ក្រុង​វ៉ាស៊ីនតោន៖​ វាគ្រាន់តែ​ជា​ដី​តូច​មួយតែវាជាជំហាន​លោត​ផ្លោះ​ដ៏​ធំ​សម្រាប់​ចំណេះដឹង​របស់​មនុស្ស​លើ​វិស័យ​កសិកម្ម​ក្នុង​លម្ហ។ អ្នកវិទ្យាសាស្ត្រ​បាន​ដាំ​ដុះ​រុក្ខជាតិ​ជា​លើកដំបូង​នៅក្នុង​ដីដែល​​នាំ​យក​មក​ពី​​ឋានព្រះចន្ទ​​​ដោយ​អវកាសយានិក​របស់​ Apollo។​

​ក្រុម​អ្នកស្រាវជ្រាវ​សង្ឃឹមថា ​ថ្ងៃ​ណាមួយពួកគេ​​អាច​ដាំ​រុក្ខជាតិ​ដោយផ្ទាល់​នៅលើ​ឋាន​ព្រះ​ចន្ទ ដែល​នឹង​ជួយ​សន្សំ​​សំចៃ​ការចំណាយ​សម្រាប់​​បេសកកម្ម​ក្នុង​លម្ហ​នា​អនាគត​ដ៏​ស្មុគស្មាញ និង​សម្រួល​ដល់​ការធ្វើដំណើរ​កាន់​តែ​​​យូរ និង​វែង​ឆ្ងាយ​។​

​លោក ប៊ីល នែលសិន​ ប្រធាន​ទីភ្នាក់ងារ​អវកាស​អាមេរិក​បាន​និយាយថា៖ «ការស្រាវជ្រាវ​នេះ​គឺមាន​សារៈសំខាន់​ចំពោះ​គោលដៅ​រុករក​​ក្រៅភព​​រយៈពេល​វែង​របស់ NASA»។

លោក​បន្ត​ថា៖ «​យើង​នឹងត្រូវ​ការប្រើប្រាស់​ធនធាន​ដែលមាន​នៅលើ​ឋាន​ព្រះ​ចន្ទ និង​ភព​ព្រះ​អង្គារដើម្បី​អភិវឌ្ឍ​ប្រភព​អាហារ​សម្រាប់​អវកាសយានិក​នាពេល​អនាគត ​ដែលអាចឱ្យពួកគេ​​ស្នាក់នៅ និង​ធ្វើ​​ប្រតិបត្តិការ​ក្នុង​លម្ហ​បាន​ស៊ីជម្រៅ»​។

​សម្រាប់​ការពិសោធ​របស់​ពួកគេអ្នកស្រាវជ្រាវ​បាន​ប្រើដី​តែ ១២​ក្រាម (​២-៣​ស្លាបព្រា​កាហ្វេ​) ដែល​ប្រមូលបាន​ពី​កន្លែង​ផ្សេងៗ​នៅលើ​ឋាន​ព្រះ​ចន្ទ​ក្នុងអំឡុងពេល​បេសកកម្ម Apollo 11, 12 និង 17។​

​រូបថត​ពី​​​​វិទ្យាស្ថាន​វិទ្យាសាស្ត្រ​ចំណីអាហារ និង​កសិកម្មសាកលវិទ្យាល័យផ្លរីដា បង្ហាញ​ពី​រុក្ខជាតិ​ដុះ​ចេញពី​ដី​ភពព្រះចន្ទ​​។​ AFP

នៅក្នុង​ផើង​ដែលមាន​ទំហំ​តូចគេ​ដា​ក់ដី​ប្រហែល​​១​ក្រាមហើយ​​អ្នកស្រាវជ្រាវ​បានជ្រើសរើស​ដាំរុក្ខជាតិ​arabidopsis thaliana ដែលជា​សាច់ញាតិ​របស់ពូជ​ mustard greens ព្រោះ​វា​ងាយលូតលាស់ ​​ធន់​កត្តា​ដី និង​អាកាសធាតុ​ សូម្បី​តែបរិយាកាស​លម្ហ​។​

​ដោយ​បន្តក់​​ទឹក​ជីវជាតិជារៀងរាល់ថ្ងៃជា​លទ្ធផល​បន្ទាប់ពី ​២​​ថ្ងៃរុក្ខជាតិ​បាន​លាស់​​​ពន្លក។​

អ្នកស្រីអាណាលីសា ​ប៉ូល អ្នកដឹកនាំ​សាកលវិទ្យាល័យផ្លរីដាបាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា៖ «រុក្ខជាតិ​ទាំងអស់មិនថា​ដាំ​ដោយ​ប្រើដី​ឋានព្រះចន្ទដី​លើផែនដី ឬ​ពី​ភពអង្គារវា​មាន​សណ្ឋានលូតលាស់​ស្ទើរតែ​ដូចគ្នារហូត​ដល់​​​ថ្ងៃទី​៦​»។​

​បន្ទាប់ពីរយៈពេល ២០​ថ្ងៃ​អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ផល​រុក្ខជាតិ​ទាំង​អស់ហើយ​ដំណើរការ​សិក្សា​លើ DNA របស់​ពួកវា​។​

​ការវិភាគ​របស់​ពួកគេ​បាន​បង្ហាញថា រុក្ខជាតិ​ដាំ​ដោយប្រើដី​ឋានព្រះចន្ទ​​មានលក្ខណៈ​​ស្រដៀង​គ្នា​នឹង​រុក្ខជាតិ​ដែល​ដាំ​ដុះ​ក្នុង​បរិយាកាស​អត់ជីជាតិ​ដូចជា​ដី​ ដែលមាន​អំបិល​ច្រើនពេក ឬ​ផ្ទុក​លោហធាតុ​ខ្លាំង​។​

​នៅពេល​អនាគតអ្នកវិទ្យាសាស្ត្រ​ចង់​ស្វែងយល់​ពី​របៀប​ដែល​បរិយាកាស​ និង​សណ្ឋានដី​ព្រះចន្ទ​នេះ​អាច​អំណោយ​ផល​​ដល់​ការ​ដាំ​រុក្ខជាតិ​​ឱ្យប្រសើរជាងនេះ​។​

អង្គការ NASA កំពុង​រៀបចំ​ត្រឡប់​ទៅ​ឋាន​ព្រះ​ចន្ទ​​វិញ​ជា​ផ្នែក​នៃ​កម្មវិធី Artemis ដោយមាន​គោលដៅ​រយៈពេល​វែង​​ក្នុងការ​បង្កើត​វត្តមាន​មនុស្ស​យូរអង្វែង​នៅលើ​ដែនដីចន្ទ្រា៕ AFP