ភ្នំពេញៈ ក្រោយពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡានធ្លាក់ចូលទឹកអូរ តាមផ្លូវធ្វើដំណើរនៅឯខេត្តព្រះវិហារ កាលពីម្សិលមិញនោះ តារាចម្រៀងស្រីរាងតូចច្រឡឹង កញ្ញា សុវត្ថិឌី ធារិកា មានស្ថានភាពរន្ធត់ចិត្តខ្លាំង រហូតវង្វេងវង្វាន់ និងសន្លប់ម្ដងៗ ក្នុងពិធីបុណ្យសពឪពុកម្ដាយ ដែលពេលនេះ កំពុងតែរៀបចំ នៅឯបរិវេណនៃវត្តស្ទឹងមានជ័យ។
ចំពោះទុក្ខសោកដ៏សែនសង្វេគ និងគួរអាណិតអាសូរខ្លាំង ពីមជ្ឈដ្ឋានមហាជន និងសង្គមសិល្បៈ ទៅដល់តារាចម្រៀងស្រីកំពុងតែជ្រកនៅទ្រនំផលិតកម្មថោន កញ្ញា សុវត្ថិឌី ធារិកា ដោយអ្នកមានគុណទាំង ២ (ប៉ា និងម៉ាក់) របស់កញ្ញា បានជួបគ្រោះថ្នាក់ចរាចរណ៍រហូតបាត់បង់ជីវិត កាលពីរសៀលថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នៅខេត្តព្រះវិហារ ខណៈសពលោកទាំង ២ ត្រូវបានដឹកមកធ្វើបុណ្យនៅវត្តស្ទឹងមានជ័យ ក្នុងរាជធានីភ្នំពេញ ទាំងយប់។ នេះបើតាមការបញ្ជាក់ពីអ្នកនាង ចន ច័ន្ទលក្ខិណា ដែលជាប្រធានសមាគអ្នកសិល្បៈកម្ពុជា បានចុះទៅជួយរៀបចំពិធីធ្វើបុណ្យសពឪពុកម្តាយកញ្ញា សុវត្ថិឌី ធារិកា តាំងពីល្ងាចថ្ងៃទី ១៧ ខែឧសភា ឆ្នាំ ២០២២ នោះតាមរយៈសារបញ្ជាក់ពីសហេ្វសប៊ុកថា៖ «យើងខ្ញុំកំពុងមកជួយរៀបចំចាត់ចែងពិធីបុណ្យសព និង ចាំទទួលសពពិធីបុណ្យ និងរៀបចំនៅវត្តស្ទឹងមានជ័យ ដូច្នេះជំនួសឱ្យប្អូនស្រី Sovathdy Thearyka នាងខ្ញុំសូមគោរពអញ្ជើញ ញាតិមិត្ត បងប្អូន ទាំងអស់អញ្ជើញចូលរួមផង»។
អ្នកនាង ចន ច័ន្ទលក្ខិណា ក៏បានឱ្យដឹងពីស្ថានភាពសុខភាព និងស្មារតីរបស់កញ្ញា សុវត្ថិឌី ធារិកា នាព្រឹកថ្ងៃទី ១៨ ខែឧសភា ឆ្នាំ ២០២២ នេះផងដែរថា៖ «សុវត្ថិឌី ធារិកា រន្ធត់ចិត្តខ្លាំងរហូតវង្វេងវង្វាន់ និងសន្លប់ម្ដងៗ ក្នុងពិធីបុណ្យសពឪពុកម្ដាយ។ យមរាជចិត្តដាច់ណាស់ អត់អាណិតកូនៗគាត់នៅក្មេង និងម្តាយចាស់ជរាទេ សំខាន់កូនប្រុសគាត់ឈឺទើបតែវះកាត់ខួរក្បាល ប្អូនថ្លៃទើបតែស្លាប់ ២ ខែមុន។ បន្ទុកនេះត្រូវធ្លាក់លើអូន ធារីកា ( បង់រំលោះផ្ទះ បង់សាលាប្អូន ការចំណាយប្រចាំថ្ងៃ។ល។ ហ៊ឹម ជីវិត!»។
ដោយឡែកចំពោះគ្រោះថ្នាក់ចរាចរណ៍ រហូតដល់ឆក់យកជីវិតប៉ា និងម៉ាក របស់កញ្ញា សុវត្ថិឌី ធារិកា នោះ បើតាមការរៀបរាប់ប្រាប់បន្តដល់តារាចម្រៀងស្រី អ្នកនាង ខាត់ សុឃីម ពេលបានទៅចូលរួមពិធីបុណ្យសព នាពេលព្រឹកមិញនេះ ផងដែរ។ អ្នកនាង ខាត់ សុឃីម បានបង្ហើបតាមហ្វេសប៊ុកខ្លួន រៀបរាប់ពីហេតុការណ៍គ្រោះថ្នាក់នោះថា៖ «ការគ្រោះថ្នាក់ដោយសារស្ថានភាពផ្លូវកោងខ្លាំង ស្ទើរតែ 90 ដឺក្រេ ហើយក្រោមទឹកភ្លៀង ធ្វើឱ្យ មានការរអិល មិនអាចគ្រប់គ្រង លំនឹងការបើកបរបាន ទើបបណ្តាលឱ្យឡានរអិលធ្លាក់ផ្លូវ ក្រឡាប់ចូលទៅក្នុងអូរម្ខាងនៅតាមបណ្តោយផ្លូវ។ ម៉ាក់ប៉ា របស់ ធារិកា គាត់អង្គុយខាងមុខ ដាក់ខ្សែក្រវ៉ាត់ ទាំង ២ នាក់។ ក្នុងស្ថានភាពកើតហេតុភ្លាមៗ ឡាន ធារិកា បែកកញ្ចក់ សងខាង ទើប ធារិកា ប្អូនប្រុស និងលោកយាយ ចេញមកក្រៅឡាន ដោយសុវត្ថិភាព ប៉ុន្តែម៉ាក់ប៉ា របស់គាត់ ជាប់នឹងខ្សែក្រវ៉ាត់ឡាន ពិបាកនឹងចូលយក។ ចុងក្រោយទើបមានបុរសម្នាក់ យកកាំបិតកាត់ខ្សែក្រវ៉ាត់ឡាន បានទាញយកគាត់ចេញមកក្រៅ តែហួសពេលទៅហើយ។ បញ្ជាក់ព័ត៌មាននេះ ស្រង់តាមសម្តី ប្អូនស្រី ធារិកា ខុសត្រូវ ខ្វះខាត កន្លែងណាសូមមេត្តាអធ្យាស្រ័យផង»។
គួរបញ្ជាក់ផងដែរ ឧប្បត្តិហេតុនៃគ្រោះថ្នាក់ចរាចរណ៍ក្រឡាប់ឡាន បណ្តាលឱ្យលោកប៉ា និងម៉ាក់ របស់កញ្ញា សុវត្ថិឌី ធារិកា នេះ បើតាមប្រភពពីតារាចម្រៀងរួមជំនាន់ប្រឡងចម្រៀង Cambodian Idol រដូវកាលទី១ លោក អ៊ាម វន្នី និងក្រុមព្រះសុរិយា បានបង្ហើបឱ្យដឹងពីទីតាំង នាពេលប៉ុន្មាននាទី ពេលកើតហេតុ នារសៀលថ្ងៃទី១៧ខែឧសភាឆ្នាំ២០២២ នោះគឺស្ថិតនៅក្រុងស្រុកឆែប ខេត្តព្រះវិហារ៕