​ភ្នំពេញៈ ជាមួយ​និមិត្តសញ្ញា​រូប​មនុស្ស ២​ នាក់​ ជិះទូក​បីដូច​ដៃគូ​ហែល​ឆ្លងកាត់​ជីវិត និង​ស្លាក​ភាសា​ជប៉ុន «​ស៊ូ​ជោ​» (SuiJoh) ដែល​សំដៅ​ដល់​ដំណើរ​ផ្លូវទឹក​ទាំង​ខាងលើ និង​ខាងក្នុង សម​នឹង​បំណង​ឱ្យ​ផលិតផល​ហ្វេ​ស្សិន​នេះ​ជ្រួតជ្រាប​ដល់​អតិថិជន​ដូច​ទឹក បុរស​ជប៉ុន យូ​ស៊ូ​គី អាសា​ណូ បាន​អាស្រ័យ​នៅផ្ទះ​កម្ពុ​ជាជាង​ ១ ​ទសវត្សរ៍ កំពុង​ជម្នះ​នាំយក​មោទនភាព​ពិតប្រាកដ​ដល់​សម្លៀកបំពាក់ និង​គ្រឿង​តែង​កាយ​ផលិត​នៅ​កម្ពុជា​។​

​អ្វីៗ​ផ្ដើមចេញពី​ខ្សែជីវិត​គ្រួសារ​ក្ស័យធន និង​ដំណើរ​មកដល់​ទឹកដី​សុវណ្ណ​ភូមិ ដែលជា​កម្លាំងចិត្ត​ជំរុញ​ឱ្យ​លោក អាសា​ណូ រឹងមាំ​ក្នុងការ​សាង​ជីវិត​ថ្មី​ដ៏​ឯករាជ្យ​។​

​សហគ្រិន​ជប៉ុន​រូបនេះ​ប្រាប់ ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​កាលពីមុន​គ្រួសារ​ខ្ញុំ​ជា​អ្នកធ្វើអាជីវកម្ម​គ្រឿងបន្លាស់​រថយន្ត ដែលមាន​ទីផ្សារ​ច្រើន​នៅ​សហរដ្ឋ​-​អាមេរិក​។ ខ្ញុំ​មិនដែល​ធ្លាប់​គិតថា ចង់​ធ្វើ​អី​ទេ ព្រោះ​តែងតែ​ត្រូវ​ប្រាប់ថា ខ្ញុំ​ត្រូវ​ស្នង​តំណែង​គ្រួសារ​»​។​

​ម្ចាស់​ហាង​វ័យ ៤១ ​ឆ្នាំ​រូបនេះ ​រំឭក​ប្រាប់ថា​៖ «​ប៉ុន្តែ គ្រប់យ៉ាង​ប្រែប្រួលចាប់ពី​ព្រឹត្តិការណ៍​កាលពី​ថ្ងៃទី​ ៩ ខែ វិច្ឆិកា ឆ្នាំ ២០០១ នៅ​អាមេរិក ក្រុមហ៊ុន​គ្រួសារ​ខ្ញុំ​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ហើយ​យើង​ក៏​ក្ស័យធន រហូតដល់​គេ​រឹបអូស​ផ្ទះ​។ ពួកយើង​គ្មាន​លុយ​អ្វី​សោះ​។ សមាជិក​យើង​ដែលមាន ៨ ​នាក់ គិត​ទាំង​លោកតា​-​លោកយាយ ត្រូវ​ចែក​បាយ ២ ​ប្រអប់​ហូប​ទាំងអស់គ្នា​»​។​

​ដោយ​ស្ញប់ស្ញែង​ការលះបង់​ឪពុក​-​ម្ដាយ ត្រូវ​លក់​វត្ថុ​មានតម្លៃ​បន្សល់​ពី​អាពាហ៍ពិពាហ៍ ដើម្បី​ទ្រទ្រង់​គ្រួសារ លោក អាសា​ណូ ក៏​ស្រាប់តែ​មានគំនិត​ចង់​ចេញមក​បង្កើត​អនាគត​ខ្លួនឯង​។

