ទីក្រុង​អ៊ី​ស្លា​ម៉ា​បាដ៖​ ​តារា​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ប៉ា​គី​ស្ថាន ដែលមាន​អ្នកតាមដាន​រាប់លាន​នាក់ កំពុង​ប្រឈម​នឹង​ការរិះគន់ បន្ទាប់ពី​បង្ហោះ​វីដេអូ TikTok ដោយ​ភ្លើង​ឆេះ​ព្រៃ ខណៈ​រលក​កម្ដៅ​ដ៏​សាហាវ បង្ក​ឱ្យ​មានទុក្ខ​ធំ​ពេញ​ប្រទេស​។​

នាង Humaira Asghar បាន​បង្ហោះ​វីដេអូ​ឃ្លី​ប​របស់​នាង​​ក្នុង​ឈុត​ពណ៌​ប្រាក់​កំពុង​ដើរលេង​យ៉ាង​សប្បាយ​រីករាយ​នៅ​​ពីមុខ​ភ្នំ​ដែល​កំពុង​ឆេះ​ដោយមាន​ចំណងជើង​ថា «ភ្លើង​ឆេះ​គ្រប់​ទីកន្លែង​ដែល​ខ្ញុំ​រស់​នៅ​»។​

​វា​កើតឡើង​បន្ទាប់ពី​ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ម្នាក់​កាលពី​ដើមខែ​នេះ​នៅក្នុង​ទីក្រុងអាប៊ុតាបាដ ភាគ​ពាយព្យ​ពី​បទ​មាន​ចេតនា​ចាប់ផ្តើម​ភ្លើង​ឆេះ​ព្រៃ​ជា​ផ្ទៃ​ខាងក្រោយ​សម្រាប់ការ​ថត​​វីដេអូ​មួយ​។​

​សីតុណ្ហភាព​បាន​ឡើងដល់​កម្រិត ៥១​អង្សា​សេ នៅ​តំបន់​មួយចំនួន​នៃ​ប្រទេស​ប៉ា​គី​ស្ថាន​ក្នុង​ប៉ុន្មាន​ថ្ងៃ​ថ្មីៗ​នេះ ដែល​ធ្វើឱ្យ​ប្រជាជន​ក្រីក្រ និងជន​​ងាយ​រងគ្រោះ​ខំត្រដរ​រស់​តទល់នឹង​​កម្ដៅដ៏ឆេះឆួល​​នៅក្នុង​ប្រទេសដ៏​​ក្រីក្រមួយ​​នេះ​។​

នាង Asghar ដែលមាន​អ្នកតាមដាន​ច្រើនជាង១១​លាន​នាក់​នៅលើ TikTok បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​​ដែល​ចេញផ្សាយ​ដោយ​ជំនួយការ​ថា​នាង​មិនបាន​ចាប់ផ្តើម​ភ្លើង​ទេ​ហើយ​មិនមាន «គ្រោះថ្នាក់​ក្នុងការ​បង្កើត​វីដេអូ​នេះដែរ»។​

​ឃ្លី​ប​នេះ​ត្រូវបាន​ដកចេញ​ចាប់​តាំងពី​ពេល​នោះមក​។​

នាង Humaira Asghar បាន​បង្ហោះ​វីដេអូ​ឃ្លី​បស្លៀក​​ឈុត​ពណ៌​ប្រាក់​នៅ​ពីមុខ​ភ្នំ​ដែល​កំពុង​ឆេះ​។

សកម្មជន​បរិស្ថាន Rina Saeed Khan Satti និង​ជា​ប្រធាន​ក្រុមប្រឹក្សា​គ្រប់គ្រង​សត្វព្រៃក្រុង​អ៊ីស្លាម៉ាបាដ បាន​ប្រាប់ AFP ថា៖ «នាង​គួរតែ​កាន់​ធុង​ទឹក​ដើម្បី​ពន្លត់ភ្លើង ជំនួស​ការយក​អគ្គិភ័យ​ធ្វើ​ជាទិដ្ឋភាព​ថត​វីដេអូ»។​

​ក្រុម​នេះ​បាន​និយាយថា យ៉ាងហោចណាស់​មាន​ករណី​ភ្លើង​ឆេះ​មួយទៀត​នៅ​សប្តាហ៍​នេះ នៅ​តំបន់ភ្នំ​ជុំវិញ​រដ្ឋធានី​ប៉ា​គី​ស្ថាន ដោយវា​ត្រូវបាន​ដុត​​សម្រាប់​ការ​វីដេអូ​បង្ហោះ​តាម​បណ្ដាញ​សង្គម​។​

សកម្មជន​បរិស្ថាន Satti បាន​និយាយថា៖ «សារ​ដែល​វីដេអូ​ទាំងនេះ​កំពុងបង្ហោះ​គឺមាន​គ្រោះថ្នាក់​ខ្លាំងពេក​ហើយ​វា​ត្រូវ​តែ​មានការហាមប្រាម»។​

​មតិ​មួយ​នៅក្រោម​វីដេអូ​របស់ Asghar នៅលើ TikTok បាន​និយាយថា​សកម្មភាព​របស់​នា​ង​គឺ «ល្ងង់ខ្លៅ និង​ឆ្កួតលេលា»។​

​ប៉ា​គី​ស្ថាន​គឺជា​ប្រទេស​ដែល​ងាយ​រងគ្រោះ​បំផុត​ទី​៨​​ចំពោះ​អាកាសធាតុ​ធ្ងន់ធ្ងរ​ដែល​បណ្តាលមកពី​ការ​ប្រែប្រួល​អាកាសធាតុ នេះ​បើ​យោងតាម​ស​ន្ទ​ស្សន៍​ហានិភ័យ​អាកាសធាតុ​សកល​ដែល​ចងក្រង​ដោយ NGO Germanwatch។​

​ប៉ុន្តែ​អ្នកជំនាញ​និយាយថា មាន​ការខ្វះ​ការយល់ដឹង​ក្នុងចំណោម​ប្រជាជន​អំពី​បញ្ហា​បរិស្ថាន​។​

​ភ្លើង​ឆេះ​ព្រៃ​ជា​រឿង​ធម្មតា ចាប់ពី​ពាក់កណ្តាល​ខែមេសា ដល់​ចុងខែ​កក្កដា ដែល​បង្កឡើង​ដោយ​សីតុណ្ហភាព ​រន្ទះ ក៏ដូចជា​ការកាប់បំផ្លាញ និង​ដុតបំផ្លាញ​។​

TikTok ត្រូវបាន​ប្រើប្រាស់​យ៉ាង​ទូលំទូលាយ​ដោយ​យុវជន​នៅក្នុង​ប្រទេស​ប៉ា​គី​ស្ថាន ហើយ​វីដេអូ​ជារឿយៗ​ទទួល​បាន​​ការចូល​ចិត្ត​រាប់រយ​រាប់ពាន់នាក់​ និង​ធ្វើ​ឱ្យ​ម្ចាស់វីដេអូ​ល្បី​មួយរំពេច៕ AFP