ភ្នំពេញៈ ក្រោយ​ពី​បាន​សម្ពោធ​កាល​​ពី​ថ្ងៃទី​ ១៦ ខែ​ឧសភា​ និង​កំពុង​តែ​ចាក់​បញ្ចាំង​​​តាម​រោង​កុន​នានា​​ក្នុង​ប្រទេស​កម្ពុជា​ ចាប់​តាំង​ពី​ថ្ងៃទី ​១៩ ខែ​ ឧសភា ឆ្នាំ​ ២០២២ ​កុន​ជីវិត​​​រឿង​ «គ្រោះ​ជីវិត​កូវីដ ១៩» វណ្ណកម្ម​លោក​ ហ៊ុយ យ៉ាឡេង ដែល​ខិតខំ​សម្រាំង​​​​​ដក​​ស្រង់​​ចេញ​ពី​ស្ថានភាព​ជីវិត​ពិតៗ​ នាគ្រា​​មនុស្ស​ជាតិ​​ជួប​វិបត្តិ​​សកល​ដ៏​ស្មុគស្មាញ​ទូទាំង​​ពិភព​លោក​​​​​​​បង្ក​ឡើង​​ដោយ​ជំងឺ​កូវីដ​ ១៩ នោះ ក៏​មាន​​​​​គ្រោង​​នាំ​​យក​ទៅ​ជ្រៀត​ចូល​​ទីផ្សារ​កុន​​​​ទីក្រុង​ប៊ូសាន ប្រទេស​កូរ៉េ​ខាង​ត្បូង​ នៅ​ចុង​ឆ្នាំ​ឆាប់ៗ​នេះ។​

បើ​ទោះបី​ការ​ចាក់​បញ្ចាំង​តាម​រោងកុន​​​ក្នុង​ស្រុក​នៅ​មិន​ទាន់​ដឹង​ពី​កម្រិត​នៃ​​​សម្ទុះ​​គាំទ្រ​​យ៉ាង​ណា​ក្តី​​ក៏​បុរស​ដែល​​​​​ជា​ចាងហ្វាង ផលិតករ និង​តួសម្តែង​​ខ្លួន​ឯង​លោក ហ៊ុយ យ៉ាឡេង មាន​​​គម្រោង​នាំយក​កុន​​​​រឿង​​​​ «គ្រោះ​ជីវិត​កូវីដ ១៩» នេះ​​ទៅ​ចាក់​បញ្ចាំង​នៅ​​​ទីផ្សារ​ក្រៅ​ស្រុក​ផង​ដែរ​​ដូច​ជា​នៅ​ប្រទេស​​អាមេរិក ទីក្រុង​ហុងកុង​ ម៉ាឡេស៊ី​ និង​​កូរ៉េ​ខាង​ត្បូង​ជាដើម។

លោក ហ៊ុយ យ៉ាឡេង ​ប្រាប់​​ ភ្នំពេញ ​ប៉ុស្តិ៍ ​​​​កាល​ពី​ថ្ងៃ​​សម្ពោធ​កុន​កន្លង​មក​ថា៖ «ទោះបី​ទីផ្សារ​ក្រៅ​ប្រទេស​នៅ​​​អាមេរិក ឬ​ក្រុង​ហុងកុង មិន​ទាន់​​អាច​ចេញ​​​​បាន​ស្រួលបួល ​ដូច​​កាល​ពី​​មុន​មាន​​​វិបត្តិ​កូវីដ ១៩ មែន​ក្តី តែ​ខ្ញុំ​នឹង​ខំ​រក​​វិធី​ដើម្បី​នាំ​យក​ខ្សែ​ភាពយន្ត​មួយ​នេះ​ទៅ​ប្រជែង​ទីផ្សារ​ខាង​ក្រៅ​ឱ្យ​​បាន។ ដំបូង​នេះ ខ្ញុំ​មាន​គម្រោង​យក​កុន​​​យើង​នេះ ទៅ​ប្រកួត​ក្នុង​ទីផ្សារ​លក់​កុន​​នៃ​​ទីក្រុង​ប៊ូសាន​ ប្រទេស​កូរ៉េ​ខាង​​ត្បូង​ ​នៅ​អំឡុង​ខែ​កញ្ញា និង​ខែ​តុលា ឆ្នាំ​ ២០២២»។

