ក្រុង​ប៊ីហ្កើរវីល៖ ដោយ​ប្រើ​ការបិទ​ភ្ជាប់​ក្តារ​ចុច​ទូរស័ព្ទ​ដៃ​​រួមគ្នា​ដើម្បី​បង្កើត​ជា​វត្ថុ សិល្បៈ​ វិចិត្រករ​ជនជាតិ​កូត​ឌី​វ័រ មូនូ ឌីហ្សាយអឺ កូហ្វី (Mounou Desire Koffi) សង្ឃឹមថា នឹង​លើកកម្ពស់​ការយល់ដឹង​អំពី​ការបំពុលបរិស្ថាន​ភពផែនដី​។​

​សិល្បករ​ដែល​ស្នាដៃ​របស់គាត់​ដាក់តាំង​បង្ហាញ​ក្នុង​ទីក្រុងអាប៊ីដជេន​ រហូតដល់​ខែកក្កដា​បាន​និយាយ​ថា៖ «​ខ្ញុំ​ចង់​ចូលរួមចំណែក​អ្វីដែល​ថ្មី​»​។​

​នៅក្នុង​ស្ទូ​ឌី​យោ​របស់គាត់​ក្នុង​ទីក្រុងប៊ីហ្គើរវីល ជិត​រដ្ឋធានី​ពាណិជ្ជកម្ម​នៃ​ប្រទេស​កូត​ឌី​វ័រ បុរស​​វ័យ​២៨ឆ្នាំ​​​រូបនេះ​ពណ៌នា​ថា​ខ្លួន​គាត់​ជា «សិល្បករ​សហ​សម័យ​វ័យក្មេង» ដែល​ប្រាថ្នា​ភាព​លេច​ធ្លោ​ខុស​ពី​សិល្បករ​ដទៃ​។​

​លោក​​បាន​និយាយថា៖ «ខ្ញុំ​ស្រឡាញ់​ការ​គូរ​តាំងពី​កុមារភាព​។ គ្រូតែង​តែ​ហៅ​ខ្ញុំឡើង​ក្ដារខៀនរាល់​ម៉ោង​រៀន​មេរៀន​​គំនូរ»​។​

​លោក ខូហ្វី ពិនិត្យ​​មើល​​​​រូបភាព​នៅលើ​ក្តារ​ចុច​ទូរស័ព្ទ​ ដែល​លោក​​បាន​ប្រើ​ដើម្បី​បង្កើត​ស្នាដៃ​សិល្បៈ​​។​ AFP

នៅពេលដែល​លោក​សម្រេចចិត្តថា​ ​​ចង់បន្តការ​សិក្សា​​ផ្នែក​សិល្បៈ ឪពុកម្តាយ​របស់លោក​​ដែល​ជា​កសិករ​​​​នៅ​ភាគ​និរតី​នៃ​ប្រទេស​កូត​ឌី​វ័រ មិនដឹងថាជំនាន់​នោះ​​​ជា​អ្វី​ឡើយ​។

គ្រូសិល្បៈ​របស់លោក ខូហ្វី ត្រូវ​ទៅជួប​ឪពុកម្ដាយរបស់លោក​ដល់ផ្ទះដើម្បី​​បញ្ចុះបញ្ចូល​សុំការ​​អនុញ្ញាត​ឱ្យ​​លោក​រៀន​ជំនាញ​នេះ។​

​បន្ទាប់​ពី​បញ្ចប់​ការសិក្សា​នៅ​ថ្នាក់​កំពូល​​ពី​សាលា​សិល្បៈអាប៊ីដជេន លោក ខូហ្វី បានចាប់ផ្តើម​ស្វែងរក​ក្តារ​​ចុច និង​​អេក្រង់​ទូរស័ព្ទ​ចាស់ៗ​នៅតាម​ដងផ្លូវ និង​កន្លែង​ចាក់សំរាម​។​

​លោក​និយាយថា​៖ «​ឥឡូវនេះ​ខ្ញុំ​មាន​ក្រុម​ទាំងមូល​ដែល​ទទួលបាន​​ប្រាក់​ឈ្នួល​ទៅតាមអ្វី​ ដែល​ពួកគេ​អាចរកបាន»។​

លោក ខូហ្វី បន្ត​ថា៖ «​ខ្ញុំ​បាន​ប្រាប់​ពួកគេ​ថា​ ឈប់​បោះរ​បស់ចោល​ទៅ​។ យក​វា​មកឱ្យ​ខ្ញុំហើយ​យើង​អាច​ធ្វើ​ការ​​​ជាមួយ​គ្នាបាន»។

