ភ្នំពេញៈ វណ្ណកម្មថ្មីរឿង «គ្រោះជីវិតកូវីដ ១៩-Covid-19 Life Crisis» ដែលអ្នកនិពន្ធ និងផលិតករ បានខិតខំសម្រិតសម្រាំងដកស្រង់ចេញពីស្ថានភាពនៃជីវិតពិតៗ នាគ្រាមនុស្សជាតិបានជួបនូវវិបត្តិសកល ដ៏ស្មុគស្មាញមួយ ទូទាំងពិភពលោកបង្កឡើងដោយជំងឺរាតត្បាតកូវីដ ១៩ នោះ នឹងចាក់បញ្ចាំងតាមរោងកុននានាក្នុងពេលឆាប់នេះ ក្រោយពីពន្យារពេលជិត ២ ឆ្នាំមក។
ខ្សែភាពយន្តរឿង «គ្រោះជីវិតកូវីដ ១៩ Covid-19 Life Crisis» ដែលផលិតករបានអះអាងថា ចង់ឱ្យអ្នកទស្សនាអាចទទួលបានគំនិតបែបអប់រំទៅវិញ ប្រើក្នុងជីវិតផ្ទាល់ខ្លួន ក្រោយពីទស្សនាចប់នោះ នឹងត្រូវចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តក្នុងប្រទេសកម្ពុជា នៅថ្ងៃព្រហស្បតិ៍ ទី ១៩ ឧសភា ២០២២ ខាងមុខនេះតទៅ។
លោក ហ៊ុយ យ៉ាឡេង ដែលមហាជនស្គាល់ថា គឺជាបុរសស៊ូខ្លាំងនឹងការងារវិស័យភាពយន្ត ដោយលោកតែងតែយកខ្លួនទៅប្រឡូកក្នុងកុននីមួយៗ សឹងតែគ្រប់រឿង ឬគេអាចហៅលោកថា «អ្នកនិពន្ធរឿងខ្លួនឯង សម្តែងខ្លួនឯង» ដោយសារលោកដើរតួជាអ្នកនិពន្ធ ផលិតករ ចាងហ្វាង និងតួសម្តែងនោះ បានបង្ហើបពីហេតុផល ដែលជំរុញឱ្យរូបលោក ងាកមកផលិតកុនបែបអប់រំ ឬកុនជីវិត ខណៈរឿង «គ្រោះជីវិតកូវីដ ១៩-Covid-19 Life Crisis» នេះគឺជាសមិទ្ធផលនៃការផលិតកុនអប់រំបែបជីវិតពិតទី២ នាអំឡុងឆ្នាំ ២០២១-២០២២ បន្ទាប់ពីកុនបែបអប់រំ ទី១ រឿង «ដើម្បីកូន-Fathers» ផលិតនៅឆ្នាំ ២០២០ ទទួលបានការគាំទ្រខ្លាំងរួចមក។
លោក ហ៊ុយ យ៉ាឡេង ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីមូលហុត និងដំណើរការផលិតកុន ដែលចំណាយទុនសរុបចំនួន ៨ ម៉ឺនដុល្លារ (ចំណាយថត ៧ ម៉ឺនដុល្លារ និងចាយ ១ ម៉ឺនដុល្លារ ផ្នែកទីផ្សារផ្សព្វផ្សាយ) ថា៖ «មូលហេតុ ដែលខ្ញុំផលិតខ្សែភាពយន្តរឿង «គ្រោះជីវិតកូវីដ ១៩-Covid-19 Life Crisis » នេះឡើងដោយសារជំងឺកូវីដ ១៩ គឺជាវិបត្តិសកលមួយពិភពលោកបានជួបប្រទះនៅចុងឆ្នាំ ២០១៩ ដែលមនុស្សគ្រប់រូប គួរតែចងចាំវា។ ម្យ៉ាងទៀត ការរៀបចំផលិតកុននេះ ដោយសារតែមានវិបត្តិកូវីដ ១៩ ហើយរោងកុននានា ក៏ត្រូវបិទទ្វារទៀត។ កុននេះបានថត ជា ២ ដំណាក់កាល គឺដំណាក់កាលទី១ នៅពេលគេបិទខ្ទប់ទីក្រុងនៅឆ្នាំ ២០២១ និងដំណាក់កាលទី២ ថតនាពេលជំងឺកូវីដ មានស្ថានភាពប្រសើរបន្តិច និងត្រូវបានគេអនុញ្ញាតឱ្យដើរហើរវិញនោះ។ សាច់រឿងបានថតចប់នៅត្រឹមពេលមានព្រឹតិ្តការណ៍ឆ្លងសហគមន៍ធំតែម្តង ដែលប្រើពេលថត ១ ខែ ហើយ យើងក៏ទុកពេលចោលជិត ២ ឆ្នាំដែរ»។
លោកបញ្ជាក់ពីហេតុផលទៀតថា៖ «ហើយម្យ៉ាងទៀត ខ្ញុំក៏ចង់ផលិតរឿងនេះ ឡើងលក្ខណៈបែបប្រវត្តិសាស្រ្តមួយទុកឱ្យកូនខ្មែរជំនាន់
ក្រោយបានចងចាំថា ប្រទេសកម្ពុជា យើងក៏បានជួប និងឆ្លងកាត់នូវរឿងវិបត្តិកូវីដនេះដែរ។ ដោយសារទទួលបានការគាំទ្រច្រើនពីការផលិតកុនបែបអប់រំទី១ រឿង «ដើម្បីកូន-Fathers» នោះ ទើបជំរុញឱ្យរូបខ្ញុំ ចង់ផលិតកុនថ្មីបែបជីវិតម្តងទៀត គឺរឿង «គ្រោះជីវិតកូវីដ ១៩» បែបអប់រំទៀត។