កុន​​រឿង​​ «គ្រោះជីវិត​កូវីដ ​១៩» ដែល​ផលិតក​អះអាង​ថា ​ចង់​ឱ្យ​អ្នក​​ទស្សនា​​អាច​ទទួល​​​បាន​​​​​​​​គំនិត​បែប​​​អប់រំ​​ទៅ​វិញ ​​ប្រើ​ក្នុង​ជីវិត​ផ្ទាល់​ខ្លួន​ ក្រោយ​ពី​ទស្សនា​ចប់​នោះ នឹង​​ត្រូវ​ចាក់​​បញ្ចាំង​​​នៅ​គ្រប់​​រោង​​​ភាពយន្ត​ក្នុង​​ប្រទេស​​កម្ពុជា នៅ​ថ្ងៃទី ១៩ ឧសភា ២០២២ ខណៈ​ការ​កាត់​ខ្សែបូ​សម្ពោធ​​ត្រូវ​​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃទី​ ១៦ ខែ ឧសភា ឆ្នាំ​ ២០២២ នៅ​​រោងកុន​លេជេន ​​ផ្សារទំនើប​អេដេនហ្គាដេន​ ​ក្រោយ​ពី​​បាន​ពន្យារ​ពេល​ជិត​ ២ ​ឆ្នាំ​មក​នោះ​។

លោក ហ៊ុយ យ៉ាឡេង ​ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍​ ពី​មូលហេតុ និង​ដំណើរ​នៃ​ការ​ផលិត​កុន​​​ ដែល​ចំណាយ​ទុន​សរុប​​ចំនួន​ ៨ ម៉ឺន​ដុល្លារ ​(ចំណាយ​​ថត ៧ ម៉ឺន​ដុល្លារ និង​ចាយ​ ១ ម៉ឺន​ដុល្លារ ​ផ្នែក​ទីផ្សារ​ផ្សព្វផ្សាយ)​​ ថា​៖ «​មូលហេតុ​ ដែល​ខ្ញុំ​​ផលិត​​ខ្សែ​ភាពយន្ត​រឿង ​«គ្រោះ​ជីវិត​កូវីដ ១៩» នេះ​ឡើង​​ដោយសារ​ជំងឺ​​​កូវីដ​ ១៩ ជា​វិបត្តិ​សកល​​ពិភព​​លោក​​បាន​​ជួប​ប្រទះ​នៅ​​ចុង​ឆ្នាំ​ ២០១៩ ដែល​​មនុស្ស​គ្រប់​រូប​​គួរ​តែ​ចងចាំ​។ ​ម្យ៉ាង​​ទៀត ​​​ការ​រៀបចំ​​​ផលិ​ត​​កុន​​នេះ ដោយសារ​តែ​​​មាន​​វិបត្តិ​​កូវីដ​ ១៩ ហើយ​​រោងកុន​​នានា​ក៏​​ត្រូវ​បាន​បិទ​​ទ្វារ​​ទៀត​។ កុន​នេះ​​បាន​​​​ថត​ ២ ​ដំណាក់​​កាល​ គឺ​​​ដំណាក់កាល​ទី​១​ ​​ពេល​​​​​បិទ​ខ្ទប់ទី​ក្រុង​​ឆ្នាំ​ ២០២១ និង​ដំណាក់កាល​ទី​២​​ ថត​ នា​​ពេល​​ជំងឺ​​កូវីដ​​មាន​ស្ថានភាព​ប្រសើរ​បន្តិច និង​ត្រូវ​​គេ​អនុញ្ញាត​ឱ្យ​ដើរ​​​ហើរ​វិញ​នោះ។ ​សាច់​រឿង​ថត​​​ចប់​​ត្រឹម​​ពេល​​មាន​​ព្រឹត្តិការណ៍​ឆ្លង​សហគមន៍​ធំ​​ ដែល​ប្រើ​ពេល​​ថត​ ១ ​ខែ​​ ហើយ​​​​យើង​ក៏​​​បាន​​​ទុក​ពេល​​ចោល​​ជិត​ ២ ឆ្នាំ»។

លោក ហ៊ុយ យ៉ាឡេង ចាងហ្វាង​ផលិត​កម្ម​កថាជ័យ នាពេល​កាត់ខ្សែ​បូ​សម្ពោធកុន​រឿង«គ្រោះជីវិត​កូវីដ ១៩»។ រូបថត សហការី​

