The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - អ្នក​សិល្បៈ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​បង្កើត​ស្នាដៃ​វីដេអូ​​ ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​សិង្ហបុរី​

អ្នក​សិល្បៈ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​បង្កើត​ស្នាដៃ​វីដេអូ​​ ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​សិង្ហបុរី​

Content image - Phnom Penh Post
ស្នាដៃ​សិល្បៈរបស់លោក ពេជ្រ សុង ដែល​មានចំណង​ជើង​ថា ថ្ងៃ​ជ័យជម្នះ ៧ មករា។ រូបថត សហការី

អ្នក​សិល្បៈ​កម្ពុជា​ត្រូវ​បាន​អញ្ជើញ​ចូលរួម​បង្កើត​ស្នាដៃ​វីដេអូ​​ ស្ដីពី​បេតិកភណ្ឌ​វប្បធម៌​អរូបី​នៅ​សិង្ហបុរី​

ភ្នំពេញៈ ព្រឹត្តិការណ៍​វប្បធម៌​ ៦ ​​ប្រភេទ៖ ទី១ ការ​អនុវត្ត​សង្គម​ពិធី​សាសនា និង​ពិធីបុណ្យ​នានា​ ទី២ ​ចំណេះដឹង និង​ការ​អនុវត្ត​ទាក់ទង​នឹង​ធម្មជាតិ និង​សកល​លោក ទី៣ ​​ប្រពៃណី និង​ការ​បញ្ចេញមតិ​ផ្ទាល់​មាត់​ ទី៤ ​សិប្បកម្ម​ប្រពៃណី​ ទី៥ អាហារ និង​ទី៦ សិល្បៈ​សម្តែង​ គឺ​ជា​​សក្តានុពល​ដែល​ប្រទេស​កម្ពុជា​មាន​។

នោះ​ជា​មូលហេតុ​ដែល​សិល្បករ និង​​អ្នក​ច្នៃប្រឌិត​កម្ពុជា​ត្រូវ​បាន​​អញ្ជើញ​​ឱ្យ​​ផលិត​ស្នាដៃ​វីដេអូ​ផ្ដោត​លើ​​​ប្រធានបទ​​​​បេតិកភណ្ឌ​វប្បធម៌​​អរូបី (ICH) នៅ​ក្នុង​ព្រឹត្ដិការណ៍​ Open Call ​លើក​ទី២​ ដែល​​រៀបចំ​​ឡើង​​​ដោយសារ​មន្ទីរ​ជាតិ​សិង្ហបុរី (NMS)។

សហការ​ជាមួយ​មូលនិធិ​ធនាគារ​មេយប៊ែង សារមន្ទីរ​កំពុង​រៀបចំ​កម្មវិធី​​​ Open Call ​ដែល​ប្រព្រឹត្ត​ទៅ​ចាប់ពី​ថ្ងៃទី ១៩ ខែ​មេសា ​ដល់​​ថ្ងៃទី ១៨ ខែ​ ឧសភា ឆ្នាំ ២០២២ ដើម្បី​ផ្តល់​​ឱកាស​ដល់​​ស្នាដៃ​សិល្បៈ​ក្នុង​​ទម្រង់​​វីដេអូ​ សម្រាប់​ដាក់​តាំង​បង្ហាញ​​​នៅ​លើ​ជញ្ជាំង LED របស់​សារមន្ទីរ​។

សារមន្ទីរ NMS នឹង​ជ្រើសរើស​សំណើ​​ចំនួន ៤ ម្រាប់​ព្រឹត្ដិការណ៍ Open Call លើក​​​នេះ ហើយ​បាន​ផ្តល់​រង្វាន់​ជា​ប្រាក់​​​ចំនួន ៣៧ ៥០០ ដុល្លារ​ ចំពោះ​ស្នាដៃ​នីមួយៗ។

បើ​​យោង​តាម NMS ស្នាដៃ​សិល្បៈ​ដែល​បាន​ជ្រើសរើស​នឹង​ត្រូវ​បាន​បង្ហាញ​​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២២ (មិន​ទាន់​សម្រេច​ផ្លូវការ​​) សម្រាប់​រយៈពេល ៣ ខែ។

Content image - Phnom Penh Post
ការ​ត្បាញ​​ស្មុក​ដាក់​នំ​អង្ករ​ Ketupat នៅ​ឥណ្ឌូនេស៊ី និង​ម៉ាឡេស៊ី។ រូបថត សហការី

ប្រភព​បាន​ឱ្យ​ដឹង​ថា Open Call បាន​​​អញ្ជើញ​សិល្បករ និង​អ្នក​ច្នៃ​ប្រឌិត​​មក​ពី​សិង្ហ​បុរី និង​អាស៊ីអាគ្នេយ៍​ឱ្យ​ដាក់​សំណើ​ដែល​ឆ្លើយតប​ទៅ​នឹង​ប្រធានបទ​​​បេតិកភណ្ឌ​វប្បធម៌​អរូបី។