​វិចិត្រករ​ជនជាតិ​កូត​ឌី​វ័របង្កើត​ស្នាដៃ​សិល្បៈ​ជាមួយនឹង​ក្ដារ​ចុច​ទូរ​ស័ព្ទ​ដែល​ប្រើ​រួច​នៅ​ផ្ទះ​​​ក្នុង​ក្រុង​ប៊ីងហ្គើរវីល។​ AFP

​នៅក្នុង​ស្ទូ​ឌី​យោ​របស់លោក​ គ្រប់គ្នា​​​បាន​ទម្លាក់​កាបូប​ដែល​ពោរពេញ​ដោយ​គ្រឿងបន្លាស់​ទូរ​ស័ព្ទ​។

លោក ខូហ្វី ចាប់ផ្ដើម​រាវរក​​​ក្នុង​​គំនរ​ក្ដារ​ចុចនិង​អេក្រង់ដើម្បី​ស្វែងរក​អ្វីដែល​លោក​​ត្រូវការ​។​

​ដោយ​ដាក់​ពួកវា​ជាប់​គ្នា​នៅលើ​ផ្ទាំង​ក្រណាត់ លោក​បាន​​បង្កើត​រូបភាព​មនុស្ស​ចម្រុះ​ពណ៌។​

​ស្នាដៃ​មួយ​ចំនួន​របស់លោក​អាច​លក់​បាន​រហូត​ដល់ ១ ៥០០ដុល្លារ​។​

​លោក ខូហ្វី​ និយាយថាគោលបំណង​គឺ​ដើម្បី​ព្យាយាម «ដោះស្រាយ​បញ្ហា​»នៅក្នុង​ប្រទេសអត់មានការ​ទុកដាក់សំរាម​រៀបរយទាល់តែសោះ ​ហើយ​កាកសំណល់​តាម​ផ្ទះ​ភាគច្រើន​ត្រូវ​បោះចោល​តាម​ដងផ្លូវ​។​

​​

​វិចិត្រករ​ជនជាតិ​កូត​ឌី​វ័រលោក ខូហ្វី (ឆ្វេង) ស្វែងរក​ក្ដារ​ចុច​ទូរ​ស័ព្ទ​ពីគំនរសំរាម​។​ AFP

លោក​បាន​បន្តថា​៖ «​ស្នាដៃ​របស់ខ្ញុំ​ភាគច្រើន​ឆ្លុះបញ្ចាំង​ពី​ការរស់នៅ​ប្រចាំថ្ងៃ​របស់​មនុស្ស​ក្នុងសង្គម​»។​

សិល្បករ​សហសម័យរូបនេះ​បន្ត​ថា៖ «​ខ្ញុំ​គិតថា​ទូរស័ព្ទ​គឺជា​ឧបករណ៍​ដែល​នៅ​ជិតខ្លួន​យើង​បំផុត​នៅ​ពេល​​នេះ​។ យើង​មាន​ស្ទើរតែ​អ្វីៗ​ទាំងអស់​នៅក្នុង​ទូរស័ព្ទ​របស់​យើង​»។​

​វិចិត្រករ​ដែល​បាន​តាំងពិព័រណ៍​ស្នាដៃ​របស់គាត់​នៅ​ប្រទេស​ម៉ា​រ៉ុ​ក បែលហ្ស៊ិក និង​បារាំង រូបនេះ​បាន​និយាយថា ស្នាដៃ​របស់លោកក៏​​​ព្យាយាម​បំផុសគំនិត​អំពី​កាកសំណល់លើភពផែនដីផងដែរ​។​

លោក ខូហ្វី និយាយ​ថា៖ «​​យើង​រកឃើញ​វត្ថុ​គ្រប់​ប្រភេទ​នៅក្នុង​ធុងសំរាម​របស់​យើង។ខ្ញុំ​កំពុង​ព្យាយាម​ធ្វើឱ្យ​មនុស្ស​យល់ដឹង​កាន់តែច្រើន​ជាង​នេះ»៕ AFP/HR

ស្ត្រី​ថតរូប​ស្នាដៃ​សិល្បៈ​របស់លោក​ខូហ្វី​នៅ​ពិព័រណ៍​​មូលនិធិ Donwahi ក្នុង​ទីក្រុងអាប៊ីដជេន នៅ​ថ្ងៃទី ២៩ ខែមេសា ឆ្នាំ២០២២។ AFP