ស៊ូជោ មាន​សម្លៀក​បំពាក់​គ្រប់វ័យ កាបូប និង​របស់ប្រើប្រាស់ផ្សេងៗ។ រូបថត សហការី

​ផ្ដើមចេញពី​ការព្យាយាម​ធ្វើការ​សន្សំ​លុយ និង​ធ្វើដំណើរ​ជុំវិញ​អាស៊ី​​អាគ្នេយ៍ លោក​ក៏បាន​មកដល់​កម្ពុជា ជាទីដែល​លោក​ចងចាំ​ពុំ​ភ្លេច​ថា​៖ «​ខ្ញុំ​ត្រូវបាន​អញ្ជើញ​ទៅ​បរិភោគ​នៅផ្ទះ​អ្នកភូមិ​ម្នា​ក់នៅ​សៀមរាប​។ ថ្វីដ្បិតតែ​ផ្ទះ​គាត់​អត់​ម៉ាស៊ីនត្រជាក់ ទូរទស្សន៍ ឬ​ទូទឹកកក និង​ម្ហូបម្ហា​ក៏​មិន​ណាស់​​ណា​ក្ដី តែ​ជា​សំណើច​របស់​សមាជិកគ្រួសា​រ​គាត់ ធ្វើឱ្យ​ខ្ញុំ​ចាប់ផ្ដើម​ភ្ញាក់​ថា នេះហើយ​ជា​អ្វីដែល​ជប៉ុន​មិនមាន ហើយ​ខ្ញុំ​ចង់បាន​ជីវិត​បែបនេះ​»​។​

​ប៉ុន្តែ​បទពិសោធ​នេះ​ពុំបាន​ធ្វើឱ្យ​លោក​សម្រេចចិត្ត​មក​សាង​ជីវិត​នៅ​កម្ពុជា​នៅឡើយ​ទេ ព្រោះ​លោក​នៅតែ​ចូលចិត្ត​ការរកចំណូល និង​ដើរ​ផឹកស៊ី​ជាមួយ​មិត្ត​រួម​អាជីព​នៅ​ជប៉ុន​។​

​រហូតដល់​ថ្ងៃមួយ ពេលដែល​គាត់​ដើរមក​ផ្ទះ​ទាំង​ស្មុគស្មាញ​នឹង​ការងារ ក៏​ដួលសន្លប់ ដោយ​ភ្ញាក់​មកវិញ​ជាមួយនឹង​ដំណឹង​អាក្រក់​ថា រូបលោក​មាន​ជំងឺ​សរសៃឈាម ដែល​ទាមទារ​ឱ្យ​លោក​ត្រូវ​កោរសក់​វះកាត់​។

​គ្រានោះ លោក​ក៏​ចាប់ផ្ដើម​ឈ្វេង​យល់ថា ជីវិត​គឺជា​អ្វីដែល​កើតឡើង​ចំពោះ​អ្នក ពេលដែល​អ្នកមាន​ផែនការ​ផ្សេង​។ លោក​ក៏បាន​ផ្លាស់​មក​ខ្មែរ​នៅ​ឆ្នាំ ​២០១០ និង​មក​រៀន​យក​បណ្ឌិត​ផ្នែក​ការគ្រប់គ្រង​ការអភិវឌ្ឍ​នៅ​សាកលវិទ្យាល័យ​ន័​រ​តុ​ន​។​

២​ ឆ្នាំ ក្រោយ​មកដល់​ខ្មែរ លោក​បាន​បើកហាង «​ស៊ូ​ជោ​» ក្រោយពី​ជួប​បញ្ហា​ទិញ​សម្លៀកបំពាក់​ប្រើប្រាស់​ផ្ទាល់ និង​បានឮ​ទេសចរ​ជប៉ុន ២ ​នាក់ ​និយាយ​អវិជ្ជមាន​ពី​គុណភាព​ផលិត​ផល​ខ្មែរ​នៅ​សៀមរាប​។​

​ក្នុងនាម​ជា​ជប៉ុន​ដែល​ស្រឡាញ់​ខ្មែរ លោក អាសា​ណូ បាន​អះអាងថា​៖ «​ខ្ញុំ​មានការ​អន់ចិត្ត​យ៉ាងខ្លាំង​»​។​

​ក្រោយមកទៀត លោក​ត្រូវបាន​មិត្តភក្តិ​នៅ​សាកលវិទ្យាល័យ​ណែនាំ​មិត្តភក្ដិ​ម្នាក់ទៀត​ជា​អ្នក​កាត់​សម្លៀក​​បំពាក់ ហើយ​ជា​លទ្ធផល​គឺ​លោក​ពេញចិត្ត​ខោអាវ​នោះ​យ៉ាងខ្លាំង​។

​ប៉ុន្តែ​បទពិសោធ​នៅ​ហាង​ផ្សេងទៀត​នៅតែ​ពុំ​គាប់ចិត្ត ដោយ​សម្លៀក​​បំពាក់​ជួនកាល​តឹង​ពេក ខ្លះ​ថ្នេរ​មិនសូវ​ល្អ ហើយក៏​ពិបាក​សុំឱ្យ​សេ​រ៉េ​។​