Chia Han ជំនួយ​ការ​មក​ពី Tate Anzur ក្នុង​នាម​សារមន្ទីរ​ជាតិ​សិង្ហ​បុរី​បាន​ឱ្យ​ដឹង​ថា៖ «​នេះ​ គឺ​ជា​ព្រឹត្ដិការណ៍ Open Call ​លើកទី​២ ​សម្រាប់​ស្នាដៃ​សិល្បៈ​​​វីដេអូ​​​ឆ្លើយតប​នឹង​ប្រធានបទ​​​បេតិកភណ្ឌ​វប្បធម៌​អរូបី​»។

Han បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ថា៖ «​សារមន្ទីរ​ [NMS] សង្ឃឹម​ថា នឹង​អញ្ជើញ​សិល្បករ និង​អ្នក​ច្នៃប្រឌិត​កម្ពុជា​ឱ្យ​ផលិត​ស្នាដៃ​​វីដេអូ​ដែល​​ផ្ដោត​លើ​​ប្រធានបទ ICH។​ ស្នាដៃ​ទាំង​នេះ​គួរ​តែ​ជា​ស្នាដៃ​ថ្មី​ដែល​ផលិត​ជាពិសេស​សម្រាប់​ជញ្ជាំង LED របស់​​​សារមន្ទីរ​ជាតិ​សិង្ហបុរី»។

យោង​តាម​សារមន្ទីរ​ NMS ចំពោះ​ការ​​បង្កើត​បទ​បង្ហាញ​​វីដេអូ​ទាក់ទង​​ប្រធានបទ​​​ខាង​លើ​សិល្បករ​ត្រូវ​បាន​ស្នើ​​បង្កើត​ស្នាដៃ​ដោយ​អនុលោម​ទៅ​តាម​កម្រង National Collection ​ដែល​​​អាច​ចូល​ប្រើ​បាន​តាមរយៈ​តំណ​នេះ​ https://www.roots.gov.sg/filter/collectionresearch

Content image - Phnom Penh Post
ស្នាដៃ​​គ្មានឈ្មោះ របស់​សិល្បករ យូឃីន។ រូបថត សហការី

Han បាន​និយាយ​ថា៖ «ជា​ផ្នែក​នៃ Open Call សិល្បករ​ត្រូវ​បាន​អញ្ជើញ​ឱ្យ​យក​ឯក​សារ​យោង និង​ការ​បំផុស​គំនិត​ពី National Collection»។

គំនូរ​មួយ​​​របស់​វិចិត្រករ​ខ្មែរ​ដែល​កើត​នៅ​ឆ្នាំ ១៩៤៧ និង​ចែកឋាន​នៅ​ឆ្នាំ​ ២០០៩​ គឺ​លោក យូឃីន ស្ថិត​ក្នុង​ចំណោម​​​វិចិត្រករ​អាស៊ីអាគ្នេយ៍​ គឺ​ការ​លាប​ពណ៌​ប្រេង​លើ​ផ្ទាំង​ក្រណាត់​ ដែល​មាន​ចំណង​ជើង​ថា «គ្មាន​ឈ្មោះ​ (ជនជាតិ​ចិន​ហូប​នំ​បញ្ចុក​ខ្មែរ​)»។

ស្នាដៃ​សិល្បៈ​នេះ​ចុះ​ថ្ងៃទី​ ១៧ ខែ​ មេសា ឆ្នាំ​ ១៩៧៥ ជា​ពេល​ដែល​ខ្មែរ​ក្រហម​បាន​កាន់​កាប់​ទីក្រុង​ភ្នំពេញ។

បើ​យោង​តាម​គេហទំព័រ​ស្ដីពី​កម្រង​សារមន្ទីរ​​ NMS ស្នាដៃ​សិល្បៈ​របស់​លោក​​បាន​ភ្ជាប់​ជាមួយ​រចនាប័ទ្ម​សិល្បៈ​​​ពាក់​កណ្តាល​អរូបី និង​ជាមួយ​នឹង​​ការ​ពិពណ៌នា​អំពី​ទិដ្ឋភាព​ទីក្រុង​ដែល​ផ្តោត​លើ​ជន​ចំណាក​ស្រុក និង​ភាពក្រីក្រ​ជា​ប្រធានបទ។

National Collection ​បាន​ចុះ​បញ្ជី​​​គំនូរ​ប្រេង​របស់​លោក​ ពេជ្រ សុង ដែល​មាន​ចំណង​ជើង​ថា «ថ្ងៃ​ជ័យជម្នះ ៧ មករា​​» ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ការ​ឃោសនា​​​នយោបាយ​ជា​បន្តបន្ទាប់។

