ភ្នំពេញៈ ​ក្រោយ​ពី​​ទទួល​បាន​ការ​​ឧបត្ថម្ភ​ពី​កម្មវិធី​ Voice តាមរយៈ​អង្គការ​អុកស្វាម (Oxfam) មជ្ឈមណ្ឌល​​​​ធនធាន​សោតទស្សន៍​បុប្ផាណា-​(ARPAA) និង​អង្គការ​ជនជាតិ​ដើម​ភាគ​តិច​កម្ពុជា​ (CIPO) សហការ​គ្នា​អនុវត្ត​គម្រោង​ ​​មាន​ឈ្មោះ​ថា «សិល្បៈ​ភាពយន្ត​ ដើម្បី​ការ​ផ្លាស់​ប្តូរ​ជា​វិជ្ជមាន-The Arts of Visibility and Positive Social Change» ​សម្រាប់​រយៈពេល​ ២១ ខែ។​

បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​ពី​បុប្ផាណា​ឱ្យ​ដឹង​​ថា៖ «គម្រោង​​នេះ​ នឹង​ផ្តល់​ជូន​អាហា​រូបករណ៍​​សិក្ខាកាម​​​ចំនួន ២៤ នាក់​ ​ ដោយ​បែងចែក​​ជា​ ២ ​វគ្គ​ (វគ្គទី​១ ចំនួន​ ១២ នាក់​ និង​វគ្គ​ទី២ ចំនួន ១២ នាក់) ដើម្បី​ចូលរួម​បណ្តុះបណ្តាល​​ផ្នែក​ផលិត​ភាពយន្ត​​ឯកសារ​ និង​ពហុប្រព័ន្ធ​ផ្សព្វផ្សាយ។

លក្ខខណ្ឌ​​នៃ​ការ​ជ្រើសរើស​ ត្រូវ​​ជា​យុវជន​ជនជាតិ​ដើម​ភាគ​តិច​​មាន​អាយុ​ពី​ ១៨ ឆ្នាំ ដល់​ ៣០ ឆ្នាំ មក​ពី​ខេត្ត​មណ្ឌលគិរី និង​រតនគិរី ​ជា​អ្នក​ដែល​​ស្រឡាញ់​ និង​ចង់​ចងក្រង​ឯកសារ​​​ពី​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ និង​ជា​អ្នក​​មាន​ពេល​​​គ្រប់គ្រាន់​​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំង​អស់​​ (បេក្ខនារី​ និង​​​ជន​មាន​ពិការភាព​ ត្រូវ​បាន​លើក​ទឹក​ចិត្ត)»។

ប្រភព​ដដែល​បន្ត​ថា៖ ​«​ឯ​អត្ថប្រយោជន៍ ​​សិក្ខាកាម​នឹង​ទទួល​បាន​ពី​ការ​សិក្សា​ និង​ការ​ប្រើប្រាស់​សម្ភារ​ប្រើប្រាស់​សម្ភារ​ថត ដោយ​ឥត​បង់​ថ្លៃ ការ​ធានា​រ៉ាប់រង​ផ្នែក​សុខភាព​ក្នុង​អំឡុង​ពេល​សិក្សា​ទទួល​បាន​វិញ្ញាបនបត្រ​បញ្ជាក់​ការ​សិក្សា​ និង​​ឱកាស​បង្ហាញ​ស្នាដៃ​របស់​ខ្លួន​ក្នុង​មហោស្រព​ភាពយន្ត​នៅ​​​​ក្នុង​ និង​ក្រៅ​ប្រទេស​ ​ហើយ​ចំណេះដឹង​ គឺ​ទទួល​បាន​ទាំង​ផ្នែក​ទ្រឹស្តី​ និង​ផ្នែក​បច្ចេកទេស​​​​ពី​គ្រូ​បង្រៀន​ដែល​​​មាន​​បទពិសោធ​ច្រើន​ឆ្នាំ​នៅ​​លើ​វិស័យ​ការងារ​ផ្នែក​ផលិត​​ភាពយន្ត​ឯកសារ​នេះ​»​។​

