ភ្នំពេញៈ កម្រង​ស្នាដៃ​ថ្មី​ប្លែក​​មិន​សូវ​បាន​ឃើញ​នៅ​កម្ពុជា គំនូរ​សិល្បៈ​អាក្រាត​កាយ ១២ ​ផ្ទាំង រំលេច​ទឹក​មុខ​កាយវិការ​ខុសៗ​គ្នា ដែល​​ហាក់​បង្កប់​​អារម្មណ៍​ចម្រុះ​របស់​សិល្បករ ហេង រ៉ាវុធ​។ ស្នាដៃ​សិល្បៈ​ក្រោម​ប្រធានបទ «ខ្លួន​ខ្ញុំ កាយ​ខ្ញុំ លោក​របស់​ខ្ញុំ» នេះ​បាន​សម្ពោធ​ដាក់​តាំង​នៅ​​វិចិត្រសាល​សិល្បៈ​ត្រជាក់​ភ្នែក​ ​ពី​ថ្ងៃទី ​៩ ឧសភា និង​បន្ត​​ស្វាគមន៍​អ្នក​ទស្សនា​រហូត​ដល់​​ថ្ងៃទី​ ៩ ខែ កក្កដា ឆ្នាំ​ ២០២២​។

គំនូរ​​​​អាគ្រីលិក​លើ​ក្រណាត់​ទាំង​នេះ​ ត្រូវ​បាន​សិល្បករ​ រ៉ាវុធ ​បក​ស្រាយ​អត្ថន័យ​​​ថា​៖ «ស្រុក​ខ្មែរ​យើង អ្នក​ខ្លះ​គាត់​​ថា ​ការងារ​​យើង​ជា​រូប​អាក្រាត​នេះ​មិន​ល្អ ពេល​មើល​នឹង​ភ្នែក តែ​​ខ្ញុំ​គិត​ថា​ វា​ជា​ធម្មជាតិ​របស់​យើង ដែល​គ្មាន​នរណា​​​គេច​ផុត ឬ​លាក់​បាំង​បាន​ទេ​។ អ៊ីចឹង​បាន​ខ្ញុំ​ព្យាយាម​បង្ហាញ​អ្នក​មើល​ថា​ វា​​ជា​រឿង​ធម្មតា ព្រោះ​នៅ​ស្រុក​​គេ​សិល្បៈ​​បែប​នេះ​មាន​យូរ​ហើយ តែ​ខ្មែរ​យើង​នៅ​មិន​ទាន់​ទូលំទូលាយ​។ យើង​គ្រាន់តែ​ចង់​បង្ហាញ​ពី​ស្នាដៃ​បែប​សិល្បៈ​ទម្រង់​ថ្មី​»។

សិល្បករ រ៉ាវុធ ម្ចាស់​ស្នាដៃ «ខ្លួនខ្ញុំ កាយខ្ញុំ លោករបស់ខ្ញុំ»។ រូបថត STP Cambodia

ក្នុង​ការ​គូរ​រូប​បែប​អាក្រាត​កាយ​នេះ​ថា លោក​​ចង់​និយាយ​ទាក់ទង​ពី​អារម្មណ៍​ខាង​ក្នុង​​ដោយ​បញ្ចេញ​មក​ក្រៅ​តាម​រូបភាព​ដង​ខ្លួន។

សិល្បករ​វ័យ ៣៧ ​ឆ្នាំ​រូប​នេះ ឱ្យ​ដឹង​ពី​​គំនិត​បំផុស​ ដែល​នាំឱ្យ​លោក​បង្កើត​​ស្នាដៃ​នេះ​មក ​ភ្នំពេញ ប៉ុស្តិ៍​ ថា៖ «ពេល​ខ្លះ​ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា​ វា​កើត​ឡើង​ពី​ណា​ទេ ដែល​ចង់​ធ្វើ​គំនូរ​បែប​​នេះ​។ តែ​បើ​តាម​ចាំ​ ខ្ញុំ​គិត​ថា​មាន​ពេល​មួយ ដែល​​ខ្ញុំ​បាន​រៀន​ថត​រូប ដោយ​​ពេល​នោះ​ខ្ញុំ​ក៏​កំពុង​រៀន​គំនូរ​នៅ​​សាលា​វិចិត្រ​សិល្បៈ​ដែរ ខ្ញុំ​ក៏​រៀន​ថត​រូប​ខ្លួន​ឯង និង​​ថត​បែប​ជា​សិល្បៈ។ ខ្ញុំ​ក៏​មាន​គំនិត​ចង់​យក​ការងារ​ ដែល​ខ្ញុំ​ថត​រូប​ហ្នឹង​មក​ធ្វើ​ជា​ការងារ​គំនូរ​។ ចាប់​ពី​ពេល​ហ្នឹង​មក​ខ្ញុំ​ក៏​ផ្តោត​ទៅលើ​ការងារ​អំពី​រាងកាយ​របស់​ខ្លួន​ឯង​រហូត​​មក​»។

