូបអាពាហ៍ពិពាហ៍។

ការបិទខ្ទប់ទីក្រុងសៀងហៃរយៈពេល១សប្តាហ៍ បានធ្វើឱ្យមជ្ឈមណ្ឌលពាណិជ្ជកម្មនៃប្រជាជនចំនួន២៥លាននាក់ប្រែស្ងាត់ជ្រងំ។ AFP
ជនជាតិអូស្ត្រាលីរូបនេះបាននិយាយទាំងញញឹមខណៈអ្នកជិតខាងគប់អង្ករ ដើម្បីសំណាងល្អនិងលើកទឹកចិត្តថា៖ «វាជារឿងមិនគួរឱ្យជឿ»។
បន្ទាប់ពីបានជាប់គាំងនៅផ្ទះអស់១ខែ គូស្នេហ៍១គូនេះបានរៀបចំពិធីអាពាហ៍ពិពាហ៍របស់ពួកគេតាមអ៊ីនធឺណិត ដោយអបអរពីបងប្អូនសាច់ញាតិនៅសហរដ្ឋអាមេរិក មុនពេលពួកគេធ្វើដំណើរទៅកាន់ចំណតរថយន្តនៃបរិវេណផ្ទះរបស់ពួកគេ សម្រាប់ការប្រារព្ធពិធីមង្គលដ៏តូចមួយនេះ។
ការហាមប្រាមអាពាហ៍ពិពាហ៍រវាងជនបរទេសនៅក្នុងប្រទេសចិនបានចាប់តាំងពីឆ្នាំ ២០១៩ ដោយកូនកំលោះក្រមុំមិនអាចបានការទទួលស្គាល់ពីមន្ត្រីចិន ហើយជម្រើសនៃការរៀបការនៅស្ថានទូតរបស់ពួកគេក៏មិនមានដែរ។
ការប្រារព្ធពិធីចំណតរថយន្តត្រូវបានសម្រេចត្រឹមតែ ១ ថ្ងៃមុនប៉ុណ្ណោះ នៅពេលដែលអ្នកជិតខាងរបស់ប្តីប្រពន្ធ១គូនេះស្នើឱ្យពួកគេរៀបចំពិធីជប់លៀងក្រោយពីមានការបន្ធូរបន្ថយការរឹតបន្តឹង។
អ្នកទាំង២បានសម្រេចចិត្តក្នុងខែមីនា ដើម្បីរៀបចំពិធីអាពាហ៍ពិពាហ៍របស់ពួកគេតាមអ៊ីនធឺណិតបន្ទាប់ដឹងថាពួកគេមានកូនជាមួយគ្នា។
កូនក្រមុំ Nuyts វ័យ ៣៣ ឆ្នាំបាននិយាយថា៖ «ពេលខ្ញុំស្លៀករ៉ូបការអ្វីៗបានផ្លាស់ប្តូរ។ វាលើសពីការរំពឹងទុករបស់យើង។ យើងពិតជាមិននឹកស្មានថាវានឹងមានភាពរ៉ូមែនទិកខ្លាំងដូច្នេះសោះ»៕ AFP/HR