ចំពោះ​ការ​បរិច្ឆេទ​នៃ​ការ​ឈប់​ទទួល​​​​ពាក្យ​ចូល​រៀន​ គឺ​បាន​បញ្ចប់​​កាល​ពី​​ថ្ងៃទី​ ១៥​ ខែ​ ឧសភា ឆ្នាំ​ ២០២២ ខណៈ​ការ​ចូល​​រៀន​នឹង​ចាប់​ផ្តើម​នៅ​ថ្ងៃទី​ ២៣ ខែ ឧសភា ​ឆ្នាំ​ ២០២២​ ដែល​​​មាន​​ទីតាំង​សម្រាប់​ការ​បណ្តុះ​បណ្តាល ​គឺ​នៅ​ក្រុង​​បានលុង​ ក្នុង​ខេត្ត​​រតនគិរី។ សម្រាប់​ព័ត៌មាន​​បន្ថែម​សូម​ហៅ​ទាក់ទង​ទៅ​កាន់​លេខ​ទូរស័ព្ទ​ ០១០ ៧៧ ​៥១ ៥១/​០៩៧ ៦១០ ១៩២០ (មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា ហើយ​សូម​រក្សា​​សិទ្ធិ​​ក្នុង​ការ​កែប្រែ​កម្មវិធី​​ក្នុង​ករណី​ចាំបាច់)។​

កម្មវិធី​បណ្តុះបណ្តាល និង​កសាង​សមត្ថភាព​​​យុវជន​​​​​មក​ពី​​សហគមន៍​ជន​ជាតិ​ដើម​ភាគ​តិច​​ គឺ​ជា​ការ​ផ្តល់​ជូន​​នូវ​ជំនាញ​​​ផលិត​ភាពយន្ត​ឯកសារ​ទាំង​ផ្នែក​​​​ទ្រឹស្តី និង​ការ​អនុវត្ត​ជាក់​ស្តែង។​ នេះ​បើ​តាម​ការ​អះអាង​ពី​លោក ជា សុភាព ដែល​ជា​នាយក​ប្រតិបត្តិ​​នៃ​មណ្ឌល​ធនធាន​សោត​ទស្សន៍​បុប្ផាណា។

លោក​ ជា សុភាព ក៏​ធ្លាប់​​បញ្ជាក់​​​​កាល​ពី​​លើក​​មុនដែរ​​ចំពោះ​​ការ​ផ្តល់ជូន​នូវ​វគ្គ​បណ្តុះបណ្តាល​ជា​អាហារូបករណ៍​នេះ​ថា យុវជន​នឹង​សិក្សា​ពី​ដំណើរការ​​នៃ​ការ​ផលិត​ភាពយន្ត​តាំង​ពី​ដំណាក់កាល​​ដែល​ត្រៀម​ផលិត (Pre-Production) ​ដំណាក់កាល​ផលិត (Production) និង​ដំណាក់កាល​ក្រោយ​​​ផលិត​ (Post-Production)​ ដើម្បី​ឱ្យ​យុវជន​​អាច​ផលិត​​ភាពយន្ត​នោះ​ជា​ភាសា​ដើម​របស់​ពួក​គាត់​ ស្តីអំពី​ជីវិត​​រស់នៅ​ប្រចាំ​​ថ្ងៃ​ និង​វប្បធម៌ របស់​សហគមន៍​ជនជាតិ​ដើម​​ភាគ​តិច​ពួក​គេ​តែ​ម្តង​​។​

លើស​ពី​នេះ នាយក​ប្រតិបត្តិ​បុប្ផាណា​ លោក ជា សុភាព​ ក៏​បាន​ឱ្យ​ដឹង​ហេតុផល​ដែល​ត្រូវ​ជ្រើសរើស​យក​យុវជន​​​ជនជាតិ​ដើម​​ភាគ​​តិច ដែល​មក​ពី​​​ខេត្ត​មណ្ឌល​គិរី និង​​ខេត្ត​រតនគិរី​ ផង​ដែរ​​ថា៖ «​ដោយសារ​​តែ​ខេត្ត​នេះ សម្បូរ​ជនជាតិ​​ដើម​ភាគ​តិច​​ច្រើន​​ជាង​គេ ហើយ​បើ​មើល​ទៅ​យើង​​ឃើញ​ថា ទំនៀម​ទម្លាប់ ប្រពៃណី វប្បធម៌ ជា​ពិសេស​ភាសា​របស់​ពួក​គាត់ គឺ​កំពុង​​​តែ​ប្រឈម​ទៅ​​នឹង​​ការ​បាត់បង់​​ខ្លាំង ដូច្នេះ​ហើយ​ទើប​យើង​សម្រេច​ទទួល​យក​សិស្ស​​នៅ​ខេត្ត​ទាំង​នេះ (ខេត្ត​មណ្ឌគិរី និង​ខេត្ត​រតនគិរី ជា​គោលដៅ​​ដំបូង​​​គេ​ ដើម្បី​ឱ្យ​ពួក​គាត់​ចូល​​រៀន​​សិន»៕​