ភ្នំពេញ៖ស្រីស្រស់ ២ ដួង គឺកញ្ញា កែវ សេងលីហ៊ួរ និងកញ្ញា សុខ រ៉ាត់ចារៈកន នឹងក្លាយជាតំណាងឱ្យប្រទេសកម្ពុជា ក្នុងការចូលរួមប្រកួតប្រជែងបវកញ្ញាអន្តរជាតិចំនួន ២ ក្របខ័ណ្ឌផ្សេងគ្នា នៅចុងឆ្នាំ ២០២២ នេះ។
ស្រីស្រស់សម្បុរស្រអែម កញ្ញា កែវ សេងលីហ៊ួរ អតីតជាកញ្ញាឯកផែនដីកម្ពុជាឆ្នាំ ២០១៨ វ័យ ២៤ ឆ្នាំ កម្ពស់ ១,៧៣ ម៉ែត្រ ទម្ងន់ ៥៥ គីឡូ ទំហំទាំង ៣៖ ៣២/២៧/៣៨ មានស្រុកកំណើតនៅរាជធានីភ្នំពេញ និងជាកញ្ញាឯករងទី ៣ ក្នុងកម្មវិធីកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២១ ( Miss Grand Cambodia 2021) នឹងក្លាយជាតំណាងឱ្យកម្ពុជាក្នុងនាមជាកញ្ញាឯកនៃកម្មវិធី Miss InterGlobal Cambodia 2022 ទៅប្រកួតអន្តរជាតិកម្មវិធី Miss InterGlobal 2022 នៅក្នុងប្រទេសនីហ្សេរីយ៉ា នាចុងខែកញ្ញា ឆ្នាំ ២០២២។
នេះបើតាមសេចក្តីប្រកាសផ្លូវការពីគេហទំព័រ Miss Grand Cambodia បានឱ្យដឹងថា៖ «ជាផ្លូវការ (Officially)! សូមចូលរួមអបអរសាទរដល់កញ្ញា កែវ សេងលីហ៊ួរ លំដាប់រងទី ៣នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២១ ដែលត្រូវតំណាងឱ្យប្រទេសកម្ពុជា Miss InterGlobal Cambodia 2022 ដែលត្រូវចូលរួមប្រកួតកម្មវិធី Miss InterGlobal 2022 នៅប្រទេស Nigeria ចុងខែកញ្ញា ឆ្នាំ 2022 ខាងមុខនេះ។សូមចូលរួមអបអរសាទរកញ្ញានឹងត្រូវបំពាក់មកុដដ៏ប្រណីត និងខ្សែឆៀងថ្មីក្នុងពេលឆាប់ៗនេះ»។
ចំណែកស្រីស្រស់ សាច់សខ្ចី រាងស្រឡូន វ័យ ២៣ ឆ្នាំ មានកម្ពស់ ១,៧៥ ម៉ែត្រ ជាកូនចៅអ្នកខេត្តកំពង់ឆ្នាំងកញ្ញា សុខ រ៉ាត់ចារៈកន ដែលជាកញ្ញាឯករងទី ៤ ក្នុងការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា ឆ្នាំ ២០២១ ( Miss Grand Cambodia 2021)នឹងត្រូវក្លាយជាតំណាងឱ្យកម្ពុជា ក្នុងនាមជាកញ្ញាឯកកម្មវិធី Miss Polo Cambodia 2022 ទៅប្រកួតអន្តរជាតិកម្មវិធី Miss Polo International 2022 នៅក្នុងប្រទេសឥណ្ឌូនេស៊ី នៅខែវិច្ឆិកា ឆ្នាំ ២០២២។
នេះតាមសេចក្តីប្រកាសផ្លូវការពីគេហទំព័រ Miss Grand Cambodia បានឱ្យដឹងដែរថា៖ «ជាផ្លូវការ (Officially)! សូមចូលរួមអបអរសាទរដល់កញ្ញា សុខ រ៉ាត់ចារៈកន លំដាប់រងទី ៤ នៃកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជាឆ្នាំ ២០២១ ដែលត្រូវតំណាងឱ្យប្រទេសកម្ពុជា Miss Polo Cambodia 2022 ចូលរួមប្រកួតកម្មវិធី Miss Polo International 2022 នៅខែ ១១ កោះបាលី ប្រទេសឥណ្ឌូនេស៊ី។ សូមចូលរួមអបអរសាទរកញ្ញានឹងត្រូវបំពាក់មកុដដ៏ប្រណីត និងខ្សែឆៀងថ្មីក្នុងពេលឆាប់ៗនេះ»។
កញ្ញា សុខ រ៉ាត់ចារៈកន ក៏បានថ្លែងពីអារម្មណ៍សប្បាយចិត្តចំពោះឱកាសនេះផងដែរថា៖ «ថ្ងៃនេះនាងខ្ញុំមានអារម្មណ៍រីករាយយ៉ាងក្រៃលែង ដែលនាងខ្ញុំទទួលបានតំណែងស្រ្តីខ្មែរដំបូងទៅប្រកួតលើឆាកអន្តជាតិ តំណាងឱ្យកម្ពុជា Miss Polo Cambodia។ នាងខ្ញុំនិងធ្វើភារកិច្ចនេះឱ្យបានល្អបំផុត។ អរគុណដល់លោកពូ Sophin In ដែលទុកចិត្តប្រគល់ភារកិច្ចនេះដល់នាងខ្ញុំ អរគុណដល់ក្រុមការងារមហាហង្ស ដែលខិតខំជួយបំពេញភាពខ្វះខាតរបស់នាងខ្ញុំដោយស្មោះសរ! ហើយក៏អរគុណដល់ពុកម៉ែបងប្អូន និងបណ្ដាហ្វ៊ែនៗផងដែរ ដែលតែងតែគាំទ្ររូបនាងខ្ញុំកន្លងមក ហើយនាងខ្ញុំសង្ឃឹមថាពុកម៉ែបងប្អូន នឹងបន្តគាំទ្រនាងខ្ញុំបន្តទៅមុខទៀត»។
គួរបញ្ជាក់ផងដែរ ការប្រកួតកញ្ញាឯកដ៏អស្ចារ្យនៃកម្ពុជា-Miss Grand Cambodia បេក្ខភាពកំពូលទាំង ៥ នាក់ចុងក្រោយ ដ៏ល្អឯកស្រស់ស្អាតបំផុត (Top 5 ) នឹងត្រូវក្លាយជាតំណាងឱ្យកម្ពុជាទៅប្រកួតអន្តរជាតិទាំង ៥ រូបផងដែរ។ ចំពោះ Winner (ម្ចាស់ជយលាភី) នឹងត្រូវជាតំណាងឱ្យកម្ពុជា ក្នុងការប្រកួត Miss Grand international ឯជយលាភីរងទី ១ (1st Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss Supranational ហើយម្ចាស់ជយលាភីរងទី ២ (2nd Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss Global ខណៈម្ចាស់ជយលាភីរងទី ៣ (3rd Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss InterGlobal និងម្ចាស់ជយលាភីរងទី ៤ (4th Runner Up) នឹងក្លាយជាតំណាងឱ្យកម្ពុជា ក្នុងកម្មវិធីប្រកួតអន្តរជាតិ Miss Polo International៕