ក្រុង​ញូវដែលី៖​ ក្រុមចោរ​១ក្រុម​បានប្រគល់​រូប​ព្រះ​ជាង១០​​អង្គ ដែល​ពួកគេបាន​​លួច​ពី​ប្រាសាទ​ហិណ្ឌូ​បុរាណ​មួយ​ក្នុងប្រទេស​ឥណ្ឌាដោយ​និយាយថា ពួកគេ​ត្រូវបាន​ខ្មោចលង និង​ដេក​​សុ​បិ​ន​អាក្រក់​រហូត​តាំង​ពី​​ប្រព្រឹត្ត​បទ​ឧក្រិដ្ឋនេះមក​។​

អធិការ​ប៉ូលិស រ៉ាជីវ ស៊ីង បាន​ប្រាប់ AFP កាលពី​សប្តាហ៍​មុន​ថា ក្រុម​នេះ​កាលពី​សប្តាហ៍​មុន​បាន​លួច​រូប​សំណាក​ចំនួន១៦ពី​ប្រាសាទ Lord Balaji ដែលមាន​អាយុកាល ៣០០​ឆ្នាំ ជាឈ្មោះ​យក​តាម​​ការ​​ចាប់​បដិសន្ធិ​​នៃ​ព្រះ​វិស្ណុ​របស់​ហិណ្ឌូ​។​

​លោក​​បាន​និយាយថា នៅ​យប់​ថ្ងៃ​ចន្ទពួកគេ​ទុក​ចម្លាក់ ១៤​អង្គ​នៅ​ជិត​ផ្ទះ​របស់​អាចារ្យ​នៃ​ព្រះវិហារនៅ​ក្នុង​​​ស្រុក​ជីត្រាឃូត​ ក្នុង​រដ្ឋអ៊ូតារប្រាដេស។​

លោក ស៊ីង ​បាន​និយាយថា៖ «ពួកគេ​ក៏បាន​បន្សល់ទុក​នូ​វលិ​ខិត​សារភាព​មួយដែល​បាន​និយាយថា ពួកគេ​​​​កំពុង​​​វិល​ត្រឡប់​មកវិញពីព្រោះ​ពួកគេ​យល់សប្ដិ​អាក្រក់ ហើយវា​គួរ​ឱ្យខ្លាច​ណាស់»។​

ប្រាសាទ Lord Balajiដែលមានអាយុកាល ៣០០ឆ្នាំជាឈ្មោះយកតាមការចាប់បដិសន្ធិនៃព្រះវិស្ណុរបស់ហិណ្ឌូ។ AFP

សំបុត្រ​​នោះ​ក៏​បាន​សរសេរ​​អង្វរ​សុំ​ការ​អភ័យទោស​។​

រូប​បដិមា​មួយ​អង្គ​ត្រូវ​បាន​ធ្វើ​ពី​​លោហធាតុ​ចំនួន​៨និង​មាន​ទម្ងន់​ប្រហែល៥​គីឡូក្រាម ហើយវត្ថុ​ចោរកម្ម​នោះ​ក៏​មាន​គ្រឿង​លម្អ​ប្រាក់​ដែល​ប្រើ​សម្រាប់​តុបតែង​រូប​ព្រះ​ផងដែរ​។​

ចំណែក​ក្រុមចោរ​នៅ​មិនទាន់ត្រូវបាន​​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​។

នៅក្នុង​លិខិត​សារភាព​របស់​ពួកគេ​ជា​ភាសា​ហិណ្ឌូពួកគេ​បាន​និយាយ​ថា​៖ «​យើង​មិនអាច​គេង​ហូប​ចុក និង​​រស់នៅ​ដោយ​សន្តិភាព​ទេ។ យើង​ធុញទ្រាន់​នឹង​សុបិន​ដ៏​គួរឱ្យខ្លាច ហើយ​យើង​កំពុង​ប្រគល់​វត្ថុ​មាន​តម្លៃ​​របស់អ្នក​ត្រឡប់​ទៅឱ្យ​អ្នកវិញ»៕ AFP/HR ​