នៅ​ក្នុង​រូបភាព​នោះ​មហាជន​ដែល​អបអរ​សាទរ​ទំនង​ជា​ក្រុម​កម្មករ និង​ទាហាន (​អាច​កំណត់​អត្តសញ្ញាណ​បាន​​​​ដោយ​ឯកសណ្ឋាន​​របស់​ពួក​គេ) រួម​ជាមួយ​អ្នក​ផ្សេង​ទៀត​ ដែល​ទំនង​ជា​​អ្នក​ទីក្រុង និង​មាន​ការ​អប់រំ។

ប្រភព​ដដែល​បាន​បន្ដ​ថា​៖ «​ស្នាដៃ​ដើម​ត្រូវ​បាន​ផលិត​ឡើង​វិញ​នៅ​លើ​ផ្ទាំង​​ប៉ាណូ​ជុំវិញ​ប្រទេស​កម្ពុជា ហើយ​ត្រូវ​បាន​បាត់បង់​។ ស្នាដៃ​​នេះ​ត្រូវ​បាន​ផលិត​ឡើង​វិញ​ដោយ​វិចិត្រករ​ដោយ​ផ្អែក​លើ​រូបថត​ ដែល​ចងក្រង​ឯកសារ​ពី​ស្នាដៃ​ដើម»។

សារមន្ទីរ NMS ក៏​ផ្តល់​នូវ​ឧទាហរណ៍ ឬ​​ប្រភេទ​ដែល​វិចិត្រករ​គួរ​ពិចារណា​លើ​​ការ​សិក្សា​អំពី​ប្រធានបទ​​មួយ ឬ​ច្រើន​​ដូច​តទៅ​នេះ​៖​ ទម្រង់​សិល្បៈ​សម្តែង​​បែប​ប្រពៃណី ដូចជា​ទម្រង់​របាំ​ឥណ្ឌា និង​ទម្រង់​របាំ​ម៉ាឡេ​។ បេតិកភណ្ឌ​អាហារ​ដូចជា Hawker Culture ការ​បង្កើត Popiah។ ការ​អនុវត្ត​​ពិធី​សាសនា សង្គម និង​​បុណ្យ​ដូចជា​ ស៊ីឡាត ឈីងហ្គៃ និង​បុណ្យ​អ៊ីស្ទើរ​។ សិល្បៈ​ហត្ថកម្ម​ប្រពៃណី​ ដូច​ជា​​ប៉ាក់ និង​អង្កាំ Peranakan។ ចំណេះដឹង​ទាក់ទង​នឹង​ធម្មជាតិ និង​សកលលោក​ដូចជា​ឱសថ​បុរាណ​ចិន​។

Han បាន​និយាយ​ថា​៖ «​រយៈពេល​នៃ​ព្រឹត្ដិការណ៍ Open Call លើក​ទី២ ​​បើក​​ពី​ពេល​នេះ​រហូត​ដល់​ថ្ងៃទី ១៨ ខែ​ ឧសភា​ ឆ្នាំ ២០២២ ហើយ​ស្នាដៃ​​​ត្រូវ​បាន​ជ្រើសរើស​​នឹង​ត្រូវ​បាន​បង្ហាញ​នៅ​​ចុង​ឆ្នាំ ២០២២»​។
ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​​​គេហទំព័រ​នេះ​ https://www.nhb.gov.sg/nationalmuseum/research-and-publications/resource... ពាក្យ​ស្នើ​ចុះ​ឈ្មោះ​ត្រូវ​ធ្វើ​តាម​​វេបសាយ​​ www.gebiz.gov.sg/ ដោយ​ស្វែងរក​​លេខ​ឯកសារ NHB000ETT22000002។

លក្ខណៈ​វិនិច្ឆ័យ​នៃ​ការ​វាយ​តម្លៃ និង​​ទម្ងន់​លក្ខណ​វិនិច្ឆ័យ​សំណើ​នឹង​​ត្រូវ​បាន​វាយតម្លៃ​ផ្អែក​លើ​គុណ​សម្បត្តិ​​នៃ​សំណើ (៤០%) ឥទ្ធិពល​​នៃ​សំណើ (៣០%) និង​ការ​ធ្វើ​ផែនការ និង​ការ​គ្រប់គ្រង​គម្រោង (៣០%)។

ព័ត៌មាន​បន្ថែម​អំពី​ប្រភេទ​បេតិកភណ្ឌ​វប្បធម៌​​អរូបី និង​ឧទាហរណ៍​ផ្សេងៗ​ទៀត​​ លោក​អ្នក​អាច​រក​បាន​នៅ​តំណ​ភ្ជាប់​វេបសាយ​ www.roots.gov.sg/ich-landing៕ ​

អត្ថបទគួរចាប់អារម្មណ៍