លោក​ថា​ អារម្មណ៍​ខ្លះ​អត់​ច្បាស់​ ស្រពេច​ស្រពិល រញ៉េរញ៉ៃ​ ដែល​ពិបាក​រៀបរាប់​ចេញ​ជា​ពាក្យ​សម្ដី។

ប៉ុន្តែ​លោក​​គិត​ថា​ ភាសា​កាយ ​​អាច​បញ្ជាក់​បាន​​ខ្លាំង​ជាង​ពាក្យ​ពេចន៍។ ស្នាដៃ​​ទាំង​នេះ​​​​មិន​បាន​ផ្តោត​ទៅ​លើ​អត្ថន័យ​ចំ​ពី​អវយវៈភេទ​ទេ តែ​វា​បង្កប់​អត្ថន័យ​ក្នុង​ហ្នឹង​តាម​ការ​យល់​ឃើញ​របស់​អ្នក​ទស្សនា។

អ្នក​ទស្សនា​ចម្រុះ​ជាតិសាសន៍ ចូល​​​ទៅ​ទស្សនា​ស្នាដៃ​របស់​លោក​កាល​ពី​ថ្ងៃ​បើក​សម្ពោធ​ពិព័រណ៍ «ខ្លួន​ខ្ញុំ កាយ​ខ្ញុំ លោក​របស់​ខ្ញុំ»។

អ្នក​ខ្លះ​ក៏​ដើរ​មើល​ពី ១ ផ្ទាំង ទៅ​ ១ ផ្ទាំង​ដោយ​ទឹក​មុខ​ចាប់​អារម្មណ៍ ខ្លះ​ក៏​មាន​ទឹក​មុខ​ពេញ​ទៅ​ដោយ​ចម្ងល់ ខណៈ​អ្នក​ទស្សនា​មួយ​​ចំនួន​ទៀត​បាន​ជួប​និយាយ​ជាមួយ​​ម្នាស់​​ស្នាដៃ​ដោយ​ផ្ទាល់​​។

សិល្បៈ​នៅ​ទីក្រុង​ភ្នំពេញ​រូប​នេះ​បាន​រៀបរាប់​ថា​៖ «ខ្ញុំ​ក៏​មិន​ដឹង​ដែរ​ថា ប្រជាជន​ខ្មែរ​ដែល​ទៅ​មើល​ស្នាដៃ​យើង ​គាត់​គិត​យ៉ាង​ម៉េច ព្រោះ​យើង​មិន​បាន​ឮ​ផ្ទាល់ ហើយ​ក៏​មិន​ឃើញ​មាន​អ្នកណា​បញ្ចេញ​មតិយោបល់​អី​នៅ​នឹង​មុខ​យើង​ តែ​ខាង​ក្នុង​ពួក​គាត់​គិត​បែបណា​ ខ្ញុំ​ក៏​មិន​ដឹង​ដែរ​។ តែ​បើ​ចំពោះ​ភ្ញៀវ​បរទេស ពួក​គាត់​ថា ​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់»។