ស៊ូជោ ផលិតសម្លៀក​បំពាក់ និងគ្រឿងតាក់តែង​កាយ​ដោយ​ដៃ​ខ្មែរ​។ រូបថត សហការី

​បទពិសោធ​នេះ​នាំឱ្យ​លោក​ស្វែងរក​ជម្រើស​ផ្សេង​គឺ​៖ «​ខ្ញុំ​ក៏បាន​ទៅ​សួរ​មិត្តភក្តិ​ជប៉ុន​ដែល​ធ្វើ​លើ​គំរូ​ប៉ាន់​ក្រណាត់ ហើយ​គេ​ក៏​ជួយ​បង្រៀន​ខ្ញុំ រហូតដល់​ខ្ញុំ​ចេះ​បង្កើត​វា​ខ្លួនឯង និង​ព្យាយាម​ដើររក​អ្នក​កាត់ដេរ​ដែល​អាច​ដេរ​ឱ្យ​ខ្ញុំ​បាន​។ តែ​ពិបាក​ណាស់ គេ​ប្រកែក​ពី​ ១​ ទៅ​ ១ រហូតដល់​មាន​ហាង​ ១ ដែល​គេ​ព្រម​ទទួល​ហើយ​យើង​បានធ្វើ​ជាមួយគ្នា​ដល់​សព្វ​ថ្ងៃ​»​។​

​ឈរលើ​គោលការណ៍​គុណភាព សោភណភាព និង​ការស្រឡាញ់​ចូល​​ចិត្ត​ពី​អតិថិជន ជាជាង​ការ​ផ្ដោតលើ​ហេតុផល​សប្បុរសធម៌​មក​ផ្សព្វផ្សាយ​យីហោ​សម្លៀកបំពាក់​របស់ខ្លួន លោក អាសា​ណូ បានធ្វើឱ្យ «​ស៊ូ​ជោ​» ឈរជើង​ប្រមាណ ​១០ ​ឆ្នាំ​ហើយ ដោយមាន​ការគាំទ្រ​ពី​អតិថិជន​ចម្រុះ​ជាតិ​​សាសន៍ ទាំង​ជប៉ុន ចិន និង​បារាំង តាមរយៈ​ហាង​នៅ​នៅ Headquarters លើផ្លូវ ២៩៤ និង​នៅក្នុង​សណ្ឋាគារ​ហ៊ី​ម៉ា​វ៉ា​រី​។​

​លោក​បាន​ប្រាប់​ពី​សុបិន​ថា លោក​ចង់ឃើញ​គូស្នេហ៍​១​គូ​ពាក់​ផលិត​​ផល «​ស៊ូ​ជោ​» ដើរ​ក្នុង​ផ្សារ​ទំនើបអ៊ីអន​ម៉​ល ដោយ​ខាង​ប្រុស​និយាយថា «​ស៊ូ​ជោ ជា​ម៉ាក​បង្កើត​ដោយ​ជនជាតិ​ជប៉ុន​» តែ​ខាង​ស្រី​បន្លឺ​តប​វិញ​ថា «​វា​ជា​ផលិតផល​ធ្វើ​ដោយ​ដៃ​ខ្មែរ​នៅ​ប្រទេស​កម្ពុជា​»​។

​លោក​បានបញ្ចប់​ថា​៖ «​ដើម្បីឱ្យ​សុបិន​ក្លាយជា​ការពិត យើង​កំពុងតែធ្វើការ​កែច្នៃ​ហាង​យើង​បន្ថែម និង​សង្ឃឹម​អាច​ពង្រីក​សាខា​បន្ថែម​នៅ​បឹង​កេងកង ទួលគោក រួមទាំង​នៅ​សៀមរាប​ជាថ្មី ម្ដងទៀត​ផងដែរ​»​។​

«​ស៊ូ​ជោ​» មាន​លក់​សម្លៀកបំពាក់​កុមារ បុរស​-​នារី កាបូប​ច្រើន​ប្រភេទ កន្សែង​បង់ក គ្រឿង​តាក់តែង​កាយ ការច្នៃ​ម៉ូដ​តាម​តម្រូវការ និង​របស់​លម្អ​ប្រើប្រាស់​ពី​ក្រមា​ខ្មែរ​ជាដើម​។ ព័ត៌មាន​បន្ថែម «​ស៊ូ​ជោ​» សូម​ចូលទៅ​ទំព័រ​ហ្វេ​ស​ប៊ុ​ក @SuiJoh៕