ភ្នំពេញៈ ដើម្បី​លើក​ស្ទួយ​​​​តម្លៃ​សិល្បៈ​ផ្នែក​វិចិត្រកម្ម​​ និង​​បង្កើត​​ឱ្យ​ជា​ព្រឹត្តិការណ៍​​ធំ​មួយ​​ប្រចាំ​​​​​ឆ្នាំ​នោះ ទើប​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ​ ​រៀបចំ​ឱ្យ​មាន​កម្មវិធី​​មហោស្រព​​សិល្បៈ​ជាតិ​គំនូរ​​​​វិចិត្រកម្ម​ពណ៌​ទឹក​ជា​លើក​​ដំបូង​ក្នុង​​ប្រទេស​កម្ពុជា ក្រោម​​ប្រធានបទ​ «ជីវិត និង​​ធម្មជាតិ​ ឆ្នាំ​​២០២២»។

ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ តាមរយៈ​​នាយកដ្ឋាន​សិល្បៈ​​សូន​រូប និង​សិល្បៈ​សិប្បកម្ម​បាន​រៀបចំ​​​​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​ជា​លើក​ដំបូង ក្រោម​ប្រធានបទ «ជីវិត និង​ធម្មជាតិ ឆ្នាំ ២០២២» ខណៈ​នាយកដ្ឋាន​​សិល្បៈ​​សូន​រូប និង​សិល្បៈ​សិប្បកម្ម​បាន​ជូន​ដំណឹង​​តាំង​​ពី​ខែ​​មីនា​ ឆ្នាំ ២០២២ ​មក។

បើ​តាម​គម្រោង​នោះ កម្មវិធី​មហោស្រព​សិល្បៈ​ជាតិ​គំនូរ​​វិចិត្រកម្ម​​ពណ៌​ទឹក​នេះ​ នឹង​ត្រូវ​ធ្វើ​​​តាំង​ពី​ថ្ងៃទី ៧-៨-៩ ខែ ​មេសា ឆ្នាំ ២០២២ មក​ម្ល៉េះ តែ​ដោយសារ​មាន​​ការ​​​ប្រែប្រួល​នោះ​ ​ទើប​ត្រូវ​​​​ឱ្យ​​ពន្យារ​​ពេល​មក​ធ្វើ​​នៅ​​ថ្ងៃទី​ ១៨-១៩-២០ ក្នុង​ខែឧសភា ឆ្នាំ​ ២០២២​ វិញ។

នេះ​​បើ​យោង​តាម​​សេចក្តី​​ជូន​​​​​ដំណឹង​ទៅ​​​ដល់​​វិចិត្រករ សិល្បករ សិប្បករ សិស្ស-និសិ្សត​ មហាជន​ទូទៅ កាល​ពី​ថ្ងៃទី​ ៦ ខែ មេសា ឆ្នាំ ២០២២ កន្លង​មក​នោះ​​ថា៖ «គណៈកម្មការ​​រៀបចំ​មហោស្រព​សិល្បៈជាតិ​​ស្តី​ពី​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក សូម​គោរព​ជម្រាប​​​ជូន​វិចិត្រករ​ បេក្ខជន-​បេក្ខនារី​ សិប្បករ​ ទាំង​អស់​ជ្រាប​ថា​ នាយកដ្ឋាន​សិល្បៈ​​សូន​រូប​ និង​សិល្បៈ​​សិប្បកម្ម​ សូម​លើក​​ពេល​​វេលា​ប្រារព្ធ​ពិធី​បើក​សម្ពោធ​មហោស្រព​សិល្បៈ​ជាតិ​​​ស្តីពី​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​ ពី​ថ្ងៃទី ៧-៩ ខែ មេសា ​ឆ្នាំ ២០២២​ មក​ថ្ងៃទី ១៨-២០ ខែ​ ឧសភា ​ឆ្នាំ ២០២២»។

លោក ឈម សុធី ជា​ប្រធាន​​នាយក​ដ្ឋាន​សិល្បៈ​​សូន​​រូប និង​សិល្បៈ​​​​សិប្បកម្ម។ រូបថត ហ្វេសប៊ុក

លោក ឈឹម សុធី ​ប្រធាន​នាយកដ្ឋាន​សិល្បៈ​សូន​​រូប និង​សិល្បៈ​​​សិប្បកម្ម​ ​បាន​បង្ហើប​​ឱ្យ​ដឹង​ពី​ការ​រៀបចំ​​​កម្មវិធី​មហោ​ស្រព​ជា​លើក​ដំបូង​នេះ​ថា៖ ​«នេះ​ជា​លើក​ទី១ ហើយ​ ដែល​យើង​​ធ្វើ​​មហោស្រព​គំនូរ​​វិចិត្រកម្ម​​​​ពណ៌​ទឹក។ ប្រសិន​បើ​នៅ​​​បរទេស​វិញ​ កម្មវិធី​នេះ​គេ​ពេញ​និយម​ណាស់​។

យើង​ក៏​​សង្ឃឹម​​​ថា​ នឹង​មាន​ការ​​ប្រារព្ធ​ឡើង​ជា​​រៀង​រាល់​ឆ្នាំ ​ដើម្បី​​បាន​ផ្សព្វផ្សាយ​ទៅ​កាន់​​អន្តរជាតិ​ ដូច​ជា​នៅ​ប្រទេស​អង់គ្លេស​ បារាំង​​ជាដើម និង​លើក​ស្ទួយ​​​ដល់​​តម្លៃ​សិល្បៈ​ផ្នែក​វិចិត្រកម្ម​​ខ្មែរ​។ ប៉ុន្តែ​យើង​រៀបចំ​​ធ្វើ​គំនូរ​វិចិត្រកម្ម​ពណ៌​ទឹក​នេះ​ដែរ តែ​មាន​​លក្ខណៈ​តូចតាច​នៅ​តាម​វិចិត្រសាល​នានា​ នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។ ឆ្នាំ ​២០២២ នេះ​ នាយកដ្ឋាន​សិល្បៈ​សូន​​រូប និង​សិល្បៈ​​​សិប្បកម្ម​ប្រារព្ធ​​បើក​មហោស្រព​​ជា​លក្ខណៈ​​ជាតិ​​តែ​ម្តង។ វិចិត្រករ ​អ្នក​មាន​វិជ្ជាជីវៈ​ផ្នែក​គំនូរ​ពណ៌​ទឹក ត្រូវ​បាន​​​លើក​ទឹក​ចិត្ត​ឱ្យ​ចូលរួម​ប្រឡង​ប្រកួតប្រជែង​៕