ក្រុងប៊ីវើរលីហ៊ីល៖ ​យើងទាំងអស់គ្នា​ស្គាល់​អ្នក​ដែលមាន​គំនិតច្នៃ​​ម៉ូដ​សំរាមប៉ុន្តែ រ៉ប់ ហ្គ្រីនហ្វៀល (Rob Greenfield) មាន​មោទនភាព​ដែល​បាន​ពាក់​សំរាមដែល​ជា​​​ផែនការ​ដើម្បី​បង្ហាញថា​ តើ​សំរាម​ប៉ុន្មាន ​ដែល​យើង​បោះចោល​ដោយ​មិន​នឹកស្មានពីបរិមាណ​របស់​វា​​​ជា​រៀងរាល់ខែ​។​

​អ្នកធ្វើ​យុទ្ធនាការ​នេះ​កំពុង​ដើរ​តាម​ដងផ្លូវ​នៃ​ទីក្រុងឡូសអេនជើលេស និង​ទីក្រុង​ជិ​ត​ខាង​ក្នុង​ឈុត​ដែល​រចនា​យ៉ាង​ពិសេស​ជាមួយឈុត​ផ្ទុក​នូវ​សំរាម ​​ដែល​លោកបាន​បោះចោល​​​ក្នុង​រយៈពេល​ប៉ុន្មាន​សប្តាហ៍​ចុងក្រោយ​នេះ​។​

​គាត់​បាន​ប្រាប់ AFP នៅលើ​វិថី​ដើរ​ទិញ​ឥ​វ៉ាន់​ដ៏ស៊ីវិល័យ​នៃក្រុងប៊ីវើរលីហ៊ីល ​​ថា៖​ «​សម្រាប់​ពួកយើង​ភាគ​ច្រើន​សំរាម​​គឺ​មើលមិនឃើញអស់ពី​ចិត្ត​ទេ»។​

លោក ហ្គ្រីនហ្វៀល និយាយ​ថា៖ «​យើង​បោះ​វា​ទៅក្នុង​ធុងសំរាមហើយ​វា​ក៏​បាត់​ទៅវិញហើយ​យើង​មិនដែល​គិតពី​វា​​ទៀត​ទេ​។ ខ្ញុំ​ចង់​បង្កើត​រូបភាព​ដែល​ជួយ​មនុស្ស​ឱ្យមើល​ឃើញថាតើ​សំរាម​របស់​យើង​កើនឡើង​ប៉ុន្មាន?»​។​

លោក ហ្គ្រីនហ្វៀល ដើរ​អូស​​​ឈុត​សំពីង​សំពោង​ដូច​មនុស្ស​យន្តដើរកាត់​ហាង​ទំនិញប្រណីត​នៅក្រុងប៊ីវើរលីហ៊ីល។ AFP

នៅសល់តែ​ប៉ុន្មាន​ថ្ងៃ​ទៀត​ប៉ុណ្ណោះ​ក្នុងការ​បេសកកម្ម​របស់លោកក្នុងការ​​ពាក់​សំរាម​ប្រហែល២៨គីឡូក្រាម​​ ដែល​​បង្កើត​ចេញពី​ភេសជ្ជៈអាហារ​ និងចំណីចំណុក​​ផ្សេងៗរបស់លោក។​

​សំរាម​ទាំងអស់​ត្រូវបាន​ខ្ចប់​នៅក្នុង​ថង់​​ជ័រ​ថ្លាជាមួយនឹង​ហោប៉ៅ​សម្រាប់ញាត់កាកសំណល់​បន្ថែម​​នៅលើ​ដៃជើង និង​ខ្នង​។​

​ដើរ​អូស​​​ឈុត​សំពីង​សំពោង​ដូច​មនុស្ស​យន្តលោក ហ្គ្រីនហ្វៀល បាន​និយាយ​ថា៖ «​​​វា​គឺ​ប្រហែល​ថ្ងៃទី១២ ដែល​ខ្ញុំ​ចាប់​ផ្តើម​មាន​អារម្មណ៍​ថា​មាន​បន្ទុក​នៃ​ការ​​ប្រើប្រាស់ពិត​ជា​ធ្ងន់ ដោយ​ជាមធ្យម​ មនុស្ស​ម្នាក់​​​នៅ​សហរដ្ឋអាមេរិក​បង្កើត​​កាកសំណល់​ប្រហែល៥ផោន​ (២,៣គីឡូគ្រាម) ក្នុង​១ថ្ងៃ»។​