គំនូរអាគ្រីលិកលើក្រណាត់​ឈ្មោះថា​​ «បញ្ឈរជង្គង់២»។ រូបថត STP Cambodia

រូប​នីមួយៗ ដែល​នៅ​លើ​ផ្ទាំង​គំនូរ​ក្នុង​ទំហំ​ ៣ ​ខ្នាត ពី​ខ្នាត​តូច ៧០ គុណ​ ១០០ សង់ទីម៉ែត្រ ខា្នត​កណ្ដាល ៩០ ​គុណ​​ ១២០ សង់ទីម៉ែត្រ និង​ធំ​ជាង​​គេ​គឺ​ខ្នាត ១២០ គុណ​ ១៥០ សង់ទីម៉ែត្រ នេះ ពេល​មើល​ឱ្យ​ជិត​គេ​ឃើញ ក្រៅ​ពី​​រូប​រាងកាយ​របស់​មនុស្ស​​​អាក្រាត​នៅ​លើ​ខ្លួន​បង្កប់​រូប​​មនុស្ស​ខ្លួន​តូចៗ ​​ផ្គុំ​គ្នា​​ឡើង​បាន​ជា​រូប​មនុស្ស​ធំ​។

លោក រ៉ាវុធ និយាយ​ថា វា​ប្រៀប​ដូចជា​​សរសៃ​ឈាម​មនុស្ស​ដែល​ឆ្លុះ​ចេញ​មក​ខាង​ក្រៅ​ ហើយ​រូប​មនុស្ស​តូចៗ​ហ្នឹង​​អាច​និយាយ​បាន​ថា ​ជា​អារម្មណ៍​ច្រើន​របស់​លោក ដែល​ប្រជ្រៀត​គ្នា ​ស្រវេស្រវា​ចេញ​ពី​ខ្លួន​លោក។

លោក​បាន​បន្ថែម​ថា​៖ «សម្រាប់​ការងារ​នេះ ខ្ញុំ​គិត​ថា ​វា​អាច​ជួយ​បញ្ចេញ​អារម្មណ៍​តានតឹង ​ដែល​យើង​ខ្ជិល​និយាយ​ប្រាប់​ទៅ​គេ​ ហើយ​យើង​អាច​បង្ហាញ​គេ​តាម​គំនូរ​នេះ​»។

សម្រាប់​គម្រោង​ទៅ​ថ្ងៃ​អនាគត​ ​លោក​​មិន​ធ្លាប់​ចង់​ធ្វើ​សិល្បៈ​អី​ផ្សេង ហើយ​បោះបង់​ពី​ការ​គូរ​រូប​ខ្លួន​ឯង​នោះ​ទេ។​ លោក​នៅ​តែ​ចង់​បន្ត​ធ្វើ​លើ​ស្នាដៃ​ទម្រង់​បែប​នេះ​​ដោយ​​អភិវឌ្ឍ​បច្ចេកទេស​​បន្ថែម​។

លោក​ក៏​បាន​បង្ហើរ​សារ​ទៅ​កាន់​ប្រិយមិត្ត​​ផង​ដែរ​ថា​៖ «សង្ឃឹម​ថា​សិល្បៈ​យើង​នឹង​បន្ត​រីក​ចម្រើន ហើយ​សូម​ឱ្យ​អ្នក​អាន ដែល​គាត់​ជា​អ្នក​ជួយ​ស្រុក​ខ្មែរ​ ​ពេល​មាន​ការងារ​ពិព័រណ៍​ផ្សេងៗ ខ្ញុំ​សូម​លើក​ទឹក​ចិត្ត​ និង​ឱ្យ​ពួក​គាត់​បើក​ចិត្ត​​ចូល​មក​ទស្សនា ដើម្បី​ឱ្យ​គាត់​យល់​ពី​សិល្បៈ​គំនូរ​ហ្នឹង​ឱ្យ​បាន​ច្រើន​ជាង​មុន​។ ពេល​ខ្លះ​សង្គម​យើង​រាល់​ថ្ងៃ​ពេល​ឮ​​សិល្បៈ​គាត់​គិត​ថា​ អត់​មាន​អី​ទេ​ក្រៅ​ពី​រាំ​ច្រៀង តែ​គាត់​ភ្លេច​ថា​មាន​ពួក​យើង​ដែរ ដែល​ជា​ជាង​ចម្លាក់ និង​គំនូរ​​ក៏ជា​សិល្បៈ​ដូចគ្នា​»។

សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់​ទំព័រ​ហ្វេសប៊ុក Facebook.com/STPCambodia៕