ក្រុង​តូ​ក្យូ​៖​ ប៉ូលិស​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ដែលទទួលបាន​​​ប្រាក់​ចំនួន ៣៦ ម៉ឺន​​ដុល្លារ​​ជា​ជំនួយ Covid-19 ដោយភ័ន្ត​​ច្រឡំ​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ជន​រូបនោះ​និយាយថា​ ខ្លួន​​បាន​ចាញ់​ប្រាក់នោះ​អស់​តាមរយៈ​ល្បែង​ស៊ីសង​​តាម​អ៊ីនធឺណិត។​

​អាជ្ញាធរ​ក្នុង​តំបន់​កាន់តែ​អស់សង្ឃឹម​ក្នុងការ​ទទួលបាន​ប្រាក់​របស់​ពួកគេ​មកវិញ​ពី​បុរស​អាយុ ២៤​​ឆ្នាំ​ ដែល​បាន​និយាយថា លោក​​នឹង​ប្រគល់​សាច់ប្រាក់​វិញ «​ទោះបីជា​វា​នឹង​ត្រូវចំណាយពេល​​​បន្តិច​ម្ដងៗ​ក៏ដោយ​»។​

​កំហុស​ដោយ​អាជ្ញាធរ​នៅ​ទីក្រុងអាប៊ូ​​​ដាច់ស្រយាល និង​ការខកខាន​មិនបាន​ស​ង​ប្រាក់​វិញ​បាន​បង្កឱ្យមាន​ការខឹង​សម្បានៅក្នុង​ប្រទេស​ជប៉ុន ដោយ​កម្មវិធី​ជជែក​ពិភាក្សា​ជាច្រើន​បាន​វែកញែក​អំពី​ភាពស្មុគស្មាញ​នៃ​ស្ថានភាព​ហិរញ្ញវត្ថុ​របស់បុរស​ជប៉ុន​រូបនោះ​។​

​បុរស​រូបនោះ​​ត្រូវបាន​ផ្ទេរប្រាក់​ចំនួន ៤៦,៣​លាន​យ៉េន ​ដោយ​កំហុសឆ្គងបច្ចេកទេស​កាលពី​ខែ​មុន​ដោយ​មន្ត្រី​ ដែល​កំពុង​រៀបចំ​ការចែក​សាច់ប្រាក់​សម្រាប់​អ្នក​ ដែលមាន​ប្រាក់ចំណូល​ទាប ​និង​​រង​ផលប៉ះពាល់​ដោយ​ជំងឺ​រាតត្បាត​។​

បន្ទាប់ពី​ការ​ទៅសួរសុខទុក្ខការហៅ​ទូរស័ព្ទ និង​សំបុត្រ​មិន​អាច​បញ្ចុះបញ្ចូល​បុរស​នោះ​ឱ្យ​សង​ប្រាក់​វិញអាជ្ញាធរ​​បានដាក់​ពាក្យ​បណ្ដឹង​កាលពី​សប្តាហ៍​មុន ដើម្បី​ព្យាយាម​ទទួល​សំណង​ដែលភ័ន្ត​ច្រឡំ​។​

​​

បុរស​ជនជាតិ​ជប៉ុន​ម្នាក់​ ដែលទទួលបាន​​​ប្រាក់​ចំនួន ៣៦ម៉ឺន​​ដុល្លារ​​ជា​ជំនួយ Covid-19 ដោយភ័ន្ត​​ច្រឡំ​ត្រូវបាន​ចាប់ខ្លួន​។ AFP

ពេលនេះ​បុរស​នេះ​កំពុង​ជាប់ឃុំ​បន្ទាប់ពី​ត្រូវបាន​ចាប់ខ្លួន «​ដោយ​សង្ស័យថា​បាន​បំពាន​ច្បាប់​ក្លែងបន្លំតាមប្រព័ន្ធ​​កុំព្យូទ័រ​» មន្ត្រី​នៅ​នាយកដ្ឋាន​ប៉ូលិស​នៃ​តំបន់យ៉ាម៉ាហ្គូឈី​ ភាគ​ខាងលិច​ប្រទេស​ជប៉ុន​បាន​ប្រាប់ AFP។​

​បុរស​នោះបាន​ប្រាប់​ប៉ូលិស​ថាលោក​បាន​ចំណាយ​ប្រាក់​ខុសច្បាប់​នៅក្នុង​កាស៊ីណូ​អន​ឡាញហើយ​ត្រូវបាន​គេ​សង្ស័យថា​បាន​ផ្ទេរប្រាក់​មួយចំនួន​ទៅ​គណនី​ផ្សេងទោះបីជា​ជនរូបនោះ​​ដឹង​ពី​កំហុសឆ្គង​ក្នុង​ការ​វេរប្រាក់​​ក៏ដោយ​។​

​អភិបាលក្រុងអាប៊ូ លោក ណូរីហ៊ីកូ ហាណាដា បាន​ប្រាប់​អ្នកយកព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា ការចាប់ខ្លួន​នេះ​គឺ​ជា «ជំហាន​ឆ្ពោះទៅរក​ការពិត​»។​

​លោក​បាន​និយាយថា៖ «ខ្ញុំ​មិន​ជឿ​ទាល់តែសោះ (​ថា​គាត់​បាន​ប្រើ​វា​ទាំងអស់​) ហើយ​ខ្ញុំ​គិតថា​វា​អាចទៅរួច (​មាន​លុយ​) នៅលាក់​​កន្លែង​ណាមួយ​»។​

​លោក​​បាន​ប​ន្ថែមថា បុគ្គលិក​របស់លោក​​ហត់នឿយ​ពី​ការហៅ​ទូរស័ព្ទនិង​អ៊ីមែល​ពី​សាធារណជន​ជជីកសួរ​ពីបញ្ហា​នេះណាស់​៕ AFP/HR​