លោក​និយាយ​ថា៖ «​ខ្ញុំ​ពិតជា​ចាប់ផ្តើម​មាន​អារម្មណ៍​ថា​ធ្ងន់​ហើយ​រូប​ភាព​ស្ដែងៗ​បែបនេះ​ពិត​ជា​គួរ​ឱ្យ​លាន់​មាត់​ថា​អីយ៉ា វា​គួរឱ្យភ្ញាក់ផ្អើល​ថា​តើ​ធុងសំរាម​របស់​យើង​ពិតជា​កើនឡើង​ប៉ុនណា?​»។​

​លោក ហ្គ្រី​ន​ហ្វៀ​ល ដែលមាន​មោទនភាព​ចំពោះ​ជីវិត​ដ៏​តូចតាច​ ​​ទ្រព្យសម្បត្តិ​តិចតួចអត់មាន​​គណនី​ធនាគារ និង​គ្មាន​បណ្ណបើកបរក៏ធ្លាប់​បំពេញ​បេសកកម្ម​លើក​កម្ពស់ការយល់​ដឹង​ពី​បញ្ហា​បរិស្ថាន​​ស្រដៀង​គ្នា​នេះ​ដែរ។​

មនុស្ស​ម្នាក់​​​នៅ​សហរដ្ឋអាមេរិក​បង្កើត​កាកសំណល់​ប្រហែល៥ផោន​ (២,៣គីឡូគ្រាម) ក្នុង​១ថ្ងៃ។ AFP­­­

នៅ​ឆ្នាំ២០១៩ លោក​​បាន​​ចិញ្ចឹម​ខ្លួនឯង​ពេញ​ ១ឆ្នាំ​លើ​អាហារ​ដែល​ត្រូវបាន​ដាំដុះ ​និង​ប្រមូល​ផល​ដោយ​ខ្លួនឯង​។​

​ប៉ុន្តែ​សម្រាប់​គោលបំណង​នៃ​ឈុត​ធុងសំរាមលោក​​បានសម្រេច​ចិត្ត​ទុក​មួយ​ឡែក​សិនហើយ​ទទួលទាន​ដូច​ជនជាតិ​​អាមេរិក​ជា​មធ្យម​ក្នុង​រយៈពេល ៣០​ថ្ងៃ​។​

​ការមើលឃើញ​បុរស​ម្នាក់​ពាក់​សំរាម​ដើរ​កាត់ហាង​ទំនិញ​ថ្លៃ​នៃទីក្រុង​សម្បូរ​សេដ្ឋី​នៅ​សហរដ្ឋ​អាមេរិក​មនុស្ស​ម្នា​ក៏​មាន​​ការងឿងឆ្ងល់ ប៉ុន្តែ​លោក​ថា លោក​រីករាយ​ដែល​មនុស្ស​ភាគច្រើន​ចាប់អារម្មណ៍​ក្នុងការ​ស្វែងយល់​បន្ថែម​។​

លោក ហ្គ្រីនហ្វៀល និយាយ​ថា៖ «​​មាន​មនុស្ស​មួយចំនួន​ដែល​គិតថា​ខ្ញុំ​ជា​មនុស្ស​ម្នាក់​ដែល​ជួបប្រទះ​នឹង​ភាព​គ្មាន​ផ្ទះសំបែង ឬថា​ខ្ញុំ​មាន​បញ្ហា​សុខភាព​ផ្លូវចិត្តប៉ុន្តែ​សម្រាប់​​ភាគច្រើនខ្ញុំជួប​មនុស្ស​គិត​​​វិជ្ជមាន​។ ​មនុស្ស​អាចយ​ល់​ពី​សារ​​នេះហើយការ​ដើរ​ពាក់សំរាម វា​​ជួយ​ខ្ញុំ​ឱ្យផ្សព្វផ្សាយ​សារ​ទៅដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ»៕ AFP/HR

ការ​ដើរ​ពាក់សំរាមរបស់លោក​អាច​​​ជួយ​​ផ្សព្វផ្សាយ​សារ​បរិស្ថាន​ទៅដល់​មនុស្ស​គ្រប់​ស្រទាប់វណ្ណៈ។ AFP