ក្រុងញូវយ៉ក៖ លោក ថាកាហ្ស៊ី មូរ៉ាកាមី (Takashi Murakami) ត្រូវបានគេស្គាល់តាមរយៈស្នាដៃច្របាច់បញ្ចូលគ្នានៃសិល្បៈប៉ុបនិងវិចិត្រសិល្បៈអាស៊ីប៉ុន្តែសម្រាប់ការតាំងពិព័រណ៍ចុងក្រោយរបស់លោកនៅទីក្រុងញូវយ៉ក លោកកំពុងឈានទៅរកការផ្លាស់ប្តូរដ៏ទំនើបមួយ។
នៅក្នុងកម្មវិធី «An Arrow Through History» (ព្រួញទម្លុះប្រវត្តិសាស្ត្រ) ដែលបានបើកក្នុងសប្តាហ៍នេះនៅវិចិត្រសាល Gagosian នៃក្រុងមេនហាតតុន លោក មូរ៉ាកាមី ភ្ជាប់ស្ពានរវាងសិល្បៈបុរាណជាមួយសិល្បៈប៉ុបជប៉ុនទៅជាវត្ថុឌីជីថល (NFTs) ដ៏គួរឱ្យភ្ញាក់ផ្អើល ដែលជានិមិត្តសញ្ញាឌីជីថលតំណាងឱ្យស្នាដៃសិល្បៈដើម។
លោក មូរ៉ាកាមី បានប្រាប់ទីភ្នាក់ងារ AFP ថា លោកមានការព្រួយបារម្ភថាក្មេងជំនាន់ក្រោយជក់ចិត្តលើកញ្ចក់អេក្រង់ ហើយ «មិនយល់ពីប្រវត្តិសិល្បៈសហសម័យ»។
វិចិត្រករជនជាតិជប៉ុនវ័យ៦០ឆ្នាំរូបនេះបាននិយាយថា៖ «ពួកគេអាចរីករាយនឹងសិល្បៈសម័យមុនតិចតួចណាស់ ប៉ុន្តែជាមួយនឹងភាពជាក់ស្តែងបន្ថែមតាមរយៈបច្ចេកវិទ្យាពិភពនិម្មិតប្រហែលជាមនុស្សវ័យក្មេងអាចបើកភ្នែករបស់ពួកគេកាន់តែច្រើនហើយឈានជើងចូលក្នុងវិស័យសិល្បៈសហសម័យ»។
ក្នុងស្នាដៃមួយលោក មូរ៉ាកាមី បានគូរលើផ្ទាំងក្រណាត់ក្រាស់ និងរំលេចនូវក្បូរក្បាច់លំនាំពណ៌ខៀវ និងសដោយមានរូបត្រីដ៏ធំដូចទៅនឹងគំនូរលើព័រសឺឡែនរបស់ចិន ដែលមានអាយុកាលតាំងពីរាជវង្សយ័ន (១២៧៩-១៣៦៨)។
ដោយគ្រាន់តែពាក់វ៉ែនតាពិភពនិម្មិត អ្នកទស្សនានឹងអាចមើលឃើញចលនាត្រីខៀវក្នុងស្នាដៃសិល្បៈរបស់លោកយ៉ាងរស់រវើក។
លោក មូរ៉ាកាមី បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «វប្បធម៌ជប៉ុនមានដើមកំណើតមកពីទ្វីបអឺរ៉ាស៊ី ហើយគំនិតរបស់ខ្ញុំគឺចង់ទៅហួសពីចំណុចនោះចូលទៅក្នុងពិភពនិម្មិត មេតាវើស (metaverse) ដោយប្រើព្រួញតែ១ បាញ់ឆ្លងកាត់ប្រវត្តិសាស្ត្រសិល្បៈ»។
បច្ចេកវិទ្យាមេតាវើសគឺជាពិភពនិម្មិតដែលមនុស្សអាចចូលទៅដល់តាមរយៈការពាក់វ៉ែនតានិម្មិត (augmented ឬ virtual reality) ហើយវាជាបច្ចេកវិទ្យាទទួលបានការជំរុញផ្សព្វផ្សាយខ្លាំងក្នុងប៉ុន្មានឆ្នាំចុងក្រោយ នេះ។
ដោយជាប់គាំងនៅផ្ទះក្នុងអំឡុងពេលជំងឺរាតត្បាតកន្លងទៅនោះលោកមូរ៉ាកាមីបានប្រាប់ AFP ថា៖ «តាមរយៈបច្ចេកវិទ្យាពិភពនិម្មិតខ្ញុំកំពុងធ្វើដំណើរទៅកន្លែងផ្សេងៗដោយអង្គុយក្នុងផ្ទះរបស់ខ្ញុំ ហើយនោះគឺជាពេលវេលាដ៏អស្ចារ្យមួយ»។
វិចិត្រករជប៉ុនរូបនេះបាននិយាយថា៖ «សម្រាប់ពួកយើងជាមនុស្សជំនាន់ចាស់ វាតានតឹងអារម្មណ៍ខ្លាំងណាស់ជារៀងរាល់ថ្ងៃនៅពេលដែលយើងមិនអាចចេញទៅក្រៅបានប៉ុន្តែកូនរបស់ខ្ញុំនៅតែអាចរីករាយដោយគ្រាន់តែពាក់វ៉ែនតា VR»។
ដោយភ្ញាក់ខ្លួនក្រញាងនឹងទំនោរក្មេងជំនាន់ក្រោយលោក មូរ៉ាកាមី បានបន្តថា៖ «នោះមានន័យថាខ្ញុំត្រូវផ្លាស់ប្តូរគំនិតដើម្បីឱ្យសមនឹងកូនចៅជំនាន់ក្រោយ។ នេះគឺជាចម្លើយដំបូងរបស់ខ្ញុំពិព័រណ៍និម្មិត»។
លោក មូរ៉ាកាមី ក៏គ្រោងនឹងបើកការតាំងពិព័រណ៍ពិសេសមួយនៅឯសារមន្ទីរសិល្បៈសហសម័យ The Broad ក្នុងទីក្រុងឡូសអេនជើលេសដោយមានចំណងជើងថា «Takashi Murakami: Stepping on the Tail of a Rainbow» (ថាកាហ្ស៊ីមូរ៉ាកាមី៖ ដំណើរឆ្ពោះទៅរកដានឥន្ទធនូ) ដែលនឹងរួមបញ្ចូលបរិយាកាសពិភពនិម្មិតដ៏អស្ចារ្យនិងដំណើរការចាប់ពីថ្ងៃទី២១ខែឧសភារហូតដល់ថ្ងៃទី២៥ ខែកញ្ញា៕ AFP/HR