ដោយឡែកសាច់រឿងវិញ គឺលោកបានលើកយក ឬផ្តោតលើការប្រកបមុខរបរកំពុងតែពេញនិយម ឬផ្ទុះខ្លាំងនៅក្នុងសង្គមខ្មែរ បច្ចុប្បន្ន (គឺរបរលក់តាមអនឡាញ និងជាភ្នាក់ងារអចលនទ្រព្យ) ជួបបញ្ហាចាក់ស្រែះ ដោយសារវិបត្តិកូវីដ ខណៈជាក់ស្តែងមុខរបរទាំងនេះ ភាគច្រើនក៏មានលក្ខណៈខុសប្រក្រតី គឺបោកប្រាស់គ្នាផងដែរ។ លោក ហ៊ុយ យ៉ាឡេង ជាចាងហ្វាងផលិតកម្មកថាជ័យ រៀបរាប់ថា៖ «សាច់រឿងដកស្រង់យករឿងពិតពីនេះបន្តិច ពីនោះបន្តិច (ចេញពីខ្ញុំខ្លួនឯងខ្លះ ពីមិត្តភក្តិខ្លះ ដែលប្រកបរបររកស៊ីតាមអនឡាញ និងផ្នែកអចលនទ្រព្យ) ដែលជួបបញ្ហាទាំងអស់គ្នា នាគ្រាជួបវិបត្តិកូវីដ ១៩។ ដោយសារតែឃើញការប្រកបមុខរបរនេះ សុទ្ធសឹងតែមានលក្ខណៈបោកប្រាស់នោះ ទើបខ្ញុំចង់ផលិតជាកុនឡើងដើម្បីពញ្ញាក់ ឬទាញចំណាប់អារម្មណ៍បងប្អូនខ្មែរ យើងឱ្យមានការប្រុងប្រយ័ត្ន។ ចំណុចសំខាន់មួយទៀត ចង់ចែករំលែកបទពិសោធជីវិតទៅទស្សនិកជន ក្រោយពីបានទស្សនាចប់មិនត្រឹមតែបានភាពរីករាយផ្នែកអារម្មណ៍នោះទេ គឺបានបទពិសោធថ្មីៗ ជាការអប់រំទៀតផង។ កន្លងមក បើតាមសង្កេតនោះ យើងនិយមផលិតកុនបែបរឿងខ្មោច តម្រូវតាមចិត្តយុវវ័យ ដែលទស្សនាចប់មិនទទួលបានផលអ្វី។
តែលើកនេះ ភាពយន្តរឿង «គ្រោះជីវិតកូវីដ ១៩» យើងចង់ឱ្យពួកគាត់ទស្សនាចប់ ហើយក៏អាចទទួលបានគំនិតបែបអប់រំទៅវិញផងដែរ សម្រាប់ប្រើជាបទពិសោធថ្មីនៅក្នុងជីវិតផ្ទាល់ខ្លួនផងដែរ»។
រឿង «គ្រោះជីវិតកូវីដ ១៩» ក៏មានចំណុចពិសេស និងមានឧបសគ្គផងដែរ មុននឹងបានយកមកត្រៀមចាក់បញ្ចាំងតាមរោងកុននាពេលឆាប់ៗនេះ។ លោក ហ៊ុយ យ៉ាឡេង បានឱ្យដឹងថា៖ «ចំណុចពិសេស គឺយើងមានការបញ្ចូលអក្សររត់ពីក្រោម ២ភាសា (ចិន និងអង់គ្លេស) ហើយក៏បញ្ចូលតួអង្គ ជាអ្នកវិនិយោគចិន ដែលកំពុងតែមករកស៊ីនៅស្រុកខ្មែរ ជាមួយតួប្រុសក្នុងរឿង។ សម្រាប់ឧបសគ្គនៃការផលិតកុននេះវិញ កត្តាចម្បងនោះ គឺដោយសារវិបត្តិកូវីដ ១៩ រយៈពេល ២ ឆ្នាំនេះ សម្រាប់អ្នកមានមុខរបរជាអ្នកផលិតកុនដូចជារូបខ្ញុំ ដែលពុំមានមុខរបរផ្សេងក្រៅ គឺត្រូវខ្ចីលុយពីធនាគារ ដើម្បីបន្តផ្គត់ផ្គង់ជីវិតនៃការថតខ្សែភាពយន្តនេះ ឱ្យបានចប់ និងត្រៀមចាក់បញ្ចាំងក្រោយពេលស្ថានភាពប្រសើរ ឬរោងកុនបើកឡើងវិញ។ តែប្រសិនបើកុនមិនមានអ្នកគាំទ្រនោះទេ មានន័យថា ផលិតករនឹងត្រូវប្រឈមរឿងធំ គឺផលិតកម្មយើងដួលតែម្តងដោយភាពក្ស័យធន។
តែយ៉ាងណាផលិតកររូបនេះ ក៏សប្បាយចិត្តដែរ ដោយកុនរបស់យើងត្រូវបានចាក់បញ្ចាំងនៅតាមរោងកុននានានៅថ្ងៃទី ១៩ ខែ ឧសភា ឆ្នាំ ២០២២ ខណៈកម្មវិធីសម្ពោធខ្សែភាពយន្តខ្មែររឿង «គ្រោះជីវិតកូវីដ ១៩» នេះនឹងប្រារព្ធនៅថ្ងៃចន្ទ ទី ១៦ ខែឧសភានេះ នៅរោងភាពយន្តលេជេន ផ្សារទំនើបអេដេនហ្គាដេន នៅវេលាម៉ោង ៥ និង ៣០ នាទី៕