ភ្នំពេញ: រាជិនីតន្ត្រីខនទ្រីអាមេរិក មីរ៉េនដា ឡាមប៊ើត ទើបសម្ពោធអាល់ប៊ុមចម្រៀងថ្មីរបស់ខ្លួន Palomino នៅថ្ងៃទី ២៩ ខែ មេសា ឆ្នាំ ២០២២ មានចម្រៀង ១៥ បទ រៀបរាប់ពីដំណើរផ្សងព្រេង ស្វែងរកមនុស្សល្អៗ និងសោភណភាពទូទាំងពិភពលោក។
ចំណោមបទចម្រៀងដំណើរទេសចរណ៍បែបផ្សងព្រេងស្រមើស្រមៃទាំង ១៥ បទនេះ បទមួយមានចំណងជើងថា Wandering Spirit ត្រូវបានតារាចម្រៀងស្រីវ័យ ៣៨ ឆ្នាំ ដែលឈ្នះពានរង្វាន់តន្ត្រីខនទ្រីឆ្នើមជាប់ៗគ្នារូបនេះ ច្រៀងបរិយាយពី «ក្ដីស្រមៃឡើងភ្នំខ្ពស់ជាងគេ សម្លឹងចុះឃើញសមុទ្រ នាវាបើកក្ដោងឆ្ពោះទៅទិសខាងកើត រួចបន្តទៅភាគបស្ចិម ហើយបង្កើតក្ដីស្រឡាញ់ពីទឹកដីបាត់ដំបងរហូតដល់ទីក្រុងបាល់ទីម័រ។ នាងបានប្រដូចខ្លួនជាព្រលឹងត្រាច់ចរតាំងពីពីរ៉ាមីដរហូតដល់ប្រាសាទអង្គរ...។
តារាចម្រៀង មីរ៉េនដា បានច្រៀង Wandering Spirit ជាបទមានម្ចាស់សំនៀងដើមលោក ម៉ៃក៏ ជេកហ្គើរ។ លោកស្ថាបនិកក្រុមតន្ត្រីអង់គ្លេសដ៏ល្បីល្បាញ The Rolling Stones ដែលចេញបទនេះក្នុងឆ្នាំ ១៩៩៣។
តារាចម្រៀងស្រីម្ចាស់ពានហ្គ្រេមមីអាមេរិក មីរ៉េនដា ដែលបានជ្រើសរើសបទចាស់យកមកច្រៀងក្នុងអាល់ប៊ុមថ្មីរបស់នាងសម្ដែងចំណាប់អារម្មណ៍ថា៖ «ការផលិតអាល់ប៊ុមនេះពោរពេញដោយភាពរីករាយ និងបទពិសោធដ៏ច្នៃប្រឌិតបំផុតក្នុងអាជីពរបស់ខ្ញុំ»។
ដោយសំដៅលើវេលានៃការរឹតបន្តឹងដើម្បីការពារការឆ្លងកូវីដបន្តថា៖ «ដោយសារយើងមិនអាចធ្វើពេលនោះ យើងក៏សម្រេចចិត្តធ្វើដំណើរតាមរយៈបទចម្រៀងទាំងនេះ...»៕