ក្រុងញូវដែលី៖ រ៉ឺម៉កកង់៣ពណ៌លឿង និងបៃតងមានគ្រប់ទីកន្លែងនៅលើផ្លូវក្នុងទីក្រុងញូវដេលី ប៉ុន្តែយានជំនិះរបស់លោក មាហេនត្រា គូមារ មានភាពលេចធ្លោដោយវាមានសួនច្បារនៅលើដំបូល ដើម្បីរក្សាភាពត្រជាក់ដល់អ្នកដំណើរនារដូវក្ដៅ។
លោក គូមារ និយាយថារុក្ខជាតិពណ៌បៃតងធ្វើឱ្យយានជំនិះត្រជាក់ ទោះបីជាសីតុណ្ហភាពឡើងដល់ ៤៥ អង្សាសេនៅក្នុងរដ្ឋធានីនៃប្រទេសឥណ្ឌា។
អ្នករត់កង់៣វ័យ ៤៨ឆ្នាំរូបនេះបានដាំដើមឈើដំណាំនិងផ្កាជាង២០ប្រភេទ ដែលទាក់ទាញអ្នកធ្វើដំណើរ និងមហាជនមិនភ្លេចឈប់ចុចថតសែលហ្វីជាមួយសួនចល័តលើដំបូលរ៉ឺម៉កតែ ១គត់។
លោកគូមារ បានប្រាប់ AFP ថា៖ «ប្រហែល២ឆ្នាំមុនខ្ញុំមានគំនិតនេះក្នុងអំឡុងរដូវក្តៅកំពូល។ ខ្ញុំគិតថាប្រសិនបើខ្ញុំអាចដាំរុក្ខជាតិខ្លះនៅលើដំបូលវានឹងធ្វើឱ្យរថយន្តរបស់ខ្ញុំត្រជាក់ និងផ្តល់ភាពធូរស្រាលពីកម្ដៅដល់អ្នកដំណើររបស់ខ្ញុំ»។
ទន្ទឹមនឹងនោះ លោកក៏បានដំឡើងម៉ាស៊ីនត្រជាក់ខ្នាតតូច២និងកង្ហារនៅខាងក្នុងផងដែរ។
ឪពុកកូន៣នាក់បាននិយាយថា៖ «ឥឡូវនេះវាដូចម៉ាស៊ីនត្រជាក់ធម្មជាតិអ៊ីចឹង។ អ្នកដំណើររបស់ខ្ញុំសប្បាយចិត្តខ្លាំងណាស់ក្រោយពេលជិះនិងសុខចិត្តបង់លុយបន្ថែម ១០ ទៅ ២០ រូពី (០.១៣-.២៦ ដុល្លារ)»។
រលកកម្ដៅបានសម្លាប់មនុស្សជាង៦៥០០នាក់នៅក្នុងប្រទេសឥណ្ឌាចាប់តាំងពីឆ្នាំ២០១០។
លោក គូមារ បាននិយាយថាលោកកំពុងធ្វើ «កិច្ចការតិចតួចផ្ទាល់ខ្លួន»ដើម្បីចូលរួមស្ទួយបរិស្ថានដោយដាំសាឡាត់ ប៉េងប៉ោះ និងធញ្ញជាតិឯទៀតលើដំបូលរ៉ឺម៉ក។
ការរៀបចំដំបូលសម្រាប់ការសាបព្រោះគឺសាមញ្ញ៖ ដំបូងលោកគូមារដាក់កន្ទេលអមដោយបាវក្រាស់ដែលគាត់បានប្រោះដីខ្លះ។
លោកទទួលបានស្មៅពីចិញ្ចើមផ្លូវ និងគ្រាប់ពូជពីមិត្តភក្តិ និងអ្នកស្គាល់គ្នា ហើយក្នុងរយៈពេលប៉ុន្មានថ្ងៃគ្រាប់ពូជបានលូតពន្លកពណ៌បៃតង។
លោកបាននិយាយថា៖ «វាមិនតម្រូវឱ្យមានការខិតខំប្រឹងប្រែងច្រើនទេ។ ខ្ញុំគ្រាន់តែស្រោចទឹករុក្ខជាតិដោយប្រើដប២ដងក្នុង១ថ្ងៃ»។
គំនិតផ្តួចផ្តើមរបស់គូមារគឺជាការបំផុសគំនិតសម្រាប់អ្នកបើកបររួមអាជីពរបស់គាត់ ដែលបានសួរគាត់ពីល្បិច និងគន្លឹះបៃតងមួយនេះ។
ភ្ញៀវរបស់លោក អ្នកស្រី ណាអ៊ីម៉ា ចាម៉ាល់ បានប្រាប់ AFP ថា៖ «វាជាគំនិតដ៏អស្ចារ្យ។ ទីក្រុងញូវដេលីបានក្លាយជាព្រៃបេតុងស្ទើរតែគ្មានរុក្ខជាតិបៃតងឡើយ»។
ស្ត្រីមេផ្ទះរូបនេះបន្តថា៖ «យើងត្រូវការយានជំនិះបែបនេះច្រើនទៀតនៅលើដងផ្លូវ»៕ AFP/HR