ភ្នំពេញ៖ មាត់នៅតែខំទំពានំកញ្ចប់ ទោះជាមានដំបៅធំមួយ និងស្នាមដេរ ឯភ្នែកនៅតែខំបើកសម្លឹងមកកាមេរ៉ាភ្លឹះៗ ទោះជារង្វង់ភ្នែក និងចិញ្ចើមបង្ហាញនូវស្នាមផ្លែ ហើយដៃនៅតែអាចចាប់កាន់ និងបេះនំបញ្ចុកមាត់ បើទោះបីជាមានសណ្ឋានក្រងេងក្រងង់ក្ដី។
តាំងពីក្បាលរហូតដល់ចុងជើង កុមារាតូចអាយុប្រមាណ ៥ ឆ្នាំ បានរងរបួសសុសសាច់ពីការវាយធ្វើបាបក្រោមកណ្ដាប់ដៃដ៏ព្រៃផ្សៃរបស់ឪពុកចុង។
ដោយមើលឃើញការថតវីដេអូបង្ហោះលើបណ្ដាញសង្គម លោក ផន ផល្លា ជាអ្នកធ្វើអំពើមនុស្សធម៌ ដែលបានបង្កើតអង្គការមណ្ឌលកុមារកំព្រាមែកឈើ បានធានាចិញ្ចឹមបីបាច់កុមារកម្សត់នេះក្នុងនាមជាកូនទី១០៨។
លោកបានសរសេររៀបរាប់អំពីស្ថានភាពរបស់កុមារា ផល្លា កែវនុរក្ស (ជាឈ្មោះដែលលោក ផល្លា បានដាក់ឱ្យ) ថា៖ «ខ្លួនជាឪពុកចុង តែអ្នកសាហាវខ្លាំងណាស់។ អ្នកបានធ្វើបាបក្មេងយ៉ាងឃោរឃៅបំផុត។ ក្បាលរបស់ក្មេងដ៏កម្សត់នេះ ត្រូវបានឪពុកចុងរូបនេះវ៉ៃបែកស្ទើរសុសក្បាល ត្រចៀកត្រូវបានមួលឡើងដំបៅ ចិញ្ចើមមានស្នាមបែកជាច្រើន។ ចំណែកឯមាត់របស់ក្មេងនេះទៀតសោត ត្រូវបានឪពុកចុងរូបនោះចាប់ហែករហូតដល់រយះ»។

លោក ផល្លា បានបន្ដសំណេរនៅលើហ្វេសប៊ុកថា៖ «បន្ថែមលើសពីនេះ កាលពីថ្មីៗ ដំបៅដ៏ធំដែលនៅជាប់មាត់ មិនទាន់ជាសះស្បើយនោះ គឺជាទង្វើដ៏ព្រៃផ្សៃបំផុតហើយ ព្រោះថាឪពុក [ចុង] រូបនោះបានយកភ្លើងមកដុតមាត់របស់គ្នា។ ងាកមកក និងខ្លួនប្រាណរបស់ក្មេងនេះវិញ គឺមានស្លាកស្នាមដ៏គួរឱ្យខ្លោចចិត្ដបំផុត»។
បុរសមកពីខេត្ដព្រៃវែង វ័យទើបតែជាង ៣០ឆ្នាំរូបនេះបានឱ្យដឹងថា លោកបានចុះធ្វើការភ្លាមៗជាមួយអាជ្ញាធរមូលដ្ឋាន រួមទាំងមន្ទីរសង្គមកិច្ចស្រុក ដើម្បីសង្គ្រោះក្មេងប្រុសរូបនេះ ក្រោយបានទទួលព័ត៌មានអំពីស្ថានភាពដ៏កម្សត់របស់រូបគេ។
លោក ផល្លា ដែលសូម្បីតែខ្លួនលោកក៏ទើបផុតពីយមរាជពេលឆ្លងជំងឺកូវីដ ១៩ នោះ បាននិយាយពេលឃើញរូបភាពដ៏គួរឱ្យសង្វេគរបស់កុមារារូបនោះថា៖ «ខ្លោចចិត្ដណាស់បងប្អូនអើយ ពេលខ្ញុំបានកាត់សក់ឱ្យគេ ដុះក្អែលឱ្យគេ និងលាងរបួសឱ្យគេ គឺខ្ញុំអាចសន្និដ្ឋានបានថា ក្មេងនេះត្រូវបានឪពុកចុងវាយធ្វើបាបជាយូរយារណាស់មកហើយ»។

ស្ថាបនិក អង្គការមណ្ឌលកុមារកំព្រាមែកឈើរូបនេះ បានបន្ថែមទៀតថា៖ «ណាស់់ហើយ ខ្ញុំបានផ្ដែផ្ដាំឱ្យក្រុមការងារ និងបុគ្គលិករបស់ខ្ញុំ ថែទាំក្មេងនេះឱ្យល្អបំផុត»។
រយៈពេល ១ សប្ដាហ៍កន្លងផុតទៅលោកផល្លាបានបង្ហោះរូបកុមារាផល្លាកែវនុរក្សជាមួយការបង្ហាញភាពស្រស់បំព្រងនៃជីវិតថ្មីរបស់កុមារ ដែលធ្លាប់រងនូវទារុណកម្មឥតស្រាកស្រាន្ដពីកណ្ដាប់ដៃឪពុកចុងដ៏ឃោរឃៅ។
លោកបាននិយាយថា៖ «ខ្ញុំបានកត់សម្គាល់ឃើញថាក្មេងនេះមានអារម្មណ៍ល្អប្រសើរឡើងវិញដោយគេឈប់ផ្ដាច់ខ្លួននៅតែឯង ឬមានសភាពភ័យខ្លាចដូចមុនទៀតហើយ»។

លោកបានបន្ដថា៖ «កែវនុរក្សចូលចិត្ដរត់លេងចូលចិត្ដជជែកគ្នាមានស្មារតីល្អនិងមានភាពស្វាហាប់ណាស់។ រូបគេក៏បានចូលរួមជាមួយកូនៗរបស់ខ្ញុំដទៃទៀតដែរ»។
យ៉ាងណាមិញលោកបានបញ្ជាក់ថា កុមារារូបនេះកំពុងបានទទួលការព្យាបាលរបួសដែលឪពុកចុងបានដុតឱ្យដំបៅ ហើយក្រោយការព្យាបាលរួចមាត់ឆែបរបស់ កែវនុរក្ស ក៏នឹងត្រូវបានធ្វើការវះកាត់កែកុនជាថ្មី។
លោកផល្លាដែលកាលពីខែសីហាឆ្នាំមុន ត្រូវបានព្រះមហាក្សត្រប្រោសព្រះរាជទានតែងតាំងជាទីប្រឹក្សារបស់រាជរដ្ឋាភិបាលបានឱ្យដឹងថា៖ «សង្ឃឹមថាកែវនុរក្សនឹងទទួលបានបបូរមាត់ស្អាតបាតមកវិញ»៕