រឿង ​«គ្រោះ​ជីវិត​កូវីដ ១៩» ក៏​មាន​ចំណុច​​ពិសេស​ ​និង​មាន​ឧបសគ្គ​ផង​ដែរ មុន​នឹង​​យក​មក​ត្រៀម​ចាក់​បញ្ចាំង​តាម​​​រោងកុន​​។ លោក ហ៊ុយ យ៉ាឡេង បាន​ពន្យល់​​ថា៖ «ចំណុច​ពិសេស​ថ្មី​នោះ​ គឺ​​យើង​​​មាន​​ការ​បញ្ចូល​អក្សរ​រត់​ពី​ក្រោម ២ ភាសា (Chinese & English subtitles) ហើយ​ក៏​​​បញ្ចូល​​​តួ​អង្គ​ ជា​អ្នក​​វិនិយោគ​​​ចិន​ ដែល​​កំពុង​តែ​​មក​រក​ស៊ី​​​​នៅ​ស្រុក​​ខ្មែរ​​ជាមួយ​​តួ​ប្រុស​ក្នុង​រឿង។ ឯ​ឧបសគ្គ​នៃ​ការ​​ផលិត​​កុន​នេះ​វិញ​ កត្តា​ចម្បង​នោះ ​គឺ​​ដោយសារ​វិបត្តិ​​កូវីដ​ ១៩ រយៈពេល​ ២ ឆ្នាំ​នេះ សម្រាប់​អ្នក​មាន​​មុខ​​របរ​ជា​អ្នក​​​ផលិត​កុន​ដូចជា​រូប​ខ្ញុំ ដែល​ពុំ​មាន​មុខ​រ​បរ​ផ្សេង​​ក្រៅ​​ គឺ​ត្រូវ​ខ្ចី​លុយ​​ពី​ធនាគារ​ ដើម្បី​បន្ត​ផ្គត់ផ្គង់​ជីវិត​នៃ​ការ​ថត​ខ្សែ​​​ភាពយន្ត​នេះ ​ឱ្យ​បាន​ចប់​ និង​ត្រៀម​ចាក់​បញ្ចាំង​ក្រោយ​​ពេល​ស្ថានភាព​ប្រសើរ ឬ​​​​រោងកុន​បើក​ឡើង​​វិញ។ តែ​​ប្រសិន​បើ​​កុន​ មិនមាន​អ្នក​គាំទ្រ​នោះ ​មាន​ន័យ​ថា ផលិតករ​​នឹង​​​ត្រូវ​ប្រឈម​រឿង​ធំ​គឺ​ផលិតកម្ម​យើង​ដួល​​តែ​ម្តង​​ដោយ​ភាព​ក្ស័យធន»។

លោក​ក៏​បាន​​ប្រាប់​ពី​ស្ថានភាព​នៃ​ការ​​សហការ ឬ​ជួយ​ពី​ស្ថាប័ន​រដ្ឋ​​លើ​វិស័យ​ភាពយន្ត​​​ក្រៅ​ប្រទេស​ដូចជា​ប្រទេស​ថៃ និង​សិល្បៈ​​​ K-POP នៅ​​ឯ​ប្រទេស​​​កូរ៉េ​ខាង​ត្បូង​ នោះ​ផង​ដែរ​ថា៖ ​«​យ៉ាង​​ណា​យើង​​ក៏​អរគុណ​ដែរ ដោយ​​រាជរដ្ឋាភិបាល​យើង​បាន​បើក​ទូលាយ​​ឱ្យ​​វិស័យ​​ថត​កុន​​ ១០០ ភាគរយ​ ​ដើម្បី​​ឱ្យ​​​វិស័យ​នេះ​ដើរ​ទៅ​មុខ​ ខណៈ​វិស័យ​ផលិតភាព​យន្ត​ខ្មែរ​ក្នុង​ដំណាក់កាល​នេះ​ ត្រូវ​ការ​ជំនួយ​ពី​​ខាង​​រាជរដ្ឋាភិបាល​​។ ​ដូច​ជា​ខ្ញុំ​បាន​និយា​យ​អ៊ីចឹង​ថា សម្រាប់​វិស័យ​ភាពយន្ត​​នៅ​ប្រទេស​​ថៃ​ គេ​មាន​ក្រសួង ៥ ដើម្បី​ជួយ​​ស្ទួយ​វិស័យ​ភាពយន្ត​គេ​​​គឺ​​​ក្រសួង​​ព័ត៌មាន ក្រសួងអប់រំ ក្រសួង​វប្បធម៌ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង​សេដ្ឋកិច្ច​។ បើ​នៅ​ប្រទេស​កូរ៉េ​ ​រដ្ឋាភិបាល​​ជួយ​វិស័យ​ភាពយន្ត គេ​ជួយ​​ផលិតករ ដោយ​គេ​ជួយ​ឱ្យ​លុយ​​កម្ចី​ដែល​មាន​ការ​ប្រាក់​ទាប ឬ​​​​ពេល​កុន​ផលិត​​ហើយ​​​​​ខាត​​​នោះ គេ​ជួយ​​ចេញ​ថ្លៃ​ខាត​ទៀត​ផង ដើម្បី​ធ្វើ​យ៉ាង​ណា​​​ឱ្យ​វិស័យ​ភាពយន្ត ឬ​វិស័យ​សិ​ល្បៈ​​​ K-POP របស់​គេ​មាន​ភាព​រីក​ចម្រើន​​»៕​