ក្រុង​ញូ​វ​ដេលី៖​ ​តារា​ស្រី​ឥណ្ឌា​វ័យ ២១ ឆ្នាំ​ម្នា​ក់បាន​ស្លាប់​ បន្ទាប់ពី​​​ក្រុមគ្រួសារ​របស់​នាង​អះអាង​​ថា​ ជា​កំហុស​នៃ​ការ​វះកាត់បូមខ្លាញ់​នេះ​បើ​យោងតាម​ប៉ូលិស​កាលពី​ថ្ងៃ​ពុធ​។​

ការវះកាត់បូមខ្លាញ់​ដែលជាវិធីសាស្ត្រ​​វេជ្ជសាស្ដ្រ​ដើម្បី​យក​ខ្លាញ់​ចេញ ដែលជាទូទៅ​មាន​​ថោក​បំផុត​នៅក្នុង​ប្រទេស​​​ឥណ្ឌា ប៉ុន្តែ​ការ​អនុវត្ត​​ភាគច្រើន​នៅតែ​មិនមាន​ការគ្រប់គ្រង​ត្រឹមត្រូវ​ពី​​មន្ទីរពេទ្យ​ឯកទេស​។​

តារាស្រី ឆេតថាណា រ៉ាយ ដែល​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ និង​ភាពយន្ត​ជាច្រើន​នៅក្នុង​ស្រុកកំណើត​របស់​នាងឯរដ្ឋ​ខារណាតាកា បានទទួល​មរណភាព​កាលពី​ថ្ងៃ​អង្គារ​។​

​លោកយាយរបស់នាង ណារ៉ាយ៉ាណាម៉ា បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​ថាតារា​ស្រី​រូបនេះ​បាន​សុំ​ប្រាក់​ចំនួន១៥ម៉ឺន​រូពី (​ប្រហែល១៩០០ដុល្លារ​) សម្រាប់​ការវះកាត់ ប៉ុន្តែ​ក្រុមគ្រួសារ​បាន​បដិសេធ​។​

​កាសែត Times of India បាន​ដកស្រង់​សម្តី​លោកយាយ​របស់នាង​ថា៖ «​យើង​មិនបាន​លើកទឹកចិត្ត​ឱ្យ​នាង​ធ្វើការ​វះកាត់​នោះទេព្រោះ​នាង​មាន​សុខ​ភាពល្អនិងមើលទៅ​​មិន​ធាត់ទេ​» ។​

​តារាស្រី ឆេតថាណា រ៉ាយ អាយុ​២១​ឆ្នាំ ដែល​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ និង​ភាពយន្ត​ជាច្រើន​នៅ​រដ្ឋ​​ខារណាតាកា។

កញ្ញា រ៉ាយ​ បាន​ប្រមូល​លុយ​ដោយ​ខ្លួនឯងហើយ​បាន​ទៅ​គ្លីនិក​មួយ​ក្នុង​ទីក្រុងប៊េងហ្គាល័រ​ភាគខាងត្បូង​ដោយ​មិន​ប្រាប់​ឪពុកម្តាយ​របស់​នាង​ឡើយ​។​

​ប៉ុន្តែ​នាង​ស្រាប់តែ​កើតមាន​ផលលំបាកក្រោយបូមខ្លាញ់​នាង​​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ​ជាបន្ទាន់ ហើយ​នាង​ក៏​​ត្រូវបាន​គេ​ប្រកាសថា​ស្លាប់។​

​លោក វីណាយ៉ាក ប៉ាទីល ស្នងការរង​ប៉ូលិស​បាន​ប្រាប់ AFP ថាក្រុមមន្ត្រី​បាន​ចុះបញ្ជី​ករណី​នៃ​ការស្លាប់​ខុសពី​ធម្មជាតិ បន្ទាប់ពី​ឪពុក​របស់​ស្ត្រី​រូបនេះ​បាន​ចោទប្រកាន់​គ្លីនិក​ថា​បាន​បំពាន​បែបបទវេជ្ជសាស្ត្រ។​

​គេហទំព័រ News Minute បាន​ដកស្រង់​សម្តី​ឪពុក​របស់​នាងគឺលោកហ្គូវីនដារ៉ាយថា៖ «​កូនស្រី​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារតែ​ការធ្វេសប្រហែស​របស់​ម​ន្ទីរ​ពេទ្យ​»។​

លោក​បានពោលថា៖ «​កូនស្រី​របស់ខ្ញុំ​មាន​សុខភាពនិង​ទឹកចិត្ត​ល្អណាស់»៕